ភាពយន្តខ្មែរមានចំណងជើងថា «ចាស់កំព្រា» ពីតារាសម្តែងលោក ទេព រិនដារ៉ូ ដែលកំពុងចាក់បញ្ចាំងនៅក្នុងរោងកុនកំពុងតែក្តោបប្រជាប្រិយយ៉ាងខ្លាំងពីសំណាកអ្នកគាំទ្រ។ ក្រៅពីទស្សនាកម្សាន្តខ្សែភាពយន្តនេះបង្កប់អត្ថន័យជ្រាលជ្រៅខ្លាំងរហូតដល់តារាចម្រៀង ណុប បាយ៉ារិទ្ធ ជំរុញទឹកចិត្តឱ្យយុវវ័យទស្សនារឿងនេះ។

នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនតារាចម្រៀង ណុប បាយ៉ារិទ្ធ បានរៀបរាប់យ៉ាងដូច្នេះថា «សម័យនេះភាពយន្តច្រើនប្រភេទ ច្រើនប្រភេទដែលបន្តចាក់បញ្ចាំងនៅតាមរោងភាពយន្តជារៀងរាល់ថ្ងៃ ។ ក្នុងនោះខ្សែភាពយន្តខ្មែរមួយរឿងដែលផ្តល់នៅការអប់រំ សារដាស់តឿនយ៉ាងល្អសម្រាប់អ្នកទស្សនាពិសេសកូនៗទាំងអស់គឺរឿង«ចាស់កំព្រា» ខ្ញុំចង់អោយបងប្អូនទៅចូលរួមទស្សនាអោយបានគ្រប់ៗគ្នា ទស្សនារួចហើយកុំភ្លេចសំគាល់អារម្មណ៍របស់ខ្លួនឯងថា ទទួលបានអារម្មណ៍បែបណា? »។ 
តារាចម្រៀងក្នុងទ្រនំហង្សមាសរូបនេះបន្តទៀតថា «ខ្ញុំណែនាំជាពិសេសទៅប្អូនៗ ក្មួយៗសិក្សានុសិស្សជាពិសេសយុវវ័យប៉ុន្តែសម្រាប់នារីៗបើសិនជាអាចមិនបាច់ make upទេពេលទៅមើលហើយកុំភ្លេចដាក់ក្រដាស់ទៅឱ្យច្រើន។ មនុស្សប្រុសទប់អារម្មណ៍មិនបានផងទម្រាំនារី ? ទប់អារម្មណ៍រឿងអី ? ទៅមើលទៅដឹងហើយ។ សម្រាប់ខ្ញុំ ខ្ញុំមើលបាន២ដងហើយ នៅមានលើកទី៣ ទី៤ទៀត ព្រោះរឿងល្អមើលខ្ញុំអត់មើលម្តងទេ »។

ទទួលបាននូវការសរសើរនិងដឹងពីអត្ថន័យនៃសាច់រឿងរួមទាំងណែនាំឱ្យយុវវ័យទស្សនាខ្សែភាពយន្តខាងលើនេះលោក ទេព រិនដារ៉ូ ដែលជាតួអង្គសំខាន់ក្នុងសាច់រឿងក៏បានចែករំលែកអរគុណមកកាន់តារាចម្រៀង ណុប បាយ៉ារិទ្ធ ផងដែរ។
មែនទែនទៅនេះមិនមែនជាលើកទី១នោះទេសម្រាប់លោក ណុប បាយ៉ារិទ្ធ ដែលចេញមកសរសើរខ្សែភាពយន្តដែលផលិតផលដោយស្នាដៃកូនខ្មែរ កន្លងមករូបលោកក៏បានចែករំលែកចំណាប់អារម្មណ៍របស់ខ្លួនទៅលើខ្សែភាពយន្តខ្មែរមួយចំនួនដូចគ្នា៕










