នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ មេដឹកនាំបណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ បានដឹកនាំពលរដ្ឋថៃមួយក្រុមធ្វើបាតុកម្មមុខស្ថានទូតអាមេរិកនៅទីក្រុងបាងកក ដោយទាមទារឱ្យលោកប្រធានាធិបតី Donald Trump បញ្ចប់សង្គ្រា.មជាមួយអ៊ីរ៉ង់ដោយឥតលក្ខខណ្ឌជាបន្ទាន់ និងងាកមកចរចាបើកច្រកសមុទ្រ Hormuz ពីព្រោះសង្គ្រា.មធ្វើឱ្យពិភពលោក រួមទាំងប្រទេសថៃ មានវិបត្តិថាមពល និងប្រេងឥន្ធនៈ ។ មេដឹកនាំបាតុក.ម្មបានអានសេចក្តីថ្លែងការណ៍នៅមុខស្ថានទូតអាមេរិក និងគ្មានអំពើហិ.ង្សាណាមួយកើតឡើងទេ ដោយសារមានកម្លាំងសមត្ថកិច្ចជាច្រើននាក់រៀបចំសណ្តាប់ធ្នាប់ ។

មេដឹកនាំបណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ បានអានលិខិតនៅមុខស្ថានទូតអាមេរិក ដែលមានខ្លឹមសារថា តាំងពីលោកប្រធានាធិបតី Trump ឡើងកាន់តំណែងអាណត្តិទី២ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បង្កឱ្យមានការល្មើសទំនាក់ទំនងអន្តរជាតិកើតឡើងជាច្រើន ដោយពួកគេចោទប្រកាន់លោក Trump ដាក់សម្ពាធលើប្រទេសផ្សេងៗតាមរយៈការដំឡើងពន្ធទំនិញបណ្តាលឱ្យមានសង្គ្រាមពាណិជ្ជកម្ម ។

ពួកគេចោទប្រកាន់ទៀតថា លោក Trump បានប្រើប្រាស់ឥទ្ធិពលលើប្រទេសផ្សេង ដូចជា ៖ វេណេស៊ុយអេឡា ព្រមទាំងសហការជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ បណ្តាលឱ្យមេដឹកនាំអ៊ីរ៉ង់ជាច្រើនរូបស្លាប់ រួមទាំងកូនសិស្សអ៊ីរ៉ង់១៤៧នាក់ទៀត ។ លើសពីនេះ សង្គ្រាមបង្កឡើងដោយអាមេរិក និងអ៊ីស្រាអែល ប៉ះពាល់ដល់ថាមពលលើពិភពលោក និងតម្លៃទំនិញឡើងថ្លៃ រួមទាំងទំនិញនៅប្រទេសថៃ ។ សូម្បីតែពលរដ្ឋអាមេរិកក៏មិនគាំទ្រឱ្យមេដឹកនាំពួកគេធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ដែរ បច្ចុប្បន្ន ពិភពលោក និងមនុស្សជាច្រើនបានរងផលប៉ះពាល់ដោយសារសង្គ្រាមនេះ ។

បណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ ដែលតំណាងឱ្យពលរដ្ឋថៃរងនូវផលប៉ះពាល់ដោយសារសង្គ្រាម បានទាមទារឱ្យលោកប្រធានាធិបតី Trump និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu បញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ដោយគ្មានលក្ខខណ្ឌដើម្បីបញ្ចប់វិបត្តិថាមពលលើពិភពលោក ។ 
គួរបញ្ជាក់ថា ការធ្វើបាតុកម្មនេះគ្មានអំពើហិង្សាណាមួយកើតឡើងទេ ដោយសារមានកម្លាំងសមត្ថកិច្ចប្រមាណ៦០នាក់ ចុះមករៀបចំសណ្តាប់ធ្នាប់ ព្រមទាំងគ្រប់គ្រងចំនួនពលរដ្ឋចូលរួមបាតុកម្ម ៕









