Home ព័ត៌មានជាតិ អនុទីនថាបើកម្ពុជាចង់ចរចាជាមួយថៃ ដាច់ខាតត្រូវប្រកាន់យកអនុសញ្ញា UNCLOS តែមួយគត់!

អនុទីនថាបើកម្ពុជាចង់ចរចាជាមួយថៃ ដាច់ខាតត្រូវប្រកាន់យកអនុសញ្ញា UNCLOS តែមួយគត់!

65
0

ទើបងើបពីដេកឬមួយយ៉ាងម៉េច? នៅសុខៗនាយករដ្ឋមន្រ្តីមុខភ័យសម្ដីឡូយរបស់ថៃ អនុទីន ឆាន់វីរ៉ាគុល បានចេញមកប្រកាសក្ដែងៗថា ប្រទេសថៃនឹងកំណត់យកអនុសញ្ញា UNCLOS ជាក្របខណ្ឌច្បាប់ថ្មីតែមួយគត់ក្នុងការពិភាក្សាបញ្ហាដែនសមុទ្រជាមួយកម្ពុជា ខណៈដែលកម្ពុជាបានស្នើឡើងនូវលក្ខខណ្ឌនេះតាំងពីថៃមានគម្រោងរំលាយ MOU 2001 ពីដំបូងមកម្ល៉េះ។ តើអនុទីនទើបនឹកឃើញអ្វីបានជាសុខៗចេញមកប្រកាសបែបនេះ?

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ ២០២៦ លោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ បានបង្ហាញសុទិដ្ឋិនិយមចំពោះការប្រើប្រាស់យន្តការសម្របសម្រួល UNCLOS របស់កម្ពុជាយ៉ាងដូច្នេះថា «កម្ពុជា កំពុងតែបង្ហាញផ្លូវវិជ្ជមានរបស់ខ្លួន ដើម្បីសម្របសម្រួលក្នុងការប្រើប្រាស់យន្តការ ឋិតក្រោមអនុសញ្ញា (UNCLOS) លើវិធានផ្លូវច្បាប់តែមួយរួមគ្នាជាមួយនឹងថៃហើយ»។

មិនតែប៉ុណ្ណោះលោក អនុទីន បានសង្កត់ធ្ងន់ថា៖ «ពេលនេះលែងមានវត្តមាន (MoU) ឆ្នាំ២០០១ នៅប្រទេសថៃបន្តទៀតហើយ ដូច្នេះចាប់ពីពេលនេះទៅ បើកម្ពុជាចង់ពិភាក្សាបន្តជាមួយថៃ គឺត្រូវតែកំណត់យកក្របខ័ណ្ឌ និងវិធានការថ្មី គឺមានតែអនុសញ្ញា (UNCLOS) មួយគត់»។

គួរបញ្ជាក់ថា ការលើកឡើងរបស់នាយករដ្ឋមន្រ្តីថៃដូចខាងលើនេះធ្វើឡើង ក្រោយពេលដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងប្រមុខការទូតកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានប្រកាសថា កម្ពុជានឹងចាប់ផ្ដើមអនុវត្តយន្តការ “ផ្សះផ្សារដោយចាប់បង្ខំ” ឬ (Compulsory Conciliation) ក្រោមអនុសញ្ញា UNCLOS ជាក្របខណ្ឌច្បាប់ថ្មីដើម្បីឆ្លើយតបទៅនឹងការដកខ្លួនរបស់ភាគីថៃពី MOU 2001។

រដ្ឋាភិបាលកម្ពុជាបានសង្កត់ធ្ងន់ថា បើទោះបីជាគ្មាន MOU នេះ ក៏សិទ្ធិស្របច្បាប់លើអធិបតេយ្យភាព របស់កម្ពុជានៅលើដែនសមុទ្ររបស់កម្ពុជាមិនបានបាត់បង់ទៅណានោះដែរ។ ផ្ទុយទៅវិញ ការចាប់យក UNCLOS ជាយន្តការថ្មី នឹងផ្លាស់ប្តូរវិធីសាស្រ្តចរចារបស់ប្រទេសទាំងពីរពី “ទ្វេភាគី” មកជាការប្រើប្រាស់ច្បាប់ “អន្តរជាតិ” ដែលរឹតតែផ្ដល់នូវទំនុកចិត្តដល់កម្ពុជាមួយកម្រិតទៀត ជុំវិញការដោះស្រាយវិវាទដែនសមុទ្រជាមួយថៃ ព្រោះអនុសញ្ញានេះលក្ខណៈយុត្តិធម៌ និងមានតម្លាភាព ដោយមានការចូលរួមពីគណៈកម្មការឯករាជ្យជាភាគីទីបី។

សូមជម្រាបថា UNCLOS គឺជា “អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ” ដែលជាកិច្ចព្រមព្រៀងអន្តរជាតិដ៏ធំមួយ កំណត់នូវច្បាប់ទម្លាប់សម្រាប់រាល់សកម្មភាពទាំងឡាយនៅលើផ្ទៃសមុទ្រ និងមហាសមុទ្រជុំវិញពិភពលោក។ រង់ចាំមើលទាំងអស់គ្នាថាតើប្រទេសថៃនឹងប្រើក្បាច់អ្វីបន្តទៀត ក្រោយគេចខំគេចចេញពីអនុស្សរណៈនៃការយោគយល់ទ្វេភាគី ហើយមកផុងក្នុងរណ្ដៅច្បាប់អន្តរជាតិដូចនេះ?