ការលេងទឹកពេលអាកាសធាតុក្តៅខ្លាំង ជាពិសេស នៅខែមេសា ត្រូវតែយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយប្រុងប្រយ័ត្នទាំងការស្លៀកពាក់ ហូបចុក និងផឹកភេសជ្ជៈផ្សេងៗ ដើម្បីកុំឱ្យប៉ះពាល់សុខភាព រួមទាំងចៀសផុតពីការដាច់សរសៃឈាមខួរក្បាល ។ អ្នកជំនាញសុខភាពនៅប្រទេសថៃបានបង្ហោះសារដាស់តឿនពីការលេងទឹកចូលឆ្នាំក្រោមអាកាសធាតុក្តៅខ្លាំង ដែលសីតុណ្ហភាពកើនឡើងរហូតដល់៤១អង្សាសេ អាចបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាលគ្រោះថ្នា.ក់ដល់ជីវិត ដោយសាររាងកាយមិនអាចសម្របនឹងអាកាសធាតុក្តៅ ព្រមទាំងណែនាំពីវិធីថែទាំសុខភាព ។

លោក Sonthi Kotchawat អ្នកជំនាញសុខភាពអះអាងថា ការលេងទឹកក្រោមកំដៅថ្ងៃខ្លាំងដែលមានសីតុណ្ហភាពចាប់ពី៣៦អង្សាសេ ទៅ៤១អង្សាសេ គឺធ្វើឱ្យរាងកាយខុសប្រក្រតីដោយសារត្រូវទប់ទល់នឹងសីតុណ្ហភាពខាងក្រៅកើនឡើងខ្ពស់ និងសំណើមមកពីសម្លៀកបំពាក់សើម ។ ពេលរាងកាយកំពុងស្ថិតក្រោមកំដៅថ្ងៃក្តៅខ្លាំង បន្ទាប់មក ត្រូវគេជះទឹកត្រជាក់ នឹងធ្វើឱ្យរាងកាយមិនអាចសម្របតាមការផ្លាស់ប្តូរសីតុណ្ហភាព ពុំអាចបញ្ចេញកំដៅបណ្តាលឱ្យក្តៅខ្លួន ឈឺក្បាលខ្លាំង និងត្រជាក់ញ័រខ្លួន ។
ការជះទឹកត្រជាក់ពេលស្ថិតក្រោមកំដៅថ្ងៃ នឹងជំរុញឱ្យសរសៃឈាមរួមតូចយ៉ាងឆាប់រហ័សឈានទៅដាច់សរសៃឈាមខួរក្បាល (Heat Shock) ខណៈសម្ពាធឈាមកើនឡើងធ្វើឱ្យវិលមុខ ញ័រទ្រូង និងបាត់បង់ស្មារតី ។ សីតុណ្ហភាពកើនឡើងលើស៤១អង្សាសេ រាងកាយកាន់តែពិបាកបញ្ចេញកំដៅ ហើយការនៅក្រោមកំដៅថ្ងៃលើស៤៥នាទី ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរាងកាយនឹងលែងដំណើរការ ។ បើនៅក្រោមកំដៅថ្ងៃរហូតដល់១ម៉ោង គឺប្រឈមហានិភ័យដាច់សរសៃឈាមខួរក្បាល ដូច្នេះ បើក្តៅខ្លួនខ្លាំង គ្មានញើស វិលមុខ ឬនិយាយខុសៗ គឺជាអាការៈដាច់សរសៃឈាមខួរក្បាលដែលត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ។
.jpg)
ក្រៅពីនេះ នៅខែមេសា កាំរស្មី UV ស្ថិតក្នុងកម្រិតខ្ពស់អាចបណ្តាលឱ្យរលាកស្បែកក្លាយជាពណ៌ក្រហមក្នុងរយៈពេលត្រឹមតែ១៥នាទី ។ បញ្ហាគួរឱ្យបារម្ភមួយទៀតដែលមានគ្រោះថ្នាក់ដល់ស្លាប់ដែរនោះ គឺការផឹកគ្រឿងស្រវឹងពេលអាកាសធាតុក្តៅខ្លាំងជំរុញឱ្យរាងកាយខ្វះទឹក ។.jpg)
អ្នកជំនាញសុខភាពណែនាំពីវិធីលេងទឹកពេលចូលឆ្នាំឱ្យមានសុវត្ថិភាព គឺត្រៀមខ្លួន ដូចជា ៖ ស្លៀកសម្លៀកបំពាក់ពណ៌ស្រាល និងកុំស្លៀកពាក់ក្រាស់ ដើម្បីឱ្យរាងកាយអាចបញ្ចេញកំដៅ, លាបឡេការពារកំដៅថ្ងៃ, ពាក់មួក និងវ៉ែនតាការពារកែវភ្នែកពីកាំរស្មី UV ព្រមទាំងផឹកទឹកឱ្យគ្រប់គ្រាន់មុនពេលចេញទៅក្រៅ ទោះមិនស្រេកក៏ដោយ ។.jpg)
ចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង៣រសៀល ហាមលេងទឹក ពីព្រោះពេលនេះអាកាសធាតុក្តៅខ្លាំងបំផុត រួមទាំងចៀសវាងការផឹកគ្រឿងស្រវឹង ភេសជ្ជៈផ្អែម ឬភេសជ្ជៈជាតិអាល់កុល ដែលធ្វើឱ្យរាងកាយខ្វះទឹកខ្លាំង ។ ជាមួយគ្នានេះ កុំយកទឹកត្រជាក់ខ្លាំង ឬទឹកកក មកជះដាក់គ្នាពេលចូលឆ្នាំ ដែលមានហានិភ័យដល់សុខភាព ហើយសម្រាកនៅកន្លែងម្លប់មានខ្យល់ដើម្បីបញ្ចេញកំដៅពីរាងកាយ ។
ចុងក្រោយ បន្ទាប់ពីលេងទឹករួច គួរប្រញាប់ងូតទឹកសម្អាតខ្លួនពីភាពកខ្វក់ និងផ្លាស់ប្តូរសម្លៀកបំពាក់ភ្លាមៗ ហាមស្លៀកសម្លៀកបំពាក់សើមយូរ ព្រោះអាចកើតផ្តាសាយ ឬឆ្លងមេរោគលើស្បែក ។ ករណីក្តៅខ្លួនខ្លាំង ស្បែកក្រហម គ្មានញើស ឈឺក្បាល ងងឹតមុខ ឬដកដង្ហើមខ្លីៗ ត្រូវរកកន្លែងម្លប់សុំការជួយសង្គ្រោះ ដោយសារជាអាការៈដាច់សរសៃឈាមខួរក្បាល ៕










