រដ្ឋាភិបាលកូរ៉េខាងត្បូងមានគម្រោងផ្តល់ទិដ្ឋាការទេសចរណ៍ (Tourist Visa) រយៈពេលវែងរហូតដល់១០ឆ្នាំសម្រាប់ពលរដ្ឋវៀតណាម ដើម្បីសម្រេចគោលដៅទាក់ទាញភ្ញៀវទេសចរវៀតណាមមកលេងប្រទេសកូរ៉េខាងត្បូងឱ្យបានចំនួន៦សែននាក់ នៅឆ្នាំ២០២៦ ។ ការផ្តល់ទិដ្ឋាការនេះផ្តោតលើពលរដ្ឋវៀតណាមដែលរស់នៅទីក្រុងហាណូយ ហូជីមិញ និងដាណាង មានសិទ្ធិធ្វើដំណើរចេញ-ចូលកូរ៉េខាងត្បូងជាច្រើនលើក ។
.jpg)
តាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Saigon Times កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសពីយុទ្ធសាស្ត្រ «ការផ្លាស់ប្តូរដ៏សំខាន់ក្នុងវិស័យទេសចរណ៍អន្តរជាតិ» ដោយកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេសរហូតដល់៣០លាននាក់ ក្នុងនោះផ្តោតសំខាន់លើការបន្ធូរបន្ថយលក្ខខណ្ឌទិដ្ឋាការសម្រាប់ពលរដ្ឋវៀតណាម រួមទាំងកំណត់វិធានការគាំទ្រវិស័យទេសចរណ៍ក្នុងស្រុក ។

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េខាងត្បូងកំពុងតែពិចារណាពីការផ្តល់ទិដ្ឋាការទេសចរណ៍ដល់ពលរដ្ឋវៀតណាមអាចធ្វើដំណើរចេញ-ចូលកូរ៉េខាងត្បូងបានច្រើនលើក និងរយៈពេល១០ឆ្នាំ ទើបទិដ្ឋាការផុតសុពលភាព ជាពិសេស ការផ្តល់ទិដ្ឋាការផ្តោតលើពលរដ្ឋវៀតណាមរស់នៅទីក្រុងធំៗ ដូចជា ៖ ទីក្រុងហាណូយ ហូជីមិញ និងដាណាង ។
នេះជាការបន្ថែមរយៈពេលលើទិដ្ឋាការចាស់ដែលមានរយៈពេលត្រឹមតែ៥ឆ្នាំ ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមភ្ញៀវទេសចរវៀតណាមដែលមានជីវភាពធូរធា, ក្រុមអ្នកជំនាញ និងអ្នកធ្វើដំណើរទៅសួរសុខទុក្ខសាច់ញាតិរយៈពេលយូរ ។ វាជាយុទ្ធសាស្ត្រសំខាន់សម្រាប់ការបង្កើនទំនាក់រវាងកូរ៉េខាងត្បូងនិងវៀតណាម ក៏ដូចជាជំរុញឱ្យភ្ញៀវទេសចរវៀតណាមមកកូរ៉េខាងត្បូងម្តងហើយម្តងទៀត ។
.jpg)
កាលពីឆ្នាំ២០២៥ កូរ៉េខាងត្បូងទទួលបានភ្ញៀវទេសចរវៀតណាមស្មើជិត៥សែន ៥ម៉ឺននាក់ កើនឡើង៩% បើធៀបនឹងឆ្នាំ២០២៤ ។ នៅឆ្នាំ២០២៦ រដ្ឋាភិបាលកូរ៉េខាងត្បូងកំណត់គោលដៅទទួលភ្ញៀវទេសចរវៀតណាមរហូតដល់៦សែននាក់ ដែលចំនួននេះខ្ពស់ជាងចំនួនភ្ញៀវទេសចរវៀតណាមមកលេងកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៩ ឬខ្ពស់ជាងចំនួនភ្ញៀវទេសចរវៀតណាមមុនពេលជំងឺកូវីដ-១៩ ឆ្លងរាងត្បាត ។ រីឯភ្ញៀវទេសចរបរទេសសរុបដែលកូរ៉េខាងត្បូងទទួលបានកាលពីឆ្នាំ២០២៥ ស្មើជាង១៨លាននាក់ កើនឡើង១៥% បើធៀបនឹងឆ្នាំ២០២៤ ។.jpg)
ក្រៅពីនេះ កូរ៉េខាងត្បូងក៏បានពន្យារពេលការលើកលែងថ្លៃទិដ្ឋាការសម្រាប់ភ្ញៀវទេសចរវៀតណាម រួមទាំងភ្ញៀវទសចរមកពី៥ប្រទេសទៀតក្នុងតំបន់អាស៊ាន រហូតដល់ខែមិថុនា ឆ្នាំ២០២៦ ដើម្បីជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍ពីតំបន់អាស៊ាន ៕










