ប្រកាសជាថ្មីម្ដងទៀតនៅចំពោះមុខប្រធាន និងសមាជិកអាស៊ានទាំងអស់! សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បន្តធ្វើសេចក្ដីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់នូវគោលជំហររបស់ប្រទេសកម្ពុជា ថានឹងមិនទទួលស្គាល់ជាដាច់ខាតនូវរាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដែលធ្វើឡើងតាមរយៈ ការប្រើប្រាស់កម្លាំង ឬសកម្មភាពឯកតោភាគីណាមួយឡើយ។
.jpg)
ថ្លែងនៅក្នុង សន្និសីទសារព័ត៌មានរួមគ្នា នាថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦ បន្ទាប់ពីកិច្ចប្រជុំត្រីភាគីរវាងមេដឹកនាំកម្ពុជា ហ្វីលីពីន និងថៃ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការពេញលេញ និង បានអំពាវនាវឱ្យមានការពង្រឹងតួនាទីរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានានូវការអនុវត្តបទឈប់បាញ់ និងវិធានការដែលបានព្រមព្រៀងទាំងអស់រវាងកម្ពុជា និងថៃ។
.jpg)
នាឱកាសនោះផងដែរ សម្ដេចបានបញ្ជាក់យ៉ាងច្បាស់នូវគោលជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ថាកម្ពុជាដាច់ខាតមិនទទួលស្គាល់នូវ «ខ្សែបន្ទាត់ព្រំដែន» ណាដែលកើតចេញពីការប្រើប្រាស់កម្លាំងយោធា ឬការរំលោភបំពានដោយឯកតោភាគីនោះឡើយ។ ជាមួយគ្នានេះដែរ សម្តេចបានជំរុញឱ្យមានការអនុវត្តឱ្យបានពេញលេញនូវ សេចក្តីថ្លែងការណ៍រួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ជាពិសេសការបន្តការងារស្ទង់មតិ និងបោះបង្គោលព្រំដែនតាមរយៈយន្តការ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។
ដោយឡែកពាក់ព័ន្ធនឹងបញ្ហាដែនសមុទ្រ សម្តេចបានប្រកាសពីការសម្រេចចិត្តរបស់កម្ពុជាក្នុងការផ្តួចផ្តើមការផ្សះផ្សាជាកាតព្វកិច្ចក្រោមអនុសញ្ញា UNCLOS បន្ទាប់ពីប្រទេសថៃបានដកខ្លួនចេញពី MOU-2001 ហើយកម្ពុជា ជឿថានេះជាផ្លូវសន្តិភាពឆ្ពោះទៅរកដំណោះស្រាយដោយយុត្តិធម៌សម្រាប់ភាគីទាំងពីរ។
សូមជម្រាបថា ការប្រកាសយ៉ាងម៉ឺងម៉ាត់របស់សម្តេចធិបតី នៅចំពោះមុខមេដឹកនាំតំបន់ខាងលើនេះ គឺជាការបង្ហាញពី ឯករាជ្យភាពនៃគោលនយោបាយការបរទេសរបស់កម្ពុជា ដែលមិនស្ថិតក្រោមសម្ពាធនៃឥទ្ធិពលយោធារបស់ប្រទេសណាមួយឡើយ។ ជំហរនេះត្រូវបានចាត់ទុកថាជាការឆ្លើយតបទៅនឹងស្ថានភាពតានតឹងក្នុងតំបន់ និងជាការបញ្ជាក់ទៅកាន់អន្តរជាតិថា កម្ពុជាប្រកាន់ខ្ជាប់នូវនីតិរដ្ឋ និងយុត្តិធម៌។
.jpg)
ទោះបីកម្ពុជាប្រកាន់យកសន្តិវិធី ប៉ុន្តែសារនេះគឺជាការព្រមានទុកជាមុនដល់ប្រទេសជិតខាង ឬភាគីពាក់ព័ន្ធថា រាល់ការប៉ុនប៉ងរំលោភបំពាន ឬកំណត់ខ្សែបន្ទាត់ព្រំដែនដោយឯកតោភាគី នឹងមិនត្រូវ បានកម្ពុជាទទួលស្គាល់ជាដាច់ខាត៕










