រដ្ឋធានីម៉ានីល៖ ទាហានថៃបានបង្កើតជម្លោះព្រំដែនជាបន្ដបន្ទាប់ ជាមួយកម្ពុជា រហូតឈានដល់ការផ្ទុះសង្គ្រាមដ៏សាហាវចំនួន២លើក ដោយលើកទី១-នៅថ្ងៃទី២៤ដល់២៨ ខែកក្កដា និងលើកទី២-នៅថ្ងៃទី៧ដល់២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំ រវាងប្រទេសទាំង២ ថ្វីបើម៉ាឡេស៊ី ជាប្រធានអាស៊ានប្ដូរវេន និងសហរដ្ឋអាមេរិក ខិតខំសម្របសម្រួលយ៉ាងណា ក៏នៅតែមិនអាចបន្ធូរបន្ថយភាពតានតឹងបាន ប៉ុន្ដែឥឡូវនៅក្នុងអាណត្ដិហ្វីលីពីន ជាប្រធានអាស៊ានវិញម្ដង បានសម្របសម្រួលដោះស្រាយជម្លោះនេះ នៅក្នុងការចរចាត្រីភាគី ដោយភាគីកម្ពុជា-ថៃ ចាប់ផ្ដើមកសាងទំនុកចិត្តគ្នាឡើងវិញ។

ទីភ្នាក់ងារសារព័ត៌មាន Philippine News បានផ្សាយ កាលពីយប់ ថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ ថា ស្របពេលមេដឹកនាំក្នុងតំបន់ កំពុងតែសម្លឹងមើលយ៉ាងយកចិត្តទុកដាក់នោះ ប្រធានាធិបតីហ្វីលីពីន លោក ហ្វ័រឌីណង់ដ៍ អ. ម៉ាកូស (Ferdinand R. Marcos Jr.) បានឈរនៅកណ្ដាល រវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរ៉ាក់គុល (Anutin Charnvirakul) ខណៈមេដឹកនាំទាំងពីរ ចាប់ដៃគ្នា បន្ទាប់ពីកិច្ចប្រជុំត្រីភាគី នៅក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង ជុំវិញជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ រវាងប្រទេសទាំង២។
កិច្ចប្រជុំដែលបានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា នៅខាងក្រៅកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៨ នៅទីនេះ បានកត់សម្គាល់នូវអន្តរាគមន៍ការទូត ដែលអាចមើលឃើញបំផុតមួយ ដែលមិនទាន់ស្ថិតក្រោមប្រធានអាស៊ានរបស់ប្រទេសហ្វីលីពីន។.jpg)
លោកប្រធានាធិបតី ម៉ាកូស បានបញ្ជាក់នៅក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាមួយ បន្ទាប់ពីកិច្ចពិភាក្សា ថា៖«កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ដោយប្រទេសហ្វីលីពីន សម្រាប់ជាមធ្យោបាយមួយ នៅក្នុងការផ្តល់នូវការិយាល័យដ៏ល្អរបស់ខ្លួន នៅក្នុងសមត្ថភាពរបស់យើងក្នុងនាមជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២៦។ ការពិភាក្សាគ្នានេះ បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់អាស៊ាន នៅក្នុងការសន្ទនាគ្នា ការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយជម្លោះដោយសន្តិវិធី ចំពេលមានភាពតានតឹងនៅក្នុងតំបន់។
ជម្លោះ រវាងកម្ពុជា និងថៃ កាន់តែតានតឹងឡើង នៅពាក់កណ្តាល ឆ្នាំ២០២៥ ជុំវិញតំបន់ព្រំដែន ដែលមានជម្លោះដ៏រ៉ាំរ៉ៃ ជុំវិញប្រាសាទបុរាណខ្មែរ រហូតឈានដល់ការប៉ះទង្គិចគ្នា ដោយអាវុធធុនធ្ងន់ និងការវាយប្រហារតាមអាកាស។ មនុស្សជិត១៥០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ ខណៈមនុស្សរាប់សែននាក់ ត្រូវបានផ្លាស់ទីលំនៅ នៅក្នុងអំឡុងប្រយុទ្ធគ្នាទ្រង់ទ្រាយធំទាំង២លើកនោះ។
