ខេត្តសំណាង! ស្ងាត់ៗរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីគម្រោងបង្កើតកំពង់ផែពហុបំណងនិងមណ្ឌលភស្តុភាកម្មថ្មីមួយនៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីបម្រើឱ្យនាវាដែលធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ ដឹកនាំទំនិញចេញ-ចូលឆ្លងកាត់បានរហូតដល់ជាង ២លានតោននៅក្នុងមួយឆ្នាំ។ នេះបើយោងតាមអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
.jpg)
តាមប្រភពខាងលើ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំងនេះ នឹងសាងសង់លើទំហំដីជាង៣០ហិកតា ដែលមានទីតាំងស្ថិតនៅ ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ នៅពេលបញ្ចប់ការសាងសង់ កំពង់ផែនេះនឹងបម្រើឱ្យនាវាដែលធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ ចូលចេញ ផ្ទេរផ្ទុក និងលើកដាក់ទំនិញទូទៅ រួមទាំងកុងតឺន័រនិងទំនិញចាក់ធារ។
.jpg)
បើតាមអនុក្រឹត្យ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង គឺទាំងមានដែនទឹកនិងដែនដីគោក ដោយមានស្ពានតភ្ជាប់រវាងផ្នែកទាំង២ ដើម្បីធានាការតភ្ជាប់និងការប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។
.jpg)
ដោយឡែក ចំពោះហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែរួមមាន អាហារដ្ឋាន ទីលានស្តុកទំនិញ ចំណតនាវា ទីលានស្តុកកុងតឺន័រ ឃ្លាំងស្តុកទំនិញ អគាររដ្ឋបាល អគារត្រួតពិនិត្យទំនិញ អគារស្នាក់នៅ ជញ្ជីងថ្លឹងរថយន្ត និងប្រព័ន្ធសុវត្ថិភាពផ្សេងៗ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងការការពារបរិស្ថាន សម្រាប់ប្រតិបត្តិការទាំងមូលនៃកំពង់ផែ។
ក្រោយការបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មនេះឡើងគេរំពឹងថា គម្រោងមួយនេះនឹងជួយអោយសេដ្ឋកិច្ចជាតិមានការរីកចម្រើនតាមរយៈការពង្រឹងវិស័យដឹកជញ្ជូន ជួយបង្កើតឱកាសការងារ និងផ្ដល់ឲ្យប្រជាជននៅក្នុងតំបន់ទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនសម្បូរបែប៕










