ថៃ និងប្រទេសជាច្រើនលើពិភពលោក កំពុងប្រឈមនឹងវិបត្តិថាមពល ដោយតម្លៃប្រេងឥន្ធនៈ ហ្គាស និងទំនិញឡើងថ្លៃកាន់តែខ្លាំង ដែលបញ្ហានេះប៉ះពាល់ដល់ពលរដ្ឋថៃគ្រប់រូប ។ កាលពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ សហព័ន្ធសាមគ្គីការងារថៃ, សហព័ន្ធកម្មករសហគ្រាសរដ្ឋ, គណបក្សសង្គមប្រជាធិបតេយ្យ ព្រមទាំងពលរដ្ឋជាច្រើននាក់ បានធ្វើបាតុកម្មតវ៉ានៅមុខក្រសួងថាមពល ដើម្បីប្រឆាំងនឹងការឡើងថ្លៃប្រេងឥន្ធនៈ អគ្គិសនី ហ្គាស និងទំនិញ ដោយទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាជាបន្ទាន់ ។
សារព័ត៌មាន Khaosod រាយការណ៍ថា នាវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២ ខែមេសា សហព័ន្ធសាមគ្គីការងារថៃ, សហព័ន្ធកម្មករសហគ្រាសរដ្ឋ, គណបក្សសង្គមប្រជាធិបតេយ្យ ព្រមទាំងពលរដ្ឋជាច្រើននាក់ បានធ្វើបាតុកម្មនៅមុខក្រសួងថាមពលតាមបណ្តោយផ្លូវវិផាវ៉ាឌីរាំងស៊ីត ដើម្បីប្រឆាំងការដំឡើងថ្លៃប្រេងដែលបណ្តាលឱ្យទំនិញឡើងថ្លៃគ្រប់មុខប៉ះពាល់ដល់ជីវភាពរស់នៅ ។

ក្រុមអ្នកតវ៉ាទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាដែលកើតឡើងនាពេលនេះ ព្រមទាំងឱ្យរដ្ឋាភិបាលទប់ស្កាត់កុំឱ្យហ្គាសឡើងថ្លៃផងដែរ តាមរយៈការដាក់លិខិតស្នើសុំជាច្រើនចំណុច ។ ពួកគេសង្ឃឹមថា រដ្ឋាភិបាលថៃ និងលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul នឹងដោះស្រាយបញ្ហាទាំងអស់ដើម្បីជាប្រយោជន៍ជាតិ និងពលរដ្ឋគ្រប់រូបដែលកំពុងតែលំបាកបំផុត មិនថាការធ្វើស្រែចម្ការ ការលក់ដូរតាមផ្លូវនៅទីក្រុងតូច-ធំ ។

ក្រៅពីនេះ ក៏ទាមទារឱ្យលោក Anutin ប្រកាសប្រទេសស្ថិតក្នុងស្ថានភាពអាសន្ន មុនពេលបញ្ហារាលដាលកាន់តែខ្លាំង ដោយតំណាងអ្នកតវ៉ាថា ប្រទេសថៃបានរងផលប៉ះពាល់ដោយសារសង្គ្រាមមជ្ឈិមបូព៌ា និងកំពុងរងទុក្ខយ៉ាងខ្លាំង មិនខុសគ្នាពីកំពុងស្ថិតក្នុងសង្គ្រាម ដោយសារថៃចាំបាច់ត្រូវការថាមពលសម្រាប់រស់នៅ ។ នាយករដ្ឋមន្ត្រីធ្លាប់និយាយថា ថៃមានប្រេងបម្រុងគ្រប់គ្រាន់អាចប្រើប្រាស់ចំនួន១០៦ថ្ងៃ ប៉ុន្តែត្រឹមតែ១ខែសោះ ថៃខ្វះខាតប្រេង ជាពិសេស នៅតាមខេត្ត ដូច្នេះ រដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាបន្ទាន់ កុំឱ្យខ្វះប្រេងពេលចូលឆ្នាំ ។
ក្រុមអ្នកតវ៉ាអំពាវនាវទៅកាន់ពលរដ្ឋថៃទាំងអស់រួមគ្នាបង្ហាញកម្លាំង និងគោលជំហររបស់ខ្លួន ដោយកុំបណ្តោយឱ្យក្រុមឈ្មួញទទួលបានផលចំណេញ ។ បន្ទាប់ពីពួកគេបានប្រគល់លិខិតតវ៉ាទៅឱ្យមន្ត្រីក្រសួងថាមពលរួចហើយ ក៏បន្តការធ្វើបាតុកម្មនៅវិមានរដ្ឋាភិបាលទៀត ដែលបាតុកម្មនេះ អ្នកចូលរួមបានកាន់បដាសរសេរអក្សរធំៗ ថែមទាំងបង្ហាញធុងហ្គាសដែលកំពុងតែឡើងថ្លៃ ៕










