តារាចម្រៀងនិងជាពិធីការិនី សុភ័ក្រ កុសុម៉ា បានប្រកាសដំណឹងដ៏សែនរំភើបថារូបនាងកំពុងពរពោះម្តងទៀតបន្ទាប់ពីបាត់បង់កូនម្តងកាលពីកន្លងមកនេះ។ សុភ័ក្រ កុសុម៉ា បានពោលពាក្យយ៉ាងរំជួលចិត្តស្របពេលអ្នកនៅក្នុងចង្កោមសិល្បៈនិងមហាជនបានសម្តែងក្តីអបអរយ៉ាងច្រើន។
នៅយប់ថ្ងៃទី២៨ ខែមេសា សុភ័ក្រ កុសុម៉ា បានបង្ហោះវីដេអូមួយដោយបង្ហាញពីលទ្ធផលនៃការពិនិត្យទឹកនោមបង្ហាញថានាងកំពុងមានកូនក្នុងផ្ទៃ។ កុសុម៉ា និងស្វាមី បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងខណៈរូបនាងក៏បានបង្ហាញនៃការពិនិត្យអេកូដែលឃើញទារកកំពុងតែកំរើកផងដែរ។ ដំណឹងល្អនេះបានធ្វើឱ្យមហាជនសម្រុកចូលទៅបង្ហាញការអបអរសាទរចំពោះប្តីប្រពន្ធមួយគូនេះដែលពួកគេបានសម្រេចនូវក្តីប្រាថ្នានិងការតាំងចិត្តកន្លងមក។
ទន្ទឹមនឹងមតិចូលរួមអបអរសាទរជាច្រើនអ្នកគាំទ្រមួយចំនួនបានបញ្ចេញមតិដោយក្តីព្រួយបារម្ភចង់ឱ្យ សុភ័ក្រ កុសុម៉ា ថែរក្សាសុខភាពក្នុងដំណាក់កាលដំបូងនៃការពរពោះឱ្យបានល្អដូចជាទាក់ទងនឹងរបបអាហារ និងកុំឱ្យនាងខំធ្វើការងារខ្លាំងពេកដែលអាចជះឥទ្ធិពលដល់កូនក្នុងផ្ទៃ។
ការពរពោះម្តងទៀតនេះ សុភ័ក្រ កុសុម៉ា បានពោលពាក្យយ៉ាងរំជួលចិត្តថា «បងប្អូនអើយកូនខ្ញុំគេមករកខ្ញុំវិញហើយ» និងពាក្យមួយទៀតថា «តោងម្តាយឱ្យជាប់ណាកូន»។
កន្លងមក សុភ័ក្រ កុសុម៉ា និងស្វាមី មានការខូចចិត្តយ៉ាងខ្លាំងចំពោះការបាត់បង់កូនដំបូងរបស់ពួកគេកាលចុងខែតុលា ឆ្នាំ២០២៥ ដោយសារតែទារកគ្មានបេះដូង។ មហាជនជាច្រើនបានសម្តែងការសោកស្តាយចំពោះការបាត់បង់នេះនិងបានផ្តល់កម្លាំងចិត្តយ៉ាងច្រើនមកកាន់រូបនាង។ យ៉ាងណានៅពេលនេះ សុភ័ក្រ កុសុម៉ា ទទួលបានដំណឹងល្អម្តងទៀតក្នុងការជិតក្លាយជាម្តាយគេដែលធ្វើឱ្យមហាជនក៏រីករាយចំពោះរូបនាងផងដែរ៕










