Home ព័ត៌មានអន្តរជាតិ ប្លែកៗ! ផ្ទះទំហំមិនដល់១ម៉ែត្រក្លាយជាទីចាប់អារម្មណ៍ជុំវិញពិភពលោក

ប្លែកៗ! ផ្ទះទំហំមិនដល់១ម៉ែត្រក្លាយជាទីចាប់អារម្មណ៍ជុំវិញពិភពលោក

70
0

ផ្ទះមានទំហំតូចចង្អៀតមួយនៅទីក្រុងហួរ៉ាល់ ប្រទេសប៉េរូ កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ដោយសារវាមានទំហំមិនដល់១ម៉ែត្រ ប៉ុន្តែអាចដាក់សម្ភារៈទំនើបយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបែងចែកបន្ទប់ជាច្រើន ។ មនុស្សម្នាបានសម្រុកចូលមើលបរិវេណខាងក្នុង ប៉ុន្តែម្ចាស់ផ្ទះអនុញ្ញាតឱ្យចូលមើលម្តងត្រឹម២នាក់ប៉ុណ្ណោះដោយសារទីធ្លាចង្អៀត និងសង្ឃឹមថា ផ្ទះរបស់ខ្លួននឹងជាប់ចំណាត់ថ្នាក់ជាផ្ទះមានទំហំតូចចង្អៀតបំផុតលើពិភពលោក ពេលនេះ រង់ចាំការចុះមកត្រួតពិនិត្យរបស់ Guinness World Records ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp2kGM-olhm6j-DozjyhBor-1dVRkx8rJJGfVL4PKR4B1Ag_msEf-zsYTiySSUXpF2Ao1FiWmHAmeADcdT33sPPtDOnm3qqWJdUfIyacQ-2GMYYgdNFgDFt0Zvrdg5ZubTYh4QjPqPlNSNuRG478qBktTLJgtXekiVa7JxBKL2hECeS33dR-XjhXIlZpTf/s768/photo_2026-03-28_08-22-44%20(2).jpg

ម្ចាស់ផ្ទះ លោក Fabio Moreno បានដាក់ពាក្យទៅកាន់ Guinness World Records ដើម្បីឱ្យចាត់ចំណាត់ថ្នាក់ជាផ្ទះមានទំហំតូចចង្អៀតបំផុតលើពិភពលោក ពីព្រោះវាមានទំហំស្តើងបំផុត ហើយម្ចាស់ផ្ទះអះអាងថា បើទោះជាវាមានទំហំតូចបំផុតក៏ពិតមែន ប៉ុន្តែជាកន្លែងរស់នៅពិតប្រាកដ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ។

បច្ចុប្បន្ន ផ្ទះមានទំហំតូចៗទទួលបានការពេញនិយម និងតម្រូវការកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែផ្ទះរបស់លោក Fabio Moreno មានទំហំតូចយ៉ាងខ្លាំងបើប្រៀបធៀបនឹងផ្ទះផ្សេងៗ ។ ម្ចាស់ផ្ទះរចនាម៉ូដដោយខ្លួនឯងបានប្រាប់ពីគោលបំណងថា សេចក្តីសុខមិនអាស្រ័យលើទំហំផ្ទះតូច ឬធំនោះទេ ប៉ុន្តែស្ថិតលើការរៀបចំបរិវេណផ្ទះឱ្យមានប្រយោជន៍បំផុត ។ ពណ៌ស្រស់ឆើតឆាយរបស់វាបានក្លាយជាចំណុចទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នាជាច្រើនចូលមើល និងអាចក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlnJZptlFl5umn468scbjiZWovk7tl0lDFbBnS-XvJpJf7-9JEkXoT6-idEuYIBfiGKzTDCyOMZT7vJ_Z7DxOtNTEtFnF-8TpMuDLBjot2IBoe7SZKbxpUgweX0TP6FgY97HsRu1bjlrs1tqAdkl_D9UBoeZmuJ3BS4nzjjejBRQUwN_o6iZ57fBq_SVYU/s900/photo_2026-03-28_08-22-44%20(3).jpg

ទោះជារូបរាងខាងក្រៅមានលក្ខណៈបែបសិល្បៈ ប៉ុន្តែនៅបរិវេណខាងក្នុងវិញមានសម្ភារៈប្រើប្រាស់ទំនើបៗគ្រប់យ៉ាងមិនខុសគ្នាពីផ្ទះសម័យថ្មីទេ រួមមាន ៖ បន្ទប់ទឹក ផ្ទះបាយ បន្ទប់ទទួលទានអាហារ កន្លែងដើរ បន្ទប់គេង បន្ទប់ធ្វើការ កន្លែងលាងសម្អាត រហូតដល់មានជណ្តើរចំនួន២ សម្រាប់ឡើងពីជាន់ទី១ ទៅជាន់ទី២ ។ បើតាមការរៀបរាប់សម្ភារៈក្នុងផ្ទះ គេស្ទើរតែមិនជឿថា ផ្ទះដ៏តូចចង្អៀតបំផុតនេះអាចដាក់សម្ភារៈច្រើនសោះ ។

ម្ចាស់ផ្ទះអនុញ្ញាតឱ្យអ្នកធ្វើដំណើរឆ្លងកាត់ ឬអ្នកចាប់អារម្មណ៍អាចដើរត្រួតពិនិត្យនៅបរិវេណខាងក្នុងបាន ប៉ុន្តែក៏មានបន្ទប់ខ្លះហាមឃាត់ ហើយការចូលមើលមិនអាចចូលគ្នាច្រើន គឺអនុញ្ញាតត្រឹមតែ២នាក់ ដោយសារតែទីធ្លាចង្អៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6etUVlVv8A7G8cSLKIuUrvdTypK4OckvIZ2qOBtpsrf3Vaqqd3OscZwQPBFR88-gbu2Fbp0pkorooGSPw7WlsW-xvBedc1aVY_vBKVQ8B1N5UCwlk4PAGyhFIwNHOZox__80zh3twUOL9NQL7ByhdH6504CxFa7dh1E-8iNwaAlFPtRg4zraLCJtTYRif/s1280/photo_2026-03-28_08-22-44.jpg

លោក Fabio Moreno ប្រាប់ថា បានដាក់ពាក្យទៅកាន់ Guinness World Records រួចហើយដើម្បីឱ្យចាត់ចំណាត់ថ្នាក់ផ្ទះរបស់ខ្លួន ជាផ្ទះមានទំហំតូចចង្អៀតបំផុតលើពិភពលោក ប៉ុន្តែត្រូវឱ្យ Guinness World Records មកត្រួតពិនិត្យ, វាស់ទំហំផ្ទះយ៉ាងត្រឹមត្រូវ និងពិនិត្យមើលឯកសារផ្សេងៗ ។ លោកមានទំនុកចិត្តថា ផ្ទះនេះនឹងជាប់ចំណាត់ថ្នាត់មិនខាន ៕