រងនូវគំនាបការពេបជ្រាបតាំងពីតូចទាក់ទងនឹងការមានមាត់ធំ Fong សង្សារ ហេង វាសនា បានបញ្ចេញវីដេអូមួយដោយសារតែរឿងនេះបានប៉ះពាល់ផ្លូវចិត្តរូបគេយ៉ាងខ្លាំង។ អ្នកបង្កើតមាតិការូបនេះក៏បានជំរុញឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនកុំបញ្ចេញមតិដែលធ្វើឱ្យប៉ះពាល់ផ្លូវចិត្តអ្នកដទៃ។
នៅយប់ថ្ងៃទី២ ខែមេសា Fong បានបង្ហោះវីដេអូជិត៣នាទីដោយបានលើកពីការខម្មិនមួយដែលបញ្ចេញមតិថារូបគេមានមាត់ធំខ្លាំង។ គូស្នេហ៍ហេង វាសនា បាននិយាយថាពាក្យសម្តីនេះមិនមែនជាលើកទី១ដែលរូបគេទទួលបាននោះទេ ប៉ុន្តែជាច្រើនដងមកហើយដែលរូបគេទទួលបាននូវសម្តី Bully បែបនេះ។ Fong បាននិយាយថាមួយរយៈនេះមានការរើសអើងកើនឡើងទាក់ទងនឹងរូបសម្រស់របស់អ្នកដទៃ ទោះបីដឹងថាពាក្យសម្តីនោះនឹងធ្វើឱ្យគេឈឺចាប់ហើយប៉ុន្តែនៅតែមិនខ្វល់ នៅតែមានការបញ្ចេញមតិ។
Fong បាននិយាយទៀតថាតើឱ្យលុបបំបាត់ការរើសអើង មើលងាយសម្រស់ ពណ៌សម្បុរ នៅក្នុងសង្គមបានយ៉ាងដូចម្តេចបើមនុស្សមួយចំនួននៅតែប្រព្រឹត្តទង្វើបែបនេះ។ លោកថា គួរតែបញ្ឈប់ទង្វើបែបនេះទៅព្រោះនេះជាឆ្នាំ ២០២៦ ជិតចូលឆ្នាំ២០២៧ ទៅហើយ។ Fong បានបន្តទៀតថាពាក្យសម្តីដែលអ្នកមួយចំនួនថារូបគេមានមាត់ធំនេះ វាពិតជាប៉ះពាល់លោកខ្លាំងណាស់ដោយសារតែពាក្យសម្តីមើលងាយបែបនេះរូបគេជួបតាំងពីតូចមកម្ល៉េះ។

អ្នកបង្កើតមាតិការូបនេះបន្ថែមទៀតថា កាលពីខ្លួនលោកនៅក្មេងគឺមានគោលបំណងចង់កែមាត់នេះដូចគ្នាដោយសារតែទទួលបានការមើលងាយច្រើន ប៉ុន្តែមានមនុស្សល្អៗនៅជុំវិញខ្លួនលើកទឹកចិត្តថែមទាំងលើកឡើងថាមានអ្នកខ្លះទៅកែ ទៅចាក់បបូរមាត់ឱ្យធំទៀតផងទើបលោកសម្រេចចិត្តបោះបង់។
ពាក្យលើកទឹកចិត្តនេះបានជំរុញឱ្យ Fong គិតសាជាថ្មីដោយយល់ឃើញថារូបគេមានរូបសម្បត្តិប៉ុណ្ណេះមិនអាក្រក់នោះទេ ទើបធ្វើឱ្យរូបគេមានទឹកចិត្តមិនខ្វាយខ្វល់ខ្លាំងនឹងពាក្យសម្តីមើលងាយ។ ទោះបីជាមិនបាក់ទឹកចិត្តនឹងសម្តីមើលងាយរឿងមាត់ធំប៉ុន្តែក្នុងនាមជាមនុស្ស Fong ថាគឺមានបេះដូងនៅខឹងឆេះឆួល។ Fong បានបញ្ជាក់ថាលោកចេញមកនិយាយនេះគឺតែម្តងប៉ុណ្ណោះមិនចង់ឱ្យមានរឿងវែងឆ្ងាយទាក់ទងនឹងពាក្យដដែលៗនោះទេ ហើយបើខ្លួនលោកមិនពេញចិត្តកន្លែងណារូបគេនឹងទៅកែហើយដោយពុំចាំបាច់ឱ្យអ្នកណាមកនិយាយនោះទេ។ 
Fong ក៏បានឱ្យអ្នកបញ្ចេញមតិរិះគន់អ្នកដទៃគិតពិចារណាឡើងវិញ ប្រសិនបើជារូបគេកែមាត់តាមការបញ្ចេញមតិតើជីវិតអ្នកខម្មិននោះនឹងរីកចម្រើនឬអត់?៕










