តារាសម្តែង ខន សូរិយា អតីត Miss Would Cambodia 2026 បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍បន្ទាប់ពីរូបនាងបានបង្ហាញគូស្នេហ៍ជាសាធារណៈ។ គូស្នេហ៍របស់ សូរិយា ត្រូវបានមនុស្សជាច្រើនសរសើរថាមានរូបរាងស្រស់សង្ហា ខណៈអ្នកគាំទ្រចង់ឱ្យនាងសាងស្នេហា Privat វិញដោយសារតែអ្នកទាំងពីរផ្អែមល្ហែមខ្លាំងពេក។

កញ្ញា ខន សូរិយា ត្រូវបានទស្សនិកជនស្គាល់តាមរយៈការបង្ហាញខ្លួនក្នុងនាមជាតារាសម្តែង ការថតផ្សាយពាណិជ្ជកម្ម រួមទាំងការថតកម្មវិធីនានាជាច្រើន ជាពិសេសចុងក្រោយនេះត្រូវបានទស្សនិកជនស្គាល់ដោយសារភាពចម្រួងចម្រាសក្នុងនាមជា Miss Would Cambodia 2026។ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈដោយសារតែដើរចេញពីតំណែងមិនបានបង្ហាញខ្លួនតំណាងប្រទេស ខន សូរិយា ធ្វើឱ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ម្តងទៀតទាក់ទងនឹងជីវិតឯកជន។
នាពេលថ្មីៗនេះ ខន សូរិយា បានបង្ហាញមុខមាត់គូស្នេហ៍ជាសាធារណៈដោយបង្ហោះរូបភាពនិងវីដេអូនៅលើបណ្តាញសង្គមទិកតុកដោយបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេនិងបង្ហាញការស្រលាញ់ចំពោះគ្នា។ ទង្វើផ្អែមល្ហែមរបស់ សូរិយា និងគូស្នេហ៍ជាបុរសសង្ហាម្នាក់នេះបានធ្វើឱ្យអ្នកគាំទ្របញ្ចេញមតិឱ្យនាងលាក់បាំងគូស្នេហ៍វិញចុះដោយសារតែពួកគេស្វីតខ្លាំងពេក។ អ្នកគាំទ្រផ្សេងទៀតក៏បានបង្ហាញការសាទរចំពោះ សូរិយា ក្នុងការបង្ហាញគូស្នេហ៍របស់ខ្លួនផងដែរ។
នាពេលកន្លងមក ទស្សនិកជនពុំបានដឹងពីជីវិតឯកជនរបស់នាងឡើយដោយសារតែ សូរិយា ភាគច្រើនបង្ហោះរូបភាពក្នុងរង្វង់ការងារក៏ដូចជាបង្ហោះវីដេអូទាក់ទងនឹងការលេងឧបករណ៍ភេ្លងរបស់នាងប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា សូរិយា គឺជាអ្នកសិល្បៈមួយរូបដែលហ៊ានទម្លាយពីការពិតមួយចំនួននៃស្រមោលខ្មៅនៅក្នុងរង្វង់សិល្បៈ ជាពិសេសទាក់ទងនឹងរឿងអ្នកដឹកនាំម្នាក់ដែលប្រដូចទៅនឹងរឿង P Daddy ៕










