ទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី Top4 Rapper Fighter រដូវកាលទី១រួមមាន អូជី ហ្គូនឌិន, Ranngo, តូរ៉ូ និង អ៊ីមី បានបង្ហោះសារក្តៅគគុកពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចញើសឈាមរបស់ពួកគេមានការស៊ីទាំងលើស៊ីទាំងក្រោម។ អូជី ដែលជាម្ចាស់ពានថែមទាំងគម្រាមទៀតថាប្រសិនជាមិនដោះស្រាយឱ្យពួកគេទេ ពួកគេនឹងបង្ហាញទៅកាន់មហាជន។

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ អូជី បានបង្ហោះសំណេរមួយនិង Tag ទៅកាន់សមាជិក៣រូបផ្សេងទៀតដែលពួកគេគឺជាក្រុម TOP4 នៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េបជាមួយគ្នា។ អូជី បានសរសេរថា «Top4 Need Peace, វិស័យនេះពួកខ្ញុំត្រូវបានគេបំផ្លាញញើសឈាមរលាយស្ទើរតែដួល ស៊ីប៉ុន្មានក៏វាស៊ីចុះអត់កំណាញ់ទេតែវាឆ្លៀតខ្ចប់លួចយកចែកគ្នាទៀត»។ ម្ចាស់ពាន Rapper Fighter រដូវកាលទី១ បញ្ជាក់យ៉ាងច្បាស់លាស់ថា «បើសិនអត់ដោះស្រាយបញ្ហានេះទេ.!! ខ្ញុំនឹងបញ្ចេញឈ្មោះប្រាប់មហាជនឱ្យគេដឹងហើយ»។

ងាកមកកាន់ តូរ៉ូ វិញតារាចម្រៀងរូបនេះក៏បានបង្ហោះសំណេរមួយក្នុងន័យផ្លែផ្កាដែរថា «ស៊ីក៏ស៊ីទៅចុះ មិនកំណាញ់នឹងចែកគ្នារស់ទេ តែនេះ( ខ្ចប់ផ្ញើអ្នកផ្ទះទៀត) លើសម៉េស»។ ចំណែកឯ អ៊ីមី វិញ ក៏បានបញ្ចេញសំណេររបស់ខ្លួនដែរថា «ញើសឈាមពួកខ្ញុំអស់លោកដូចសោយសុខនឹងអាវិស័យស៊ីលើស៊ីក្រោមនឹងដល់ហើយ វិស័យនេះ បើយើងមិនធ្វើគេ គេធ្វើយើងហើយ»។
ការបង្ហោះសារផ្ទួនៗគ្នាពីតារាចម្រៀងរ៉េបខាងលើនេះបានបង្កឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងចាប់ផ្តើមមានការពិភាក្សាក្នុងចំណោមអ្នកលេងអ៊ីនធឺណិតចំពោះបញ្ហាប្រឈមដែល Top4 Rapper Fighter រដូវកាលទី១។ អ្វីដែលសំខាន់ទស្សនិកជនក៏មានការចង់ដឹងដូចគ្នាថាតើនរណាដែលស៊ីកម្លាំងញើសឈាមរបស់ពួកគេនៅក្នុងវិស័យសិល្បៈបែបនេះ។
កន្លងមក អូជី ធ្លាប់បានបង្ហាញពីបញ្ហាប្រឈមមួយចំនួនដែលនៅក្នុងវិស័យរបស់ខ្លួនពោរពេញដោយការរើសអើងរហូតចង់សម្រាកពីអាជីពទៀតផង។ ក្រៅពី អូជី Ranngo ក៏ធ្លាប់បង្ហោះដ្រាម៉ាលេងសើចចង់ចាកចេញពីវិស័យសិល្បៈដោយចង់ទៅរស់នៅក្នុងជីវភាពសាមញ្ញវិញដូចគ្នា៕










