ស្របពេលមានមតិជាច្រើនទាក់ទងនឹងការប្រើប្រាស់ភាសាខ្មែរលាយបរទេស ក្នុងនាមជាកូនខ្មែរមួយរូប ឆន ស្រីណេត ដែលជាអតីតបវរកកញ្ញាមានដើមកំណើតកម្ពុជាក្រោមបានលើកឡើងពីគោលគំនិតផ្ទាល់ខ្លួនថាមិនមែនជារឿងតូចនោះទេហើយការប្រើប្រាស់ភាសាខ្មែរលាយបរទេសប្រឈមនឹងការបាត់បង់ភាសាជាតិទៅថ្ងៃក្រោយ។

នៅល្ងាចថ្ងៃទី៨ ខែមេសា ឆន ស្រីណេត លំដាប់រងទី១ Miss Universe Cambodia 2021 បានបង្ហោះវីដេអូមួយរយៈពេលជិត៥នាទីដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «រាងវែងបន្តិច តែខ្ញុំសង្ឃឹមថាអាចមានប្រយោជន៍ខ្លះសម្រាប់ខ្មែរខ្លះដែរ»។ ក្នុងនាមជាប្រជាជនខ្មែរមួយរូប ស្រីណេត ថានាងក៏ចង់មានមតិដូចគ្នាដើម្បីចែករំលែកទៅកាន់អ្នកជំនាន់ក្រោយឱ្យបានដឹងនិងថែរក្សាភាសានិយាយរបស់យើង។ បវរកញ្ញារូបនេះបាននិយាយថា នេះមិនមែនជារឿងតូចឬរឿងលេងសើចនោះទេដ្បិតថាសាមញ្ញប៉ុន្តែអនាគត ខឿនឬសគល់អត្តសញ្ញាណជាតិគឺវារងផលប៉ះពាល់ខ្លាំង អាចប្រឈមនឹងការបាត់បង់ទៅថ្ងៃក្រោយប្រសិនជានៅប្រើប្រាស់ការលាយភាសា។

កញ្ញា ឆន ស្រីណេត បានលើកយកប្រទេសហ្វីលីពីនជាឧទាហរណ៍ដោយលើកឡើងថាប្រទេសនេះបានបាត់បង់ភាសាជាតិខ្លួនឯងដោយសារតែការនិយាយលាយភាសា ហើយយូរៗទៅគ្មានអ្នកណាបំផ្លាញក្រៅពីស្នាដៃរបស់ខ្លួនឯងនោះទេ។ ស្រីណេត ថាការប្រើប្រាស់ភាសាជាតិក៏ជាការថែរក្សាអត្តសញ្ញាណមួយមិនចាំបាច់ទាល់តែកាន់កាំភ្លើងដូចកងទ័ពដែលខំប្រឹងឈរហាលថ្ងៃហាលខ្យល់។ ក្នុងការនិយាយបែបនេះ ឆន ស្រីណេត បានពន្យល់ថាមិនមែនជាការនិយាយឱ្យខ្លួនឯងល្អ អស្ចារ្យ ឡូយអ្វីនោះទេ ប៉ុន្តែនាងភ័យខ្លាចក្នុងការបាត់បង់ភាសាខ្មែរ។ 
ចំណុចមួយទៀតដែល ឆន ស្រីណេត គិតថាសំខាន់នោះគឺនៅពេលកូនកើតមកត្រូវបង្រៀនគាត់ឱ្យចេះនិយាយភាសាខ្មែរមុនដំបូងគេ ជាជាងគិតថាភាសាខ្មែរពិបាកនិយាយ យកភាសាគេមកនិយាយលឿនជាង។ ជាមួយគ្នានេះ ឆន ស្រីណេត ក៏បានរម្លឹកពីបុព្វបុរសខ្មែរដែលខំលះបង់ជីវិតដើម្បីរក្សាអត្តសញ្ញាណជាតិដូច្នេះក្នុងនាមជាកូនខ្មែរគួរតែរក្សាការប្រើប្រាស់ភាសាជាតិឱ្យគង់វង្សទៅដល់អ្នកជំនាន់ក្រោយទៀត៕










