ការកើនឡើងយ៉ាងគំហុកនៃអ្នកវិនិយោគទុនបរទេសក្នុងប្រទេសវៀតណាមដូចទឹកបាក់ទំនប់នេះ បណ្តាលមកពីកត្តាសំខាន់ៗជាច្រើន ដែលរដ្ឋាភិបាលវៀតណាមបានបង្កើតឡើងដើម្បីទាក់ទាញវិនិយោគទុន ស្របពេលដែលវិបត្តិសេដ្ឋកិច្ចសកលកំពុងតែប្រឈម និងបញ្ហាស្ទើរពេញសកលលោក តែវៀតណាមសម្ងំកើបលុយយ៉ាងស្ងៀមស្ងាត់ ។

វៀតណាមបានក្លាយជាប្រទេសលេចធ្លោក្នុងតំបន់អាស៊ានដែលវិនិយោគិនបរទេសសម្រុកមកវិនិយោគក្នុងគម្រោងជាច្រើននៅត្រីមាសទី១ ឆ្នាំ២០២៦ ដូចជា ៖ ផ្នែកឧស្សាហកម្មផលិតទំនិញ និងកែច្នៃ, ផ្នែកផលិត និងចែកចាយអគ្គិសនី ឧស្ម័ន (ឬហ្គាស) ទឹកស្អាត និងម៉ាស៊ីនត្រជាក់ ក្នុងនោះឧស្សាហកម្មផលិតទំនិញ និងកែច្នៃ បានទាក់ទាញការវិនិយោគពីបរទេសច្រើនបំផុត ។ សិង្ហបុរី បណ្តាក់ទុនវិនិយោគច្រើននៅវៀតណាមស្ថិតក្នុងលំដាប់ទី១ បន្ទាប់មក គឺកូរ៉េខាងត្បូង និងចិន ដោយសារវៀតណាមសម្បូរកម្លាំងពលកម្ម កំណើនសេដ្ឋកិច្ច និងគោលនយោបាយទាក់ទាញវិនិយោគិន ។
.jpg)
ការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានចុះបញ្ជីនៅប្រទេសវៀតណាមទាំងអស់ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ស្មើរហូតដល់ជាង១៥ពាន់លានដុល្លារ កើនឡើង៤២.៩% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥ ដែលកំណើន FDI នេះ ដោយសារការជំរុញពីផ្នែកឧស្សាហកម្មផលិតទំនិញ និងកែច្នៃ ។.jpg)
តាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិវៀតណាមស្ថិតក្រោមក្រសួងហិរញ្ញវត្ថុ គឺកំណើនការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់វៀតណាមមានគម្រោងវិនិយោគថ្មីទទួលបានការអនុញ្ញាត ចំនួន៩០៤គម្រោង និងមានទឹកប្រាក់វិនិយោគសរុបដែលបានចុះបញ្ជីស្មើជាង១០ពាន់លានដុល្លារ ដែលចំនួនគម្រោងវិនិយោគកើនឡើង៦.៤% និងប្រាក់វិនិយោគកើនឡើងជាង២ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ។
.jpg)
ផ្នែកទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ច្រើនបំផុត គឺផ្នែកឧស្សាហកម្មផលិតទំនិញ និងកែច្នៃ ដែលមានទឹកប្រាក់វិនិយោគស្មើជាង៧ពាន់លានដុល្លារ ឬស្មើ៦៩% នៃទឹកប្រាក់វិនិយោគដែលបានចុះបញ្ជីថ្មីទាំងអស់ បន្ទាប់មក គឺផ្នែកផលិត និងចែកចាយអគ្គិសនី ឧស្ម័ន (ឬហ្គាស) ទឹកស្អាត និងម៉ាស៊ីនត្រជាក់ មានទឹកប្រាក់វិនិយោគផ្ទាល់ពីបរទេស ស្មើជាង២ពាន់លានដុល្លារ ឬស្មើ២២.៣% ។ រីឯផ្នែកផ្សេងទៀតមានទឹកប្រាក់វិនិយោគផ្ទាល់ពីបរទេស ស្មើជាង៨៨៤លានដុល្លារ ឬស្មើ៨.៧% ។
ប្រទេសចំនួន៥២ ដែលទទួលបានអាជ្ញាប័ណ្ណវិនិយោគគម្រោងផ្សេងៗនៅវៀតណាម ក្នុងនោះសិង្ហបុរីបានវិនិយោគទុនច្រើនបំផុតស្ថិតក្នុងលំដាប់ទី១ ស្មើជាង៥ពាន់លានដុល្លារ (៥២%) នៃប្រាក់វិនិយោគសរុបនៅវៀតណាម បន្ទាប់មក គឺកូរ៉េខាងត្បូង វិនិយោគនៅវៀតណាម ស្មើជាង៣ពាន់លានដុល្លារ (៣៥.៩%), ចិនដីគោក ស្មើជាង៤១៧លានដុល្លារ (៤.១%), ហុងកុង ស្មើជាង២៥៦លានដុល្លារ (២.៥%), ជប៉ុន ស្មើជាង១៩១លានដុល្លារ (១.៩%) និងអាមេរិក ស្មើជាង៩១លានដុល្លារ (០.៩%) ។.jpg)
ចំណែកគម្រោងចាស់ៗចំនួន២៥១គម្រោងដែលកំពុងតែវិនិយោគនៅវៀតណាម បានបង្កើនទឹកប្រាក់វិនិយោគបន្ថែមទៀតសរុបស្មើជាង២ពាន់លានដុល្លារ ធ្លាក់ចុះ៥៥.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ។
បើរួមបញ្ចូលទឹកប្រាក់វិនិយោគដែលបានចុះបញ្ជីថ្មី និងទឹកប្រាក់វិនិយោគបន្ថែមរបស់គម្រោងចាស់ៗ គឺផ្នែកឧស្សាហកម្មផលិតទំនិញ និងកែច្នៃ បានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសស្ថិតក្នុងលំដាប់ទី១ ស្មើជាង៨ពាន់លានដុល្លារ (៧០.៦%) នៃទឹកប្រាក់វិនិយោគសរុប ។ រីឯវិស័យផលិត និងចែកចាយអគ្គិសនី ឧស្ម័ន ទឹកស្អាត និងម៉ាស៊ីនត្រជាក់ ស្ថិតក្នុងលំដាប់ទី២ ស្មើជាង២ពាន់លានដុល្លារ (១៨.២%) ខណៈវិស័យផ្សេងទៀតបានទាក់ទាញការវិនិយោគពីបរទេស ស្មើជា១ពាន់លានដុល្លារ (១១.២%) ។
គួរបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមមានគោលនយោបាយទាក់ទាញវិនិយោគិនបរទេស ទើបធ្វើឱ្យប្រទេសវៀតណាមក្លាយជាទីតាំងផលិតទំនិញថ្មីជំនួសចិន ព្រមទាំងវៀតណាមមានថ្លៃឈ្នួលកម្លាំងពលកម្មសមរម្យ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសជាច្រើន ៕










