ខេត្តចំនួន១៧ នៅភាគខាងជើងប្រទេសថៃ ជាពិសេស ខេត្តឈៀងម៉ៃ ឈៀងរ៉ៃ មេហុងសន តាក និងណាន កំពុងគ្របដណ្តប់ដោយខ្យល់ពុលខ្លាំងបំផុត និងផ្សែងអួរអាប់ជាច្រើនសប្តាហ៍បង្កហានិភ័យខ្ពស់ដល់សុខភាពពលរដ្ឋ ដោយសារការដុតរានព្រៃ និងដីស្រែចម្ការ ។ បន្ទាប់ពីខ្យល់ពុល PM 2.5 កើនឡើងខ្លាំង លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul បានផ្តល់សិទ្ធិដល់អភិបាលខេត្តភាគខាងជើងប្រកាសអាសន្នពីគ្រោះម.ហន្តរាយខ្យល់ពុល និងបញ្ជាឱ្យមន្ត្រីក្រសួងមហាផ្ទៃចុះតាមតំបន់ជួយសង្គ្រោះពលរដ្ឋ ។
ពលរដ្ឋនៅភាគខាងជើងប្រទេសថៃបានរស់នៅជាមួយខ្យល់ពុលខ្លាំងប៉ះពាល់សុខភាពជាច្រើនសប្តាហ៍ ហើយបរិមាណខ្យល់ពុលបានកើនឡើងជាបន្តបន្ទាប់ ដោយសារការដុតរានព្រៃ និងដីស្រែចម្ការរបស់ពលរដ្ឋថៃ ។ កន្លងមក អាជ្ញាធរថៃចោទប្រកាន់ថា ខ្យល់ពុលបណ្តាលមកពីមីយ៉ាន់ម៉ាជាប្រទេសជិតខាងដុតព្រៃ ប៉ុន្តែខ្យល់ពុលលើកនេះកើតឡើងដោយសារពលរដ្ឋថៃខ្លួនឯង ។.jpg)
នាវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោក Anutin នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និយាយថា រសៀលថ្ងៃទី១ ខែមេសានេះ មន្ត្រីក្រសួងមហាផ្ទៃនឹងធ្វើដំណើរទៅកាន់ភាគខាងជើងជួយសង្គ្រោះពលរដ្ឋ ដោយលោកនឹងកោះប្រជុំមន្ត្រីស្ថាប័នពាក់ព័ន្ធជជែកពីបញ្ហាខ្យល់ពុល និងផ្តល់សិទ្ធិឱ្យអភិបាលខេត្តភាគខាងជើងប្រកាសអាសន្នពីគ្រោះមហន្តរាយខ្យល់ ។
កាលពីថ្ងៃទី៣១ ខែមីនា លោកបានបញ្ជាឱ្យលោក សុឆាតិ ឈុមក្លិន រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ទទួលខុសត្រូវដោះស្រាយបញ្ហាខ្យល់ពុលនៅភាគខាងជើង ដោយការចុះពិនិត្យមើលនៅតំបន់ជាក់ស្តែងជាមួយមន្ត្រីប្រចាំការនៅទីនោះ ។
គួរបញ្ជាក់ថា លោក Anutin បានកំណត់ឱ្យខេត្តភាគខាងជើងចំនួន១៧ អនុវត្តច្បាប់ប្រឆាំងនឹងអ្នកដុតរានព្រៃ ព្រមទាំងប្រមូលកម្លាំងជួយកាត់បន្ថយខ្យល់ពុល រហូតដល់ស្ថានការណ៍ត្រឡប់មកធម្មតាវិញ បន្ទាប់ពីខ្យល់ពុលនៅខេត្តទាំងនេះកើនឡើងខ្លាំងឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ក្រហម ។.jpg)
តាមរបាយការណ៍របស់ភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអាកាស និងភូមិសាស្ត្រ គឺបរិមាណធូលីតូចៗ PM 2.5 នៅភាគខាងជើងប្រទេសថៃបានឈានដល់កម្រិតពណ៌ក្រហម ឬធ្ងន់ធ្ងរ ប៉ះពាល់សុខភាពពលរដ្ឋយ៉ាងខ្លាំង ទើបលោក Anutin បារម្ភពីស្ថានការណ៍ខ្យល់ពុលក្នុងខេត្តទាំង១៧ ជាពិសេស ខេត្តឈៀងម៉ៃ ឈៀងរ៉ៃ មេហុងសន តាក និងណាន ។.jpg)
ក្រសួងមហាផ្ទៃកំណត់ឱ្យខេត្តនានារាយការណ៍ពីវិធានការកម្ចាត់ខ្យល់ពុលជាប្រចាំរហូតដល់ស្ថានការណ៍ធូរស្រាល ព្រមទាំងសុំការសហការពីពលរដ្ឋទូរស័ព្ទផ្តល់ដំណឹងជាបន្ទាន់ ប្រសិនបើឃើញភ្លើងឆេះព្រៃ ឬត្រូវការសង្គ្រោះ ៕










