តារាសម្តែង សិទ្ធី នីកា និង តារាសម្តែង ស៊ីន យូប៊ីន បានបង្ហាញនូវសេចក្តីអាឡោះអាល័យជាទីបំផុតនៅពេលផ្ទះទីពីររបស់ខ្លួនគឺស្ថានីយទូរទស្សន៍ភីអិនអិនត្រូវឃ្លាតឆ្ងាយពីអ្នកគាំទ្របន្ទាប់ពីដំណើរការបានជាង១០ឆ្នាំ។

តារាសម្តែង សិទ្ធី នីកា ដែលបានបង្ហាញខ្លួនជាតួឯកស្រីក្នុងរឿងភាគខ្មែរដូចជា «គ្រួសារបង្កង» «ហ្គេមជីវិត» បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា «ខ្ញុំពិតជាសោកស្ដាយនៅពេលដែលដឹងថាស្ថានីយទូរទស្សន៍ PNN ត្រូវបានបិទ ប៉ុន្តែទោះជាយ៉ាងណាក៏ខ្ញុំសូមអរគុណដល់ស្ថានីយទូរទស្សន៍ PNN និងបងបងក្រុមការងារសម្រាប់ការ បង្រៀន ផ្តល់ឱកាស ការងារ បទពិសោធន៍ និងអនុស្សាវរីយ៍ដ៏ល្អៗជាច្រើនកន្លងមក។ អរគុណបង @thyda pnn សម្រាប់ការបង្ហាត់បង្រៀន និងការណែនាំដ៏ល្អៗ ។ ទោះបីជាលែងមានស្ថានីយទូរទស្សន៍ PNN បន្តទៅទៀត ប៉ុន្តែអ្នកតែងតែនៅក្នុងចិត្ត និងការចងចាំរបស់ខ្ញុំជានិច្ច WE WILL ALWAYS REMEMBER YOU PNN»។
មិនខុសពីតារាសម្តែង សិទ្ធី នីកា ប៉ុន្មាននោះទេក្នុងនាមជាតួឯកស្រីមួយរូបប្រចាំស្ថានីយទូរទស្សន៍ភីអិនអិន តារាសម្តែង ស៊ីន យូប៊ីន ក៏បានបង្ហាញអារម្មណ៍សោកស្តាយដូចគ្នាចំពោះការបិទទ្វាររបស់ PNN ។ យូប៊ីន បានបង្ហោះនៅលើគណនីអ៊ីនស្រ្តាក្រាម ថា «៨ ឆ្នាំដ៏ស្រស់ស្អាត… ហើយថ្ងៃនេះខ្ញុំនិយាយលាទៅកាន់ផ្ទះទីពីររបស់ខ្ញុំ PNN ។មិនមែនគ្រាន់តែជាកន្លែងធ្វើការនោះទេ ប៉ុន្តែជាកន្លែងដែលខ្ញុំធំធាត់ឡើងក្នុងនាមជាបុគ្គលិក បងប្អូនស្រី និងកូនស្រី។ ខ្ញុំពិតជាកោតសរសើរចំពោះអ្វីៗគ្រប់យ៉ាង។ សូមអរគុណសម្រាប់ការកសាង និងលើកកម្ពស់រឿងភាគខ្មែរ សម្រាប់ការជឿជាក់លើទេពកោសល្យខ្មែរ និងសម្រាប់ការផ្តល់ឱ្យយើងនូវឆាកមួយដើម្បីភ្លឺស្វាង។ ខ្ញុំមិនអាចស្រមៃមើលរឿងភាគខ្មែរដោយគ្មានអ្នកបានទេ។បេះដូងខ្ញុំនឹងតែងតែមានកន្លែងមួយហៅថា PNN»។
សម្រាប់ ស៊ីន យូប៊ីន នាងបានគ្រងតំណែងក្នុងនាមជាតួឯកក្នុងរឿងភាគដែលចាក់បញ្ចាំងនៅក្នុងស្ថានីយមួយនេះមានដូចជា «ព្រហ្មលិខិតលំអៀង» «លួចស្នេហ៍គូដណ្តឹង» «អាថ៌កំបាំងត្រីសូល៍» និងស្នាដៃមួយចំនួនទៀត៕










