នៅរយៈចុងក្រោយនេះប្រិយមិត្តមួយចំនួនអាចដឹងមកហើយថាពិធីការិនី ណា សាឌី បានហោះទៅប្រទេសកូរ៉េ ដើម្បីកែកុនសម្រស់ហើយបានទាក់ភ្នែកមនុស្សជាច្រើនខណៈការកែកុននេះត្រូវចំណាយអស់រាប់ម៉ឺនដុល្លារ។ មិនឱ្យបាក់សម្រស់ទៅតាមធម្មជាតិឬមានចំណុចណាដែលមិនពេញចិត្តនឹងខ្លួនឯង ណា សាឌី បានបង្ហើបថានាងនឹងកែកុន ខណៈកូនកាត់ថៃរូបនេះថានាងអាចជាមនុស្សគំរូសម្រាប់ការមិនបោះបង់ខ្លួនឯងចោល។

ឈានចូលថ្ងៃទី៧ ខែឧសភា ពិធីការិនីប្រចាំទូរទស្សន៍បាយ័ន ណា សាឌី បានបង្ហោះរូបភាពមួយសន្លឹកដោយប្រៀបធៀបរូបនាងកាលពីឆ្នាំ២០២២និងឆ្នាំ២០២៦ ដែលមានភាពខុសប្លែកកាន់តែស្រស់ស្អាតជាងមុន។ ណា សាឌី ថានេះជាលទ្ធផលស្រលាញ់ខ្លួនឯង ពេលដឹងថាខ្លួនឯងធ្លាក់ប្រឹងទាញខ្លួនឯងមកវិញ អត់បណ្តោយខ្លួនតាមពេលវេលា មិនដែលដើរជាន់ដានចាស់ ឬដើរថយក្រោយ ជីវិតនាងត្រូវតែទៅមុខជានិច្ច។

ពិធីការិនីរូបនេះបញ្ជាក់ទៀតថា នាងគឺជាគំរូប្រាប់អ្នកទាំងអស់គ្នាបានថា គ្មានពាក្យថាយើងធ្វើមិនបាននោះទេ ការតស៊ូតែងតែជោគជ័យជានិច្ច ដើរយឺត ដើរលឿនមិនសំខាន់ សំខាន់នាងទៅដល់គោលដៅដែលចង់បាន។ ស្របពេលមានរូបសម្រស់ស្រស់ស្អាតនិងរាងស្លីមជាងមុនគេសង្កេតឃើញថា ណា សាឌី កាន់តែមានទំនុកចិត្តលើខ្លួនឯងជាងមុន។
កន្លងមកថ្មីៗនេះពិធីការិនី ណា សាឌី មិនបានលាក់បាំងពីមហាជនឡើយគឺនាងបានឡើងទៅប្រទេសកូរ៉េដើម្បីកែកុនសម្រស់ខ្លះៗនូវចំណុចណាដែលនាងមិនពេញចិត្ត។ ការកែសម្ផស្សដែលទស្សនិកជនមានការចាប់អារម្មណ៍ជាងគេគឺខ្ទង់ច្រមុះរបស់ ណា សាឌី ដែលចំណាយអស់ ១៥ ០០០ដុល្លារ។ បន្ទាប់ពីបង្ហាញទម្រង់មុខថ្មី មានមនុស្សជាច្រើនបានសរសើរថានាងស្រស់ស្អាតរហូតបាននិយាយថាមានភាពស្រដៀងគ្នាជាមួយនឹង Jennie សមាជិក BLACKPINK ទៀតផង។
គួរឱ្យដឹងថា ដ្បិតតែសាងឈ្មោះនៅក្នុងអាជីពសិល្បៈមានមុខមាត់គួរសមនៅក្នុងសង្គមមកទល់ពេលនេះ ណា សាឌី មិនទាន់បានបង្ហើបពីម្ចាស់បេះដូងនៅឡើយទេ៕










