បន្ទាប់ពីអត្រាកំណើតធ្លាក់ចុះខ្លាំង ខេត្ត Kochi ប្រទេសជប៉ុន បានកំណត់វិធានការថ្មីលើកទឹកចិត្តឱ្យយុវជននៅលីវ (Single) ណាត់ជួបគ្នាដើម្បីបង្កើតទំនាក់ទំនងស្នេហាតាមរយៈកម្មវិធីស្វែងរកគូក្នុងបណ្តាញសង្គម ដោយវិធានការថ្មីនេះ គឺផ្តល់ប្រាក់ឱ្យយុវជនក្នុងម្នាក់ចំនួន១២៥ដុល្លារ សម្រាប់យកទៅចុះឈ្មោះជាមួយកម្មវិធីស្វែងរកគូ ។ មន្ត្រីខេត្តរំពឹងថា យុវជនដែលណាត់ជួបគ្នានឹងបង្កើតទំនាក់ទំនងស្នេហាឈានទៅរៀបការ និងមានកូននាថ្ងៃអនាគត ។
តាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស The Independent កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ គឺយុវជនជប៉ុនមានអាយុចាប់ពី២០ឆ្នាំ ដល់៣៩ឆ្នាំ នឹងទទួលបានប្រាក់ចំនួន១២៥ដុល្លារ សម្រាប់ការចុះឈ្មោះជាសមាជិករបស់កម្មវិធីស្វែងរកគូដ៏ពេញនិយមក្នុងបណ្តាញសង្គម ដូចជា ៖ Tapple ។ គោលដៅនៃការបង្កើតវិធានការថ្មី ដើម្បីឱ្យយុវជនស្វែងរកគូដែលខ្លួនពេញចិត្តរៀបការ និងមានកូន ហើយលក្ខខណ្ឌយុវជននឹងទទួលបានប្រាក់ គឺត្រូវតែរស់នៅខេត្ត Kochi ។.jpg)
Tapple គឺជាកម្មវិធីស្វែងរកគូដ៏ពេញនិយមនាពេលបច្ចុប្បន្ន ប្រសិនបើយុវជនចង់ប្រើប្រាស់កម្មវិធីនេះ គឺត្រូវចុះឈ្មោះដោយបង់ថ្លៃសេវាក្នុងម្នាក់ចំនួន១២៥ដុល្លារសម្រាប់១ឆ្នាំ ។ មន្ត្រីខេត្ត Kochi ម្នាក់និយាយថា ការផ្តល់ប្រាក់ គឺសម្រាប់បង់ថ្លៃសេវាប្រចាំឆ្នាំទៅឱ្យកម្មវិធីស្វែងរកគូ ហើយខេត្តនឹងធ្វើការស្ទង់មតិអ្នកប្រើប្រាស់កម្មវិធីនាពេលក្រោយដើម្បីចង់ដឹងថា តើវិធានការនេះទទួលបានជោគជ័យឬក៏អត់ ។
.jpg)
Kochi គឺជាខេត្តមួយដែលមានចំនួនពលរដ្ឋរស់នៅតិចតួចបំផុត ថែមទាំងមានបញ្ហាអត្រាកំណើតធ្លាក់ចុះជារៀងរាល់ឆ្នាំ ទើបធ្វើឱ្យចំនួនពលរដ្ឋធ្លាក់ចុះយ៉ាងឆាប់រហ័ស ។ ការផ្តល់ប្រាក់នេះ គឺជាការយកចិត្តទុកដាក់ចំពោះពលរដ្ឋក្នុងសង្គមជប៉ុនដែលសម្បូរមនុស្សចាស់ និងមានរបាយការណ៍ពីចំនួនពលរដ្ឋនៅលីវកាន់តែច្រើន ។.jpg)
ចំណែកខេត្តផ្សេងៗនៅប្រទេសជប៉ុន ក៏ចង់យកគំរូតាមខេត្ត Kochi ដែរ ប៉ុន្តែនឹងផ្តល់ប្រាក់ក្នុងចំនួនតិចជាងនេះ ។ ស្របពេលវិធានការថ្មីទទួលបានការស្វាគមន៍ ជាមួយគ្នានេះ ក៏មានមតិមួយចំនួនក្នុងបណ្តាញសង្គមលើកឡើងថា ដោយសារការខ្វះខាតថវិកា ធ្វើការយូរម៉ោង និងត្រូវចំណាយច្រើនលើការចិញ្ចឹមកូន ទើបធ្វើឱ្យពួកគេពិបាកបង្កើតទំនាក់ទំនងស្នេហា និងរៀបការ ។
តាមការស្ទង់មតិរបស់រដ្ឋាភិបាលជប៉ុនកាលពីឆ្នាំ២០២៤ បង្ហាញថា ពលរដ្ឋជប៉ុនម្នាក់ក្នុងចំណោម៤នាក់ដែលបានរៀបការរួចហើយ ដែលមានអាយុក្រោម៣៩ឆ្នាំ បានជួបប្តី-ប្រពន្ធតាមអ៊ីនធរណេត ច្រើនជាងការជួបគ្នានៅកន្លែងផ្សេងៗ ។ ចំនួនពលរដ្ឋជប៉ុនរស់នៅតំបន់ជនបទកាន់តែតិចទៅៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេស ខេត្ត Kochi មានពលរដ្ឋជាច្រើនផ្លាស់ប្តូរទីលំនៅ ៕