.jpg)
ទោះបីជាបទឈប់បាញ់ បានបំបែកភាពទល់ច្រក នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងគូឡាឡាំពួរ កាលពីឆ្នាំ២០២៥យ៉ាងណាក៏ដោយ តែភាពតានតឹង បានកើតមានឡើងវិញ អស់រយៈពេលជាច្រើនសប្តាហ៍ នៅមុនពេលបទឈប់បាញ់ដ៏ផុយស្រួយមួយទៀត កើតឡើង។
លោកប្រធានាធិបតី ម៉ាកូស បានសង្កត់ធ្ងន់ ថា មេដឹកនាំទាំងពីរបានអះអាងសាជាថ្មី អំពីសារៈសំខាន់ នៃការរក្សាទំនាក់ទំនងបើកចំហ អនុវត្តការអត់ធ្មត់ និងចៀសវាងសកម្មភាព ដែលអាចបង្កើនភាពតានតឹង។ ខ្ញុំជឿថា វាអាចទៅរួច ដោយសារតែមានជំនឿយ៉ាងមុតមាំ ដោយមេដឹកនាំទាំងពីរ ថា វាដល់ពេលសម្រាប់សន្តិភាព ហើយមិនមែនជាពេលវេលាសម្រាប់សង្គ្រាមទៀតនោះទេ។
.jpg)
ស្របគ្នានេះដែរ សារព័ត៌មានជាភាសាអង់គ្លេសរបស់ថៃ Khaosod បានផ្សាយ ថា នាយករដ្ឋមន្ត្រីថៃ លោក អានុទីនឆានវីរ៉ាក់គូល (Anutin Charnvirakul) និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានព្រមព្រៀងគ្នា ដើម្បីបន្តសន្តិភាព និងកសាងទំនុកចិត្តគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាត្រីភាគី ក្រោមការរៀបចំឡើង ដោយប្រធានាធិបតីហ្វីលីពីន លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand Marcos) នៅទីក្រុងសេប៊ូ (Cebu) កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា។
ថ្លែងបន្ទាប់ពីកិច្ចពិភាក្សានោះ នាយករដ្ឋមន្រ្ដីថៃ លោក អានុទីន បានថ្លែងអំណរគុណដល់លោកប្រធានាធិបតី ម៉ាកូស ដែលបានសម្របសម្រួលនូវអ្វីដែលលោកបានពិពណ៌នា ថា វាជាកិច្ចប្រជុំដ៏សំខាន់បំផុតមួយ។ លោក អានុទីន បានសង្កត់ធ្ងន់ ថា ការពិភាក្សាជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា មានលក្ខណៈស្ថាបនា សម្លឹងឆ្ពោះទៅមុខ និងដោយស្មោះត្រង់ ខណៈបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរ នៅក្នុងការសន្ទនា និងសន្តិភាព។.jpg)
លោកនាយករដ្ឋមន្រ្ដី អានុទីន បានបន្ថែម ថា ប្រទេសកម្ពុជា និងថៃ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធលើវិស័យជាច្រើន ហើយបានសង្កត់ធ្ងន់ ថា ជម្លោះនាំមកនូវការបាត់បង់ និងការឈឺចាប់ដល់គ្រប់ភាគីទាំងអស់។ វាជាពេលវេលា សម្រាប់ប្រទេសទាំងពីរ នៅក្នុងការទន្ទឹងរង់ចាំ និងបើកទំព័រថ្មី នៅក្នុងទំនាក់ទំនងនេះ ជាមួយនឹងការបន្ថែម ថា ការកសាងទំនាក់ទំនងឡើងវិញ នឹងទាមទារភាពស្មោះស្ម័គ្រ ភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីជម្នះឧបសគ្គជាមួយគ្នា។ មេដឹកនាំទាំងពីរបានឯកភាពដឹកនាំរដ្ឋមន្ត្រីការបរទេស ឱ្យរក្សាការសន្ទនា និងរិះរកវិធានការសំដៅទប់ស្កាត់ជម្លោះជាថ្មី និងរក្សាស្ថិរភាពក្នុងតំបន់។
ស្របគ្នានេះ លោកប្រធានាធិបតី ម៉ាកូស បានបន្ថែមទៀត ថា ហ្វីលីពីន នៅតែប្តេជ្ញាចិត្តនៅក្នុងការសម្របសម្រួលកិច្ចសន្ទនា រវាងកម្ពុជា-ថៃ ខណៈអាស៊ានធ្វើការ ដើម្បីរក្សាសន្តិភាព និងឯកភាពក្នុងតំបន់៕










