ក្រៅពីត្រូវចិនរឹតបន្តឹង បច្ចុប្បន្នផ្លែទុរេនថៃដែលនាំចូលទៅប្រទេសកូរ៉េខាងត្បូងកំពុងប្រឈមនឹងបញ្ហាមួយបន្ថែមទៀត ក្រោយសមាគមន៍ខ្មែរដែលរស់នៅទីនោះបានប្រកាសធ្វើពហិការរមិនព្រមទិញទុរេនថៃដាច់ខាតនៅរដូវកាលទុរេននេះ ដែលធ្វើឱ្យអ្នកលក់រាយនៅកូរ៉េបង្ខំចិត្តផ្អាកការនាំចូល ឬនាំចូលតិចតួច ដើម្បីបង្កាការខាតបង់ព្រោះគ្មានអ្នកទិញ។
យោងតាមព័ត៌មានដែលបានផ្សព្វផ្សាយនៅលើបណ្ដាញទំនាក់ទំនងសង្គមកាលពីថ្មីៗនេះ បានបង្ហាញថា យុទ្ធនាការនេះបានចាប់ផ្តើម និងរីករាលដាលខ្លាំងនៅលើ Facebook និង TikTok ដែលមានការបង្ហោះវីដេអូ និងសារពីពលករខ្មែរនៅកូរ៉េ បង្ហាញពីការសម្រេចចិត្តមិនទិញទំនិញ ជាពិសេសទុរេនថៃ ដើម្បីសម្តែងមតិគាំទ្រជាតិ។
បើប្រៀបធៀបទៅនឹងជនជាតិកូរ៉េដែលជាម្ចាស់ស្រុក ជនជាតិខ្មែរគឺជាអ្នកគាំទ្រដ៏សំខាន់បំផុតដែលជួយជំរុញឱ្យការលក់ទុរេន (ជាពិសេសទុរេននាំចូលពីថៃ) មានវឌ្ឍនភាពខ្លាំងក្នុងទីផ្សារកូរ៉េកាលពីពេលកន្លងទៅ។ ដូច្នេះចលនាពហិការនៅពេលនេះ មិនត្រឹមតែធ្វើឱ្យការលក់ធ្លាក់ចុះប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ខំឱ្យអ្នកលក់រាយនៅកូរ៉េមួយចំនួន ផ្អាកការនាំចូលទាំងស្រុងតែម្តង ព្រោះតែគ្មានអ្នកទិញ។ នេះបញ្ជាក់យ៉ាងច្បាស់ថា ចរន្តនៃការទិញទុរេននៅកូរ៉េ គឺពឹងផ្អែកយ៉ាងខ្លាំងលើសហគមន៍ខ្មែរ។.jpg)
គួរបញ្ជាក់ថា ពីមុន ប្រជាជនកម្ពុជារាប់ម៉ឺននាក់ដែលធ្វើការ និងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានគាំទ្រផ្លែទុរេនថៃ ដែលធ្វើឲ្យការលក់របស់ពួកគេបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងទីផ្សារកូរ៉េខាងត្បូង។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើពហិការបច្ចុប្បន្នបានប៉ះពាល់យ៉ាងខ្លាំងដល់ការលក់ ដែលបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងគំហុក។
ជាមួយគ្នានោះ ចាប់តាំងពីឆ្នាំ ២០១៥ ផ្លែទុរេនថៃដែលនាំចេញទៅប្រទេសចិនត្រូវបានគេរកឃើញថាមានផ្ទុកសារធាតុបង្កមហារីកដូចជា “អាល់កាឡាំងលឿង” ដែលនាំឱ្យមានការបដិសេធកុងតឺន័រចំនួន ១០០ ដោយប្រទេសចិន។ ឥឡូវនេះ ទីផ្សារកម្ពុជាក៏កំពុងធ្វើពហិការផលិតផលថៃផ្សេងៗផងដែរ ដែលបណ្តាលឱ្យមានការធ្លាក់ចុះនៃការលក់សម្រាប់ផ្លែទុរេនថៃ និងផលិតផលពាក់ព័ន្ធផ្សេងទៀត។
បច្ចុប្បន្ននេះ ដោយសារតែតម្រូវការទីផ្សារមិនល្អ តម្លៃផ្លែទុរេនថៃបានធ្លាក់ចុះយ៉ាងខ្លាំង។ នៅប្រទេសថៃ ផ្លែទុរេនមួយលក់បានត្រឹមតែប្រហែល ១០០ បាតប៉ុណ្ណោះ ប៉ុន្តែនៅតែគ្មានអ្នកទិញ។ ស្ថានភាពនេះបានបង្កឱ្យមានការមិនពេញចិត្តក្នុងចំណោមពលរដ្ឋថៃជាច្រើន ដែលបានសម្តែងការមិនពេញចិត្ត និងការអាក់អន់ចិត្តចំពោះគោលនយោបាយគ្រប់គ្រងពាក់ព័ន្ធរបស់ថ្នាក់ដឹកនាំថៃ៕










