បន្ទាប់ពីឃើញអ៊ីរ៉ង់ប្រកាសប្រមូលប្រាក់ពីនាវាដឹកប្រេងឥន្ធនៈ និងទំនិញផ្សេងៗដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ឥណ្ឌូណេស៊ីក៏ចង់ធ្វើតាមអ៊ីរ៉ង់ដែរ ដោយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ីលើកឡើងពីគំនិតតម្រូវឱ្យនាវាដែលឆ្លងកាត់ច្រកសមុទ្រ Malacca ត្រូវតែបង់ប្រាក់ ប៉ុន្តែក៏ផ្លាស់ប្តូរគំនិតនេះវិញ បន្ទាប់ពីម៉ាឡេស៊ី និងសិង្ហបុរី ជំទាស់ ដោយលើកយកហេតុផលកត្តាច្បាប់ និងទីតាំងភូមិសាស្ត្រ ។
.jpg)
វាបានក្លាយជាប្រធានបទថ្មីជជែកគ្នាក្នុងតំបន់ បន្ទាប់ពីឥណ្ឌូណេស៊ីមានគម្រោងប្រមូលប្រាក់ពីនាវាផ្សេងៗដែលឆ្លងកាត់ច្រកសមុទ្រ Malacca ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយរបស់ពិភពលោក ។ ម៉ាឡេស៊ី និងសិង្ហបុរី បានប្រឆាំងនឹងគំនិតនេះថា ឥណ្ឌូណេស៊ីមិនអាចប្រមូលប្រាក់ពីនាវាបានទេ ដោយសារវាពាក់ព័ន្ធនឹងកត្តាច្បាប់ និងនយោបាយអន្តរជាតិ ។

ការប្រមូលប្រាក់ពីនាវាឆ្លងកាត់ច្រកសមុទ្រ Malacca គឺជាការស្នើរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោក Purbaya Yudhi Sadewa ក្នុងអំឡុងពេលលោកចូលរួមសិក្ខាសាលានៅទីក្រុងហ្សាកាតា កាលពីថ្ងៃទី២២ ខែមេសា ។ លោកថា ឥណ្ឌូណេស៊ីគួរតែប្រើប្រាស់ប្រយោជន៍ពីច្រកសមុទ្រ Malacca ដែលជាទីតាំងថាមពល និងផ្លូវភ្ជាប់ពាណិជ្ជកម្មលើពិភពលោក ។.jpg)
លោកបន្តថា នាវាជាច្រើនបានឆ្លងកាត់ច្រកសមុទ្រ Malacca ដោយគ្មានការបង់ប្រាក់ តើវាសមស្របដែរឬទេ ដែលនាវាទាំងនោះអាចឆ្លងកាត់ច្រកសមុទ្រដោយសេរី? លោកចង់ឱ្យឥណ្ឌូណេស៊ីប្រមូលប្រាក់ពីនាវាឆ្លងកាត់ ហើយនឹងយកប្រាក់ទៅបែងចែកជាមួយម៉ាឡេស៊ី និងសិង្ហបុរី ។.jpg)
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ីបានលើកឡើងពីអ៊ីរ៉ង់ ដែលប្រកាសប្រមូលប្រាក់ពីនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ស្របពេលស្ថានការណ៍ថាមពលតានតឹងលើពិភពលោក ។ បន្ទាប់ពីឥណ្ឌូណេស៊ីចង់ប្រមូលប្រាក់ដូចអ៊ីរ៉ង់ ម៉ាឡេស៊ី និងសិង្ហបុរី ដែលជាមានព្រំដែនជាប់ច្រកសមុទ្រ Malacca បានជំទាស់យ៉ាងដាច់អលង្ការ ដោយសិង្ហបុរីថា នាវាប្រទេសនានាមានសិទ្ធិឆ្លងកាត់ច្រកសមុទ្រនេះ ហើយសិង្ហបុរីនឹងមិនសហការជាមួយឥណ្ឌូណេស៊ីទេ ។

រីឯម៉ាឡេស៊ីថា ការសម្រេចចិត្តណាមួយពាក់ព័ន្ធនឹងច្រកសមុទ្រ Malacca មិនអាចធ្វើជាឯកតោភាគីបានឡើយ និងត្រូវមានការយល់ព្រមពីគ្រប់ប្រទេសពាក់ព័ន្ធ ។ បន្ទាប់ពីប្រទេសទាំងពីរប្រឆាំងបែបនេះ ធ្វើឱ្យឥណ្ឌូណេស៊ីបោះបង់គំនិតរបស់ខ្លួនវិញ និងទទួលស្គាល់ថា បើទោះជាឥណ្ឌូណេស៊ីអាចប្រមូលប្រាក់ពីនាវាផ្សេងៗ ប៉ុន្តែការអនុវត្តជាក់ស្តែង មិនអាចធ្វើបានដោយសារមានឧបសគ្គផ្នែកច្បាប់ និងទីតាំងភូមិសាស្ត្រ ។
.jpg)
គួរបញ្ជាក់ថា ច្រកសមុទ្រ Malacca ស្ថិតនៅក្រោមគោលការណ៍អនុញ្ញាតឱ្យនាវាប្រទេសទាំងឡាយអាចឆ្លងកាត់ដោយសេរីស្របតាមច្បាប់អន្តរជាតិ ទើបធ្វើឱ្យឥណ្ឌូណេស៊ីមិនអាចទាមទារឱ្យនាវាបង់ប្រាក់ និងត្រូវមានការយល់ព្រមពីគ្រប់ប្រទេសពាក់ព័ន្ធ ៕










