ទីក្រុងបុរាណ Venice របស់អ៊ីតាលី ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតលើពិភពលោក ដោយសារស្ថិតនៅលើកោះតូចៗជាច្រើន និងមានស្ពានរហូតដល់ជាង៤០០កន្លែងតភ្ជាប់តំបន់មួយៗ ពេលនេះ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារទឹកសមុទ្រកើនឡើងខ្ពស់ និងការស្រុតដីបណ្តាលឱ្យទីក្រុងលិចទឹកញឹកញាប់ ។ អ្នកជំនាញព្រមានថា ទីក្រុងនេះមិនអាចរក្សារូបរាងដើមយូរអង្វែងទេ ដោយសារទឹកសមុទ្រកើនឡើងមិនឈប់ឈរ ហើយបង្ខំឱ្យផ្លាស់ប្តូរទីតាំងទីក្រុងទៅកន្លែងផ្សេងនាថ្ងៃអនាគត ។.jpg)
ការស្រាវជ្រាវថ្មីបានព្រមានពីទីក្រុង Venice ប្រទេសអ៊ីតាលី ដែលត្រូវបានអង្គការយូណេស្កូ (UNESCO) ចុះបញ្ជីជាបេតិកភណ្ឌពិភពលោក កំពុងប្រឈមនឹងហានិភ័យដោយសារអាកាសធាតុក្តៅខ្លាំង ទឹកកករលាយបណ្តាលឱ្យទឹកសមុទ្រកើនឡើងមិនឈប់ឈរ ខណៈវិធានការអាចមិនគ្រប់គ្រាន់សម្រាប់ការពារទីក្រុងរយៈពេលយូរទេ បើស្ថានការណ៍កាន់តែធ្ងន់ធ្ងរអាចត្រូវផ្លាស់ប្តូរទីតាំងទីក្រុងបុរាណនេះ ។

បើតាមអ្នកជំនាញ គឺគ្មានវិធានការណាមួយអាចការពារទីក្រុងបុរាណឡើយ ដោយសារទឹកសមុទ្រកើនឡើងខ្ពស់បានគំរាមកំហែងឱ្យទីក្រុងទាំងមូលលិចទឹកសមុទ្របាត់រូបរាងដើម ។ ថ្ងៃអនាគត ទីក្រុងនេះអាចត្រូវបង្ខំឱ្យផ្លាស់ប្តូរទីតាំង ហើយអ្នកជំនាញកំពុងស្វែងរកវិធីការពារទីក្រុងឱ្យរួចផុតពីការគំរាមកំហែង ។
ការស្រាវជ្រាវថ្មីនេះចុះផ្សាយក្នុងទស្សនាវដ្តី Scientific Reports បានលើកឡើងពីយុទ្ធសាស្ត្រ និងវិធានការការពារទីក្រុងបុរាណរបស់អ៊ីតាលី ដោយពិចារណាពីកម្ពស់ទឹកសមុទ្រកើនឡើងខ្ពស់ដកស្រង់ពីរបាយការណ៍វាយតម្លៃលើកទី៦ នៃគណៈកម្មាធិការអន្តរជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (IPCC) ។
ហេតុការណ៍ទឹកលិចខ្លាំងកាលពីឆ្នាំ២០១៩ បណ្តាលឱ្យមនុស្សស្លាប់២នាក់ និងខូចខាតទ្រព្យសម្បត្តិក្នុងទីក្រុង Venice ស្មើទឹកប្រាក់រាប់រយលានអឺរ៉ូ រួមទាំងខូចខាតសាកលវិទ្យាល័យ San Marco ដែលជាតំបន់ទេសចរណ៍សំខាន់ ។ បន្ទាប់មក នៅឆ្នាំ២០២៣ ក៏មានការដំឡើងជញ្ជាំងកញ្ចក់ និងបង្កើតគម្រោងស្មើទឹកប្រាក់ជាង៣លាន ៨សែនដុល្លារ ដើម្បីការពារទីក្រុងបុរាណអាយុ៩០០ឆ្នាំឱ្យមានសភាពរឹងមាំ ។

អ្នកជំនាញស្នើអនុវត្តវិធានការការពារទីក្រុងចំនួន៣ចំណុច ព្រមទាំងជំរុញឱ្យអនុវត្តវិធានការចាប់ពីពេលនេះ រួមមាន ៖ សាងសង់ទំនប់ការពារទីក្រុង បើកម្ពស់ទឹកសមុទ្រកើនឡើងជាងកន្លះម៉ែត្រ, បិទបឹង បើទីក្រុងរងផលប៉ះពាល់ធ្ងន់ធ្ងរ និងផ្លាស់ប្តូរទីតាំងទីក្រុង ជម្លៀសពលរដ្ឋ បើកម្ពស់ទឹកសមុទ្រកើនឡើងជាង៤ម៉ែត្រដែលអាចកើតឡើងបន្ទាប់ពីឆ្នាំ២៣០០ ។ ប៉ុន្តែការសាងសង់ជញ្ជាំងធំៗការពារទីក្រុងអាចត្រូវចំណាយពេលយូរ ចាប់ពី៣០ឆ្នាំ ទៅ៥០ឆ្នាំ ទើបចាំបាច់ត្រូវរៀបចំការផែនការជាមុន ។
អ្វីគួរឱ្យបារម្ភ គឺផ្ទៃដីក្នុងទីក្រុងនេះបានស្រុតចុះជាបន្តបន្ទាប់ ស្មើប្រមាណ១មីល្លីម៉ែត្រក្នុង១ឆ្នាំ ដោយសារសកម្មភាពរបស់មនុស្ស ដូចជា ៖ ការបូមទឹកពីបាតបឹង បើទោះជាបច្ចុប្បន្ន សកម្មភាពនេះត្រូវបានហាមឃាត់ក្តី ៕










