ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងចាត់ឲ្យកងកម្លាំងអាមេរិកអមដំណើរកប៉ាល់ពាណិជ្ជកម្មរបស់ប្រទេសនានា ដែលមិនបានជាប់ពាក់ព័ន្ធនៅក្នុងជម្លោះឲ្យអាចឆ្លងកាត់ច្រកសមុទ្រ Hormuz ចាប់ពីព្រឹកថ្ងៃច័ន្ទតទៅ (ម៉ោងនៅមជ្ឈិមបូព៌ា) ដោយពណ៌នាអំពីកិច្ចខិតខំប្រឹងប្រែងនេះថាជា “កាយវិការមនុស្សធម៌” ។
.jpg)
យោងតាមការចុះផ្សាយរបស់ Anadolu ដោយបានដកស្រង់សម្តីមេដឹកនាំអាមេរិកកាលពីថ្ងៃអាទិត្យ ទី៣ ឧសភា បានឲ្យដឹងថា ប្រតិបត្តិការអមកប៉ាល់ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលមានឈ្មោះថា Project Freedom នឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ និងជាកាយវិការមនុស្សធម៌មួយចំពោះក្រុមនាវិកស្ថិតនៅលើកប៉ាល់រងផលប៉ះពាល់ដោយសារការបិទខ្ទប់ និងអាចកំពុងប្រឈមនឹងការខ្វះខាតស្បៀង រួមទាំងសម្ភារៈផ្គត់ផ្គង់ ចាំបាច់ផ្សេងទៀត។
.jpg)
ជាមួយគ្នានេះ នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងប្រឹងប្រែងដើម្បីជួយកប៉ាល់ និងនាវិក របស់ពួកគេចាកចេញពីច្រកសមុទ្រ (Hormuz) ដោយសុវត្ថិភាព។ ពួកគេនិយាយថាពួកគេនឹងមិនត្រឡប់មកវិញនោះទេ រហូតទាល់តែតំបន់មានសុវត្ថិភាពសម្រាប់ការធ្វើនាវាចរ។

សូមជម្រាបថា កងបញ្ជាការកណ្តាលអាមេរិក (CENTCOM) បានប្រកាសថា ខ្លួននឹងចាប់អនុវត្តបទបញ្ជារបស់លោកត្រាំ ពីថ្ងៃចន្ទនេះទៅ ដើម្បីស្តារសេរីភាព នៃការធ្វើនាវាចរណ៍នៅច្រក Hormuz ឡើងវិញ។ តាមការបញ្ជាក់ ប្រតិបត្តិការនេះ នឹងមានការចូលរួម ពីសំណាក់នាវាចម្បាំង បំពាក់មីស៊ីលនាំផ្លូវ, យន្តហោះចម្បាំងជាង ១០០គ្រឿង (ទាំងឈរជើងលើដីគោក និងលើនាវា) និងកងកម្លាំងសរុប ១៥ ០០០ នាក់។

ឆ្លើយតបនឹងការប្រកាសខាងលើ ទីក្រុងតេហេរ៉ង់ បានបង្ហាញប្រតិកម្មយ៉ាងខ្លាំង ចំពោះគម្រោងរបស់លោក ត្រាំ ដោយប្រធានគណៈកម្មការធិការសន្តិសុខជាតិ នៃសភាអ៊ីរ៉ង់ លោក Ebrahim Azizi ព្រមានថា បើអាមេរិក ហ៊ានធ្វើបែបនេះមែន នោះគឺស្មើនឹងការរំលោភបទឈប់បា.ញ់។
បើតាមអ្នកវិភាគ ផែនការនេះអាចជួយឱ្យមានស្ថេរភាពនៃការដឹកជញ្ជូនក្នុងរយៈពេលខ្លី ប៉ុន្តែក៏អាចបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាផងដែរ ប្រសិនបើកងកម្លាំងយោធាមកពីប្រទេសផ្សេងៗគ្នាធ្វើប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងដែនទឹកដូចគ្នា ដែលធ្វើឲ្យស្ថានភាពសម្របសម្រួលបញ្ចប់សង្រ្គាមដើម្បីសន្តិភាពនៅតែមានអស្ថិរភាព៕










