Home ព័ត៌មានអន្តរជាតិ មន្ទីរពេទ្យថៃប្រឈមនឹងក្ស័យធន រងវិបត្តិចំណូលធ្លាក់ចុះធ្ងន់ធ្ងរ ក្រោយកម្ពុជាពហិការមិនទៅព្យាបាល

មន្ទីរពេទ្យថៃប្រឈមនឹងក្ស័យធន រងវិបត្តិចំណូលធ្លាក់ចុះធ្ងន់ធ្ងរ ក្រោយកម្ពុជាពហិការមិនទៅព្យាបាល

57
0

ប្រព័ន្ធសុខាភិបាលថៃបច្ចុប្បន្នកំពុងប្រឈមមុខនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារគ្មានថវិកាទ្រទ្រង់ បន្ទាប់ពីការបិទព្រំដែនកម្ពុជា-ថៃបណ្តាលឱ្យពលរដ្ឋខ្មែរធ្វើពហិការឈប់ទៅព្យាបាលនៅប្រទេសថៃដូចមុន ។ ទោះជាមេដឹកនាំថៃ និងស្ថាប័ននានាព្យាយាមលាក់បាំងព័ត៌មានមិនហ៊ាននិយាយការពិតពីប្រព័ន្ធសុខាភិបាលស្ថិតនៅមាត់ជ្រោះ ប៉ុន្តែការពហិការរបស់ពលរដ្ឋខ្មែរធ្វើឱ្យមន្ទីរពេទ្យថៃទាំងឯកជន និងរដ្ឋបាត់បង់ចំណូលយ៉ាងខ្លាំង ខណៈមុនពេលថៃឈ្លានពា.នកម្ពុជា មន្ទីរពេទ្យថៃនៅតាមបណ្តាខេត្តធ្លាប់អួតអាងពីការទទួលបានចំណូលច្រើន ។

តាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ប្រព័ន្ធសុខាភិបាលប្រទេសថៃកំពុងប្រឈមមុខនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារការខាតបង់ចំណូលរបស់មន្ទីរពេទ្យ កង្វះគ្រូពេទ្យ និងខ្វះខាតថវិកា ដែលប៉ះពាល់ដល់ការព្យាបាលអ្នកជំងឺ ស្តង់ដារសេវាកម្ម និងគ្រែអ្នកជំងឺ ។ ការប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងររបស់ប្រព័ន្ធសុខាភិបាលថៃ គឺបណ្តាលមកពីកត្តាធំៗជាច្រើន ទើបធ្វើឱ្យបច្ចុប្បន្ន មន្ទីរពេទ្យថៃជាច្រើនសម្រេចកាត់បន្ថយចំនួនគ្រែអ្នកជំងឺ ។

មន្ទីរពេទ្យថៃនៅតាមបណ្តាខេត្តជួបបញ្ហាខ្វះខាតថវិកា ដែលបង្ខំឱ្យមន្ទីរពេទ្យទាំងនេះសម្រេចកាត់បន្ថយការចំណាយភាគច្រើន រួមមាន ៖ កាត់បន្ថយចំនួនគ្រូពេទ្យ និងកំណត់ចំនួនគ្រែអ្នកជំងឺឱ្យតិចជាងមុន ។ លើសពីនេះ គ្រូពេទ្យត្រូវទទួលបន្ទុកបំពេញការងារកាន់តែច្រើន ដែលនាំឱ្យមានការព្រួយបារម្ភពីស្តង់ដារព្យាបាល និងសុវត្ថិភាពអ្នកជំងឺ ខណៈអ្នកជំងឺពិបាកទទួលបានការព្យាបាល ។

លោកវេជ្ជបណ្ឌិត Somsak Tiamkao អ្នកជំនាញផ្នែកសរសៃប្រសាទនៃសាកលវិទ្យាល័យខនកែន ព្រមានចំៗថា ប្រព័ន្ធសុខាភិបាលថៃបានឈានដល់ចំណុចគ្រោះថ្នាក់ ហើយគ្រូពេទ្យទទួលបន្ទុកការងារកាន់តែធ្ងន់ឡើង ។ លោកសំណូមពរឱ្យមានការជួយស្រោចស្រង់ប្រព័ន្ធសុខាភិបាលថៃនៅតាមបណ្តាខេត្ត ដើម្បីកុំឱ្យមន្ទីរពេទ្យជាច្រើនធ្លាក់ក្នុងវិបត្តិកាន់តែជ្រៅដោយសារគ្មានថវិកា និងខាតបង់ ។

ស្របពេលចំនួនអ្នកជំងឺកើនឡើង ប៉ុន្តែមន្ទីរពេទ្យបែរជាព្យាយាមកាត់បន្ថយការចំណាយ លោកវេជ្ជបណ្ឌិត Somsak និយាយថា ការកាត់បន្ថយការចំណាយរបស់មន្ទីរពេទ្យនឹងប៉ះពាល់ដោយផ្ទាល់ដល់ការទទួលសេវាព្យាបាលរបស់អ្នកជំងឺ ។ លោកវេជ្ជបណ្ឌិតជំរុញឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធស្វែងរកដំណោះស្រាយដើម្បីធានានូវនិរន្តរភាពរយៈពេលយូរអង្វែងសម្រាប់ប្រព័ន្ធសុខាភិបាលប្រទេសថៃ និងការពារមន្ទីរពេទ្យកុំឱ្យលិចលង់ក្នុងការខាតបង់ ដោយលោកសង្កត់ធ្ងន់ថា ការថែទាំសុខភាពមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នា ។

គួរបញ្ជាក់ថា មុនពេលស្ថានការណ៍តានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានពលរដ្ឋខ្មែររាប់ម៉ឺននាក់ក្នុង១ឆ្នាំៗបានសម្រុកទៅព្យាបាលជំងឺនៅមន្ទីរពេទ្យថៃ ហើយការទៅព្យាបាលនេះមិនត្រឹមតែផ្តល់ចំណូលយ៉ាងច្រើនដល់មន្ទីរពេទ្យប៉ុណ្ណោះទេ គឺថែមទាំងផ្តល់ចំណូលដល់ការដឹកជញ្ជូន សណ្ឋាគារ ការទិញទំនិញ និងចំណីអាហារហូបចុកផងដែរ ។ ការបាត់បង់អ្នកជំងឺខ្មែរដែលមានសម្បូរធនធាននោះ បានជំរុញឱ្យមន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋថៃកាន់តែដុនដាបខ្លាំងឡើង ស្របពេលពួកគេកំពុងជួបវិបត្តិស្រាប់ហើយ ៕