ថៃបានណែនាំពលរដ្ឋរបស់ខ្លួនឱ្យយកចិត្តទុកដាក់ថែទាំសុខភាពចៀសផុតពីការដាច់សរសៃឈាមខួរក្បាល ដោយសារសីតុណ្ហភាពកើនឡើងខ្ពស់រហូតដល់៤៣អង្សាសេ អាកាសធាតុនឹងក្តៅខ្លាំងរហូតដល់ពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦ ដោយកុំនៅក្រោមកំដៅថ្ងៃយូរ, ផឹកទឹកគ្រប់គ្រាន់, ហាមផឹកគ្រឿងស្រវឹង ជាពិសេស អ្នកអាយុចាប់ពី១៥ឆ្នាំ ទៅ៣៤ឆ្នាំ និងមនុស្សចាស់ ។ ក្រៅពីដាច់សរសៃឈាមខួរក្បាល ក៏ប្រឈមនឹងជំងឺជាច្រើនទៀតកើតឡើងដោយសារអាកាសធាតុក្តៅដែលមិនគួរមើលរំលង ។
រដ្ឋាភិបាលថៃបានប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នក្នុងការថែទាំសុខភាពដើម្បីកុំឱ្យដាច់សរសៃឈាមខួរក្បាល ពីព្រោះសីតុណ្ហភាពនៅខេត្តជាច្រើនអាចកើនឡើងខ្ពស់ចាប់ពី៤២អង្សាសេ ទៅ៤៣អង្សាសេ រហូតដល់ពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦ ខណៈសីតុណ្ហភាពនៅខេត្តខ្លះនឹងកើនឡើងខ្ពស់ជាងនេះ ។ ការប្រុងប្រយ័ត្ន គឺចៀសវាងនៅក្រោមកំដៅថ្ងៃយូរ, ផឹកទឹកគ្រប់គ្រាន់ បើមានអាការៈខុសប្រក្រតី ត្រូវបញ្ជូនមកមន្ទីរពេទ្យជាបន្ទាន់ ។
តាមការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ អ្នកស្រី សាវ៉ាលិដា ផេរិវិវឌ្ឍនា នៅថ្ងៃទី២១ ខែមេសា សីតុណ្ហភាពនៅប្រទេសថៃបានចាប់ផ្តើមកើនឡើងខ្ពស់តាំងពីចុងខែកុម្ភៈ រហូតដល់ខែមេសា ហើយវានឹងបន្តកើនឡើងរហូតដល់ពាក់កណ្តាលខែឧសភា ។ សីតុណ្ហភាពនៅខេត្តជាច្រើនអាចកើនឡើងខ្ពស់ចាប់ពី៤២អង្សាសេ ទៅ៤៣អង្សាសេ បណ្តាលឱ្យពលរដ្ឋកើតជំងឺផ្សេងៗដោយសារអាកាសធាតុក្តៅ ជាពិសេស ករណីដាច់សរសៃឈាមខួរក្បាលនៅប្រទេសថៃកើនឡើងគួរឱ្យកត់សម្គាល់ ។
ទិន្នន័យពីប្រព័ន្ធតាមដានជំងឺឌីជីថល (DDS) នៃនាយកដ្ឋានគ្រប់គ្រងជំងឺក្រសួងសុខាភិបាលថៃ គឺកាលពីឆ្នាំ២០២៥ ពលរដ្ឋថៃកើតជំងឺដោយសារអាកាសធាតុក្តៅ ស្មើ១៨២នាក់ ក្នុងនោះបុរសស្មើ៥៩.៣% ហើយអ្នកជំងឺរងផលប៉ះពាល់ខ្លាំងដោយសារអាកាសធាតុក្តៅ គឺចាប់ពីអាយុ១៥ឆ្នាំ ទៅ៣៤ឆ្នាំ, មនុស្សចាស់អាយុ៦០ឆ្នាំឡើង និងអ្នកធ្វើការក្រោមកំដៅថ្ងៃ ។ អាការៈភាគច្រើន គឺអាកាសធាតុក្តៅខ្លាំងបណ្តាលឱ្យអស់កម្លាំង, រមួលក្រពើ និងបាត់បង់ស្មារតី ។
ខែមេសា ប្រទេសថៃប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ហើយសន្ទស្សន៍កំដៅ (Heat Index) នៅខេត្តមួយចំនួននឹងកើនឡើងដល់៦០អង្សាសេ ដែលជាកម្រិតគ្រោះថ្នាក់បំផុត ដូច្នេះ ត្រូវចៀសវាងនៅក្រោមកំដៅថ្ងៃយូរ, ផឹកទឹកឱ្យគ្រប់គ្រាន់ និងសង្កេតអាការៈខ្លួនឯងយ៉ាងដិតដល់ ប្រសិនបើអ្នកណាមានអាការៈខុសប្រក្រតី ដូចជា ៖ ក្តៅខ្លួន ស្បែកក្រហម គ្មានញើស វិលមុខ ក្អួតចង្អោរ ញ័រខ្លួន អស់កម្លាំង ឬបាត់បង់ស្មារតី ត្រូវបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបន្ទាន់ ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី សាវ៉ាលិដា ។
វិធីការពារខ្លួនឱ្យចៀសផុតពីការដាច់សរសៃឈាមខួរក្បាល រួមមាន ៖
១-ផឹកទឹកញឹកញាប់
២-ស្លៀកពាក់សម្លៀកបំពាក់អាចបញ្ចេញកំដៅបានល្អ, ស្លៀកពាក់ពណ៌ស្រាល, មិនស្លៀករឹតខ្លួនខ្លាំងពេក, កុំស្លៀកពាក់ពណ៌ខ្មៅដើម្បីកុំឱ្យស្រូបកំដៅ
៣-កុំនៅកណ្តាលថ្ងៃម្នាក់ឯង គួរនៅជាក្រុម ប្រសិនបើមានអាការៈខុសប្រក្រតីនឹងអាចជួយគ្នាភ្លាមៗ
៤-កុំនៅក្រោមកំដៅថ្ងៃយូរ ឬកុំនៅកន្លែងគ្មានខ្យល់គ្រប់គ្រាន់
៥-ហាមផឹកគ្រឿងស្រវឹង និង
៦-ហាមទុកអ្នកណាម្នាក់ក្នុងរថយន្តដែលចតក្រោមកំដៅថ្ងៃ ៕










