នាដើមខែឧសភា ឆ្នាំ២០២៦ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅប្រទេសថៃ ដោយសាររោងចក្រផលិតត្រីខកំប៉ុង១កន្លែងនៅខេត្តសមុទ្រសាខន ប្រើប្រាស់ត្រីផ្សេង ខុសពីរូបត្រីដែលបិទលើស្លាកសំបកកំប៉ុង គឺប្រើប្រាស់ត្រីទីឡាបយ៉ា ដែលជាត្រីទឹកសាបមានតម្លៃថោក ជំនួសឱ្យត្រីស្បៃកា ជាត្រីសមុទ្រមានតម្លៃខ្ពស់ ។ ការភ្ញាក់ផ្អើលនេះកើតឡើងបន្ទាប់ពីពលរដ្ឋថៃម្នាក់បង្ហោះវីដេអូក្នុងបណ្តាញសង្គម បង្ហាញសាច់ត្រីមានសភាពប្លែកៗ មិនមែនជាត្រីស្បៃកា ។ បន្ទាប់មក រដ្ឋបាលចំណីអាហារ និងឱសថ (FDA) ក៏ចុះពិនិត្យទីតាំងផលិតឃើញថា គ្មានអនាម័យ និងប្រមូលត្រីខកំប៉ុងជាង១ម៉ឺនកំប៉ុងពីទីផ្សារវិញ ព្រោះជាការបោ.កប្រាស់អតិថិជន ។

រដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចិត្តចាត់វិធានការក្តៅប្រមូលត្រីខកំប៉ុង ស្មើជាង១ម៉ឺន ៣ពាន់កំប៉ុងពីទីផ្សារមកវិញ បន្ទាប់ពីមន្ត្រីជំនាញចុះត្រួតពិនិត្យរោងចក្រផលិតត្រីខកំប៉ុងមួយកន្លែងនៅខេត្តសមុទ្រសាខន និងរកឃើញថា រោងចក្រនេះផលិតត្រីខកំប៉ុងខ្វះអនាម័យ មិនត្រឹមត្រូវតាមស្តង់ដារ ព្រមទាំងប្រើប្រាស់ត្រីខុសប្រភេទ ខុសពីរូបត្រីបិទលើស្លាកកំប៉ុង ។

ការឈានដល់ចុះត្រួតពិនិត្យ និងប្រមូលត្រីខកំប៉ុងពីទីផ្សារមកវិញនេះ បន្ទាប់ពីពលរដ្ឋថៃម្នាក់បានបង្ហោះវីដេអូត្រីខកំប៉ុងដែលខ្លួនទិញមកក្នុងបណ្តាញសង្គម ដោយនៅលើសំបកកំប៉ុងបញ្ជាក់ថា គឺជាត្រីស្បៃកា (Mackerel) ប៉ុន្តែត្រីក្នុងកំប៉ុង បែរជាត្រីទីឡាបយ៉ា ទៅវិញ ។ វាធ្វើឱ្យផ្ទុះការរិះគន់យ៉ាងខ្លាំងៗក្នុងបណ្តាញសង្គម ហេតុអ្វីរោងចក្រយកត្រីផ្សេងមានតម្លៃថោកជាង មកផលិតជាត្រីខ រោងចក្របានផ្លាស់ប្តូរប្រភេទត្រីដោយគ្មានការអនុញ្ញាត ។.jpg)
អគ្គលេខាធិការនៃរដ្ឋបាលចំណីអាហារ និងឱសថ (FDA) អ្នកស្រី ស៊ុផាត្រា ប៊ុនសឺម បាននាំមន្ត្រីចុះទៅពិនិត្យមើលរោងចក្រផលិតត្រីខកំប៉ុងនៅខេត្តសមុទ្រសាខន និងរកឃើញថា រោងចក្របានយកត្រីខុសប្រភេទមកផលិត ដូចការបង្ហោះក្នុងបណ្តាញសង្គមពិតមែន ហើយរោងចក្រនេះថែមទាំងមិនបានអនុវត្តតាមស្តង់ដារសុវត្ថិភាពចំណីអាហារ (GMP) ។ បន្ទាប់មក មន្ត្រីក៏បានឱ្យរោងចក្រប្រមូលត្រីខទាំងអស់ពីទីផ្សារមកវិញ និងរឹបអូសត្រីខក្នុងរោងចក្រ ចំនួន១២,៧៦០កំប៉ុង ដែលការរឹបអូសសរុបស្មើជាង១ម៉ឺន ៣ពាន់កំប៉ុង ។
បើតាមអ្នកស្រី ស៊ុផាត្រា គឺការចុះត្រួតពិនិត្យ និងរឹបអូសត្រីខកំប៉ុង ដោយសារមានអតិថិជនបង្ហោះត្រីខកំប៉ុងក្នុងបណ្តាញសង្គម និងថា ត្រីខដែលខ្លួនឃើញ គឺមិនដូចរូបត្រីបិទលើសំបកកំប៉ុង ។ ទោះជារោងចក្រផ្តល់ប្រាក់ទៅឱ្យអតិថិជនដើម្បីឱ្យលុបវីដេអូចេញវិញ ប៉ុន្តែមន្ត្រីរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ត្រូវតែចុះពិនិត្យមើលឱ្យដឹងច្បាស់ដើម្បីទទួលខុសត្រូវ និងរក្សាគុណភាពត្រីខឱ្យស្របតាមស្តង់ដារសុវត្ថិភាព ហើយយើងក៏សុំការសហការពីមន្ត្រីសុខាភិបាលខេត្ត ចុះត្រួតពិនិត្យទីតាំងផលិតភ្លាមៗ ។.jpg)
រោងចក្រទទួលបានការអនុញ្ញាតឱ្យយកត្រីស្បៃកា មកផលិតជាត្រីខកំប៉ុង ដោយមានរូបត្រីស្បៃកាលើសំបកកំប៉ុង បែរជាយកត្រីទីឡាបយ៉ាដែលមានតម្លៃថោកជាងមកផលិតទៅវិញ នាំឱ្យអតិថិជនយល់ច្រឡំ ។ ទោះជាការបរិភោគត្រីទីឡាបយ៉ា មានសុវត្ថិភាពក្តី ប៉ុន្តែនេះជាការបោកប្រាស់អតិថិជន និងប្រព្រឹត្តផ្ទុយច្បាប់ចំណីអាហារ គឺម្ចាស់អាជីវកម្មប្រឈមនឹងការជាប់ពន្ធនាគារចាប់ពី៦ខែ ដល់១០ឆ្នាំ រួមទាំងត្រូវបង់ប្រាក់ពិន័យរហូតដល់១សែនបាត (ជាង៣ពាន់ដុល្លារ) ៕










