ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្តល់សម្ភាសន៍ជាមួយកាសែត The Telegraph កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដោយនិយាយច្បាស់ៗថា កំពុងពិចារណាដកអាមេរិកចេញពីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដោយសារមិនពេញចិត្តនឹងប្រទេសសមាជិកអង្គការនេះបដិសេធមិនបញ្ជូនកងទ័ពមកជួយអាមេរិកធ្វើសង្គ្រា.មជាមួយអ៊ីរ៉ង់ ជាពិសេស មិនព្រមជួយបើកច្រកសមុទ្រ Hormuz ដើម្បីឱ្យនាវាដឹកប្រេងឥន្ធនៈឆ្លងកាត់ ។
លោកប្រធានាធិបតី Trump ថា កំពុងពិចារណាដកអាមេរិកចេញពីអង្គការ NATO បន្ទាប់ពីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ លោកដឹងតាំងពីយូរហើយថា អង្គការនេះគ្រាន់តែជាខ្លាក្រដាសប៉ុណ្ណោះ ។ សមាជិកអង្គការ NATO ក្នុងនាមជាសម្ព័ន្ធមិត្តកងទ័ពជាមួយអាមេរិក បែរជាស្ទាក់ស្ទើរក្នុងការបញ្ជូនកងទ័ពទៅជួយបើកច្រកសមុទ្រ Hormuz នៅពេលអាមេរិកត្រូវការ ហើយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានដឹងច្បាស់ពីអង្គការនេះដែរ ។
សមាជិកអង្គការ NATO គួរតែបញ្ជូនកងទ័ពទៅជួយបើកច្រកសមុទ្រ Hormuz ដើម្បីឱ្យនាវាដឹកប្រេងនានាឆ្លងកាត់ ដែលអ៊ីរ៉ង់បិទច្រកដើម្បីសងសឹកនឹងការវាយប្រហារពីអាមេរិក និងអ៊ីស្រាអែល ។ នេះជាការរិះគន់លើកចុងក្រោយរបស់លោកប្រធានាធិបតី Trump ទៅលើសមាជិកអង្គការ NATO ។
.jpg)
កាលពីថ្ងៃទី៣១ ខែមីនា លោកប្រធានាធិបតី Trump ទើបតែប្រាប់ទៅប្រទេសនានាដែលខ្វះខាតប្រេងយន្តហោះដោយសារបិទច្រកសមុទ្រ Hormuz ថា ត្រូវតែក្លាហានបើកច្រក និងរៀនសូត្រពីការតស៊ូដោយខ្លួនឯង អាមេរិកមិនជួយទៀតទេ ដោយសារពួកអ្នកមិនគាំទ្រអាមេរិក ។ លោកសួរថា តើសម្ព័ន្ធមិត្ត NATO នឹងជួយដែរឬទេ ពេលអាមេរិកត្រូវការ? មិនគួរឱ្យជឿទេ ដែលពួកគេមិនព្រមជួយ ខណៈអាមេរិកជួយប្រទេសផ្សេងៗរហូតមក រួមទាំងជួយអ៊ុយក្រែនផងដែរ ទាំងដែលអ៊ុយក្រែនមិនមែនជាបញ្ហារបស់អាមេរិក ។

ក្រៅពីនេះ លោកក៏បានរិះគន់ខ្លាំងៗទៅលើនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ដែលបដិសេធមិនឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានកងទ័ពនៅប្រទេសអង់គ្លេស ព្រមទាំងចំអកកងទ័ពជើងទឹករបស់អង់គ្លេសថា មានតែនាវាផ្ទុកយន្តហោះចាស់ៗខូចខាត ។.jpg)
សម្ព័ន្ធមិត្តអង្គការ NATO មិនយល់ពីគោលជំហររបស់មេដឹកនាំអាមេរិកទេ ដោយសារកន្លងមក សម្ព័ន្ធមិត្តអង្គការ NATO បានបញ្ជូនកងទ័ពទៅចូលរួមធ្វើសង្គ្រាមជាមួយអាមេរិកនៅប្រទេសអាហ្វហ្គានីស្ថាន រហូតដល់បាត់បង់ជីវិតកងទ័ពជាង១,១០០នាក់ ។

ចំណែកនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បញ្ជាក់ថា អង្គការ NATO នៅតែជាសម្ព័ន្ធមិត្តកងទ័ពមានប្រសិទ្ធភាពបំផុតជាមួយអាមេរិក ប៉ុន្តែអង្គការ NATO នឹងមិនចូលរួមក្នុងសង្គ្រាមវាយប្រហារអ៊ីរ៉ង់ ៕










