ស៊ីដនី ម៉ារិទ្ធ ម្ចាស់មកុដ Miss Planet International 2025 បានគ្រងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតបញ្ចេញសម្រស់ដូចជាតុក្កតា។ សម្រស់ក្នុងឈុតស្បៃខ្មែររបស់កូនកាត់អាម៉េរិករូបនេះបានធ្វើឱ្យប្រជាជនសៀមជាច្រើនក្តៅក្រហាយចូលមកបញ្ចេញមតិយោបល់មិនសំចៃនៅលើបណ្តាញសង្គមរបស់នាង។
ចាប់តាំងពីក្លាយជាម្ចាស់មកុដមកគេសង្កេតឃើញថា ស៊ីដនី មានការមមាញឹកយ៉ាងខ្លាំងទាំងការថតរូបផ្សព្វផ្សាយ និងការចូលរួមកម្មវិធីនានា រួមទាំងកម្មវិធីសង្គមជាដើម។ ថ្មីៗនេះ ស៊ីដនី ក៏បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលនិងគាំទ្រពេញទំហឹងចំពោះការដាក់ពាក្យរបស់នាងក្នុងកម្មវិធីលំដាប់ពិភពលោក Victoria’s Secret។ កេរ្តិ៍ឈ្មោះរបស់ ស៊ីដនី កាន់តែរីកសាយភាយពីមួយថ្ងៃទៅមួយថ្ងៃដោយទាក់ទាញមនុស្សជាច្រើនចាប់អារម្មណ៍មកលើនាងរហូតចំនួនអ្នកតាមដាននៅលើបណ្តាញសង្គមរបស់ ស៊ីដនី កើនឡើងឥតឈប់ឈរ។
ទន្ទឹមនឹងនេះ យប់ថ្ងៃទី៣០ ខែមេសា ម្ចាស់មកុដ Miss Planet International 2025 បានបង្ហោះវីដេអូមួយដោយបង្ហាញខ្លួនក្នុងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ស្ទើរតែដូចជាតុក្កតាដែលបង្ហាញពីឈុតប្រពៃណីជាតិខ្លួន។ ទស្សនិកជនជាច្រើនបានបញ្ចេញមតិសរសើរសម្រស់របស់ ស៊ីដនី ប៉ុន្តែក្នុងនោះម្ចាស់មកុដរូបនេះក៏រងនូវការបញ្ចេញមតិអវិជ្ជមានជាច្រើនពីអ្នកលេងបណ្តាញសង្គមថៃ។
ជនជាតិសៀមទាំងនោះបានបញ្ចេញមតិទាំងទទឹងទិសនិងនៅតែចោទប្រកាន់ថាឈុតដែល ស៊ីដនី ស្លៀកនេះគឺជាឈុតរបស់ពួកគេនោះទេ។ មែនទែនទៅរឿងនេះស្ទើរតែក្លាយទៅជារឿងធម្មតាទៅហើយមិនថា ស៊ីដនី ឬជាបវរកញ្ញា ឬបុគ្គលល្បីឈ្មោះរូបណាស្លៀកឈុតប្រពៃណីខ្មែរនោះទេតែងតែត្រូវបានជនជាតិមួយនេះចូលមកបញ្ចេញមតិបែបក្តៅក្រហាយជាច្រើន៕










