តារាសម្តែងហុងកុង Moses Chan និង Ali Lee បានមកដល់ទឹកដីកម្ពុជាហើយខណៈអ្នកទាំងពីរត្រូវចូលរួមកម្មវិធីមួយនៅល្ងាចថ្ងៃទី១៤ ខែមីនានេះ។ វត្តមានរបស់អ្នកទាំងពីរបានធ្វើឱ្យហ្វេនៗនិយមតាមដានរឿងភាគ TVB បង្ហាញការសប្បាយចិត្តផងដែរ។
ជារឿយៗតារាហុងកុងល្បីៗមួយចំនួនតែងតែត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីតាមរយៈវិស័យឯកជនដែលធ្វើឱ្យអ្នកគាំទ្រភាគច្រើនពុំសូវបានជួបជាមួយអាយដលឡើយ។ ទោះជាយ៉ាងណាអ្នកគាំទ្រខ្លះនៅតែបានជួយតារាក្នុងដួងចិត្តជាក់ស្តែងដូចជាតារាសម្តែង Grace Chan និង Kevin Cheng ដែលទើបមកកម្សាន្តនៅកម្ពុជាកាលពីពេលថ្មីៗនេះជាដើម។

មិនយូរប៉ុន្មានអ្នកគាំទ្រមានការសប្បាយចិត្តរីករាយម្តងទៀតបន្ទាប់ពីបានដឹងថាតារាសម្តែង Moses Chan និង Ali Lee មកបំពេញការងារនៅកម្ពុជា។ តាមរយៈរូបភាពដែលអ្នកគាំទ្រចែករំលែកអ្នកទាំងពីរពោរពេញទៅដោយស្នាមញញឹមរួសរាយរាក់ទាក់ដាក់ហ្វេនៗផ្តល់ហត្ថលេខាជាដើម។

Moses Chan ឬទស្សនិកជនស្គាល់តាមរយៈតួអង្គ មាន់ហ័រ (Man Wah) ក្នុងរឿង «វីរបុរសបង្ក្រាបស្តេចគ្រឿងញៀ.ន» (Narcotics Heroes) ឬតួអង្គ Zero ជាដើមជាតារាសម្តែងលេចធ្លោម្នាក់នៅលើកញ្ចក់ទូរទស្សន៍ TVB និងបានចូលសម្តែងអស់រយៈពេលជាង២០ឆ្នាំមកហើយ។ បច្ចុប្បន្នលោកមានអាយុ៥៤ឈានចូល៥៥ឆ្នាំ មានប្រពន្ធឈ្មោះថា Aimee Chan ដែលជាតារាសម្តែងម្នាក់ដូចគ្នា។ ក្រៅពីអាជីពសិល្បៈតារាប្រុសរូបនេះក៏មានអាជីវកម្មបើកហាងកាហ្វេផ្ទាល់ខ្លួនផងដែរ។

Ali Lee គឺជាតារាសម្តែងម្នាក់ដែលលេចមុខតាមរយៈរឿងភាគជាច្រើនក្នុងនោះនាងក៏សម្តែងក្នុងខ្សែភាពយន្តល្បី «អ្នកខ្លាំងអាវស» និងរឿង «AI កំពូលស្នេហ៍» ជាដើម។ តារាសម្តែងរូបនេះបច្ចុប្បន្នមានអាយុ ៤៣ឈានចូល៤៤ឆ្នាំ ដោយពុំទាន់រៀបការនៅឡើយ៕










