ក្រពើភ្នំ ដែលជាប្រភេទសត្វកម្របំផុតលើលោកសរុបចំនួន ៨០ក្បាល ត្រូវបានលែងចូលដែនអភិរក្សសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង ដោយអង្គការរ៉ាយហ្សីងហ្វូនិក (Rising Phoenix) នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការដោះលែងសត្វកម្រនេះ គឺជាក្ដីសង្ឃឹមនៃការស្ដារអំបូរល្មូននេះឡើងវិញកុំឱ្យវិនាស ដ្បិតក្រពើនេះដើរតួនាទីសំខាន់ណាស់ក្នុងការស្រោចស្រង់ប្រព័ន្ធអេកូឡូស៊ីក្នុងទឹក។
.jpg)
បើតាមប្រសាសន៍របស់លោក អៀង សំណាង មន្ត្រីអង្គការរ៉ាយហ្សីងហ្វូនិក បានឱ្យដឹងថា បច្ចុប្បន្នចំនួនក្រពើភ្នំនៅទូទាំងប្រទេស កម្ពុជាមានប្រមាណតែ ៣០០ក្បាលប៉ុណ្ណោះ។ នេះគឺជាចំនួនដ៏តិចតួចបំផុត ដែលទាមទារឱ្យមាន ការ យកចិត្តទុកដាក់ខ្ពស់ពីក្រុមអ្នកអភិរក្សក្នុងការខិតខំបង្កើនចំនួនពួកវាឡើងវិញ តាមរយៈការលែងចូលទៅក្នុងដែនជម្រកធម្មជាតិ ជាដើម។
.jpg)
ការនាំក្រពើភ្នំត្រឡប់ទៅកាន់ជម្រកធម្មជាតិវិញ គឺជាវិធីសាស្ត្រដ៏ចម្បង ដើម្បីសង្គ្រោះពួកវាឱ្យរស់រានមានជីវិត ដែលផ្នែកមួយជួយស្ដារតុល្យភាពប្រព័ន្ធអេកូឡូស៊ីទឹកឱ្យកាន់តែប្រសើរឡើង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការរ៉ាយហ្សីងហ្វូនិក បានលែងក្រពើភ្នំចំនួន ៨០ក្បាល ចូលទៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដើម្បីឱ្យពួកវាអាចរស់រាន និងបន្តពូជនៅក្នុងទីជម្រកដ៏មានសុវត្ថិភាពមួយនេះ។
គួរជម្រាបថា ក្រពើភ្នំមិនមែនជាសត្វកាចសាហាវឡើយ ហើយវាក៏មិនដែលវាយប្រហារមនុស្សដែរ។ ក្រពើនេះ គឺជាភ្នាក់ងារដ៏សំខាន់បំផុតមួយក្នុងការថែរក្សាសុខភាពប្រព័ន្ធអេកូឡូស៊ីទឹក ជាពិសេសនៅតាមតំបន់ដីសើម និងស្ទឹងក្នុងព្រៃជ្រៅ។ ក្នុងនាមជាអ្នកប្រមាញ់ ក្រពើនេះមានតួនាទីក្នុងការរក្សាតុល្យភាពជីវៈចម្រុះ តាមរយៈការជួយគ្រប់គ្រងចំនួនត្រី និងសត្វទឹកដទៃទៀតមិនឱ្យមានការកើនឡើងហួសប្រមាណ ដែលជួយឱ្យខ្សែចង្វាក់អាហារក្នុងទឹកមានស្ថិរភាព និងសុខភាពល្អ។ .jpg)
វត្តមានសត្វកម្របំផុតលើលោកនេះ ក៏បញ្ជាក់ថា ប្រភពទឹកនោះមានគុណភាពល្អ និងមានប្រព័ន្ធព្រៃឈើនៅជុំវិញរឹងមាំផងដែរ។ មិនត្រឹមប៉ុណ្ណឹងទេ ក្រពើភ្នំ គឺជាំអ្នកបង្កើតជម្រកនៅរដូវប្រាំងផងដែរ តាមរយៈទម្លាប់ជីកកាយរណ្តៅដីរបស់ក្រពើភ្នំ បានបង្កើតជាត្រពាំងទឹកតូចៗ ដែលក្លាយជាទីជម្រកសង្គ្រោះជីវិតសម្រាប់ត្រី កង្កែប និងសត្វល្អិតទឹកជាច្រើនប្រភេទ ឱ្យអាចរស់រានមានជីវិតឆ្លងផុតរដូវប្រាំងដ៏រាំងស្ងួត។ ការការពារក្រពើភ្នំ គឺស្មើនឹងការការពារ «សរសៃឈាមទឹក» ដែលមនុស្ស និងសត្វព្រៃរាប់ពាន់ប្រភេទទៀតពឹងផ្អែក។
ក្រពើភ្នំ គឺជាប្រភេទសត្វទឹកសាប មានកំណើតនៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ប្រ៊ុយណេ ម៉ាឡេស៊ី ថៃ និងវៀតណាម។ ក្រពើភ្នំត្រូវបានចុះជា «ប្រភេទសត្វជិតផុតពូជបំផុត» ក្នុងបញ្ជីក្រហម អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងឆ្នាំ២០១២ ហើយវាត្រូវបានបាត់វត្តមានពីតំបន់ដែលវាធ្លាប់រស់នៅជាច្រើនរួចមកហើយ។ ចំណែក នៅក្នុងប្រទេសកម្ពុជា ក្រពើភ្នំនេះត្រូវបានគេគិតថាផុតពូជទៅហើយ ប៉ុន្តែក្រោយមក វាត្រូវបានគេប្រទះឃើញឡើងវិញនៅតាមជួរភ្នំក្រវាញក្នុងឆ្នាំ២០០០៕










