ស្ថានការណ៍សង្គ្រា.មនៅអ៊ីរ៉ង់ប្រែប្រួលកាន់តែខ្លាំង នៅពេលច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈដ៏សំខាន់លើពិភពលោក ក្លាយជាសន្លឹកបៀរចុងក្រោយរបស់អ៊ីរ៉ង់ដើម្បីប្រឆាំងជាមួយអាមេរិក និងអ៊ីស្រាអែល ។ អ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ថា អនុញ្ញាតឱ្យនាវាប្រទេសផ្សេងៗអាចឆ្លងកាត់ច្រកសមុទ្រ Hormuz យ៉ាងសេរី ឱ្យតែប្រទេសទាំងនោះហ៊ានបណ្តេញមន្ត្រីស្ថានទូតអាមេរិក និងអ៊ីស្រាអែល ចេញពីទឹកដីរបស់ខ្លួន ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Shafaq News កាលពីថ្ងៃទី៩ ខែមីនា កងកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ប្រកាសថា ប្រសិនបើបណ្តាប្រទេសអារ៉ាប់ ឬប្រទេសនានានៅតំបន់អឺរ៉ុបបណ្តេញមន្ត្រីស្ថានទូតអាមេរិក និងអ៊ីស្រាអែលចេញពីទឹកដីរបស់ខ្លួន អ៊ីរ៉ង់នឹងអនុញ្ញាតឱ្យនាវាប្រទេសនោះឆ្លងកាត់ច្រកសមុទ្រ Hormuz យ៉ាងសេរី ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ តទៅ ។
ការប្រកាសរបស់កងកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ត្រូវបានគេចាត់ទុកថា គឺជាការប្រឹងប្រែងរបស់រដ្ឋាភិបាលអ៊ីរ៉ង់ក្នុងការដាក់សម្ពាធប្រទេសទាំងឡាយឱ្យប្រឆាំងអាមេរិក និងអ៊ីស្រាអែល ស្របពេលស្ថានការណ៍សង្គ្រាមកាន់តែរាលដាលខ្លាំង ចាប់ពីតំបន់ឈានទៅប្រឈមមុខគ្នាលើពិភពលោក ។.jpg)
អនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក Majid Takht-Ravanchi ថា រដ្ឋាភិបាលអ៊ីរ៉ង់មានលក្ខខណ្ឌតែ១គត់ដើម្បីបញ្ចប់សង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល គឺហាមធ្វើប្រតិបត្តិការកងទ័ពបន្ថែមទៀតដែលអ៊ីរ៉ង់ចាត់ទុកជាការឈ្លានពាន ។ ប្រទេសជាច្រើន ដូចជា ៖ រុស្ស៊ី ចិន និងបារាំង បានទំនាក់ទំនងមកកាន់អ៊ីរ៉ង់ឱ្យកាត់បន្ថយស្ថានការណ៍តានតឹង និងជម្លោះ ។
កន្លងមក លោក Ali Larijani អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ថា ស្ថិរភាពនៅច្រកសមុទ្រ Hormuz ពិបាកនឹងកើតឡើងណាស់ បើអាមេរិក និងអ៊ីស្រាអែលនៅតែបង្កសង្គ្រាមក្នុងតំបន់ ។ លោកបានបង្ហោះសារឆ្លើយតបនឹងការលើកឡើងរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron អំពីការបញ្ជូននាវាចម្បាំងទៅកាន់ច្រកនេះ ដោយបញ្ជាក់ថា ច្រកសមុទ្រនេះពិបាកនឹងមានស្ថិរភាព ដោយសារប្រទេសខ្លះព្យាយាមបញ្ឆេះជម្លោះ ។
ចំណែកប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមវាយប្រហារអ៊ីរ៉ង់ខ្លាំងជាងមុន២០ដង បើនៅតែរារាំងមិនឱ្យនាវាដឹកប្រេងឥន្ធនៈរបស់ប្រទេសនានាឆ្លងកាត់ច្រកសមុទ្រ Hormuz ។ លោកបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ថា ៖ «បើអ៊ីរ៉ង់មិនអនុញ្ញាតឱ្យនាវាដឹកប្រេងនានាឆ្លងកាត់ច្រកសមុទ្រនេះ អាមេរិកនឹងវាយប្រហារអ៊ីរ៉ង់លើសមុនរហូតដល់២០ដង ព្រមទាំងបំផ្លាញគោលដៅសំខាន់ៗដែលធ្វើឱ្យអ៊ីរ៉ង់ពិបាកកសាងប្រទេសឡើងវិញ» ។ ក្រៅពីនេះ លោកកំពុងពិចារណាបន្ធូរបន្ថយទណ្ឌកម្មប្រេងលើរុស្ស៊ី និងបញ្ចេញប្រេងឆៅបម្រុងដើម្បីទប់ស្កាត់កុំឱ្យប្រេងឡើងថ្លៃ ។
គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់លើពិភពលោក ដោយការដឹកប្រេងឆ្លងកាត់ច្រកនេះស្មើ១ភាគ ក្នុងចំណោម៥ភាគ ។ ចិន និងប្រទេសផ្សេងៗនៅអាស៊ីពឹងផ្អែកលើច្រកនេះក្នុងការដឹកប្រេងឆៅ និងឧស្ម័នធម្មជាតិ ខណៈច្រកនេះបិទស្ទើរទាំងស្រុងតាំងពីសង្គ្រាមចាប់ផ្តើមថ្ងៃដំបូង ។
អ៊ីរ៉ង់បិទច្រកសមុទ្រនេះជំរុញតម្លៃប្រេងលើពិភពលោកកើនឡើងរហូតដល់១២០ដុល្លារក្នុង១បារ៉ែលកាលពីថ្ងៃទី៩ ខែមីនា ខណៈអ្នកវិភាគសន្និដ្ឋានថា តម្លៃប្រេងនឹងកើនឡើងកាន់តែខ្ពស់រហូតដល់២១៥ដុល្លារក្នុង១បារ៉ែល បើច្រកសមុទ្រនេះនៅតែមានបញ្ហាអូសបន្លាយ ៕










