គម្រោង “ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ” ដែលជាគម្រោងស្ពានឆ្លងកាត់ពីតំបន់ផ្សាររាត្រី ទៅជ្រោយចង្វាររាជធានីភ្នំពេញ និងបន្តទៅកាន់តំបន់អរិយក្សត្រខេត្តកណ្ដាល ត្រូវបានអនុប្រធានទី១ នៃរដ្ឋសភាកម្ពុជា ឯកឧត្តម ជាម យៀប លើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម យ៉ូន ហូដុក សមាជិករដ្ឋសភាកូរ៉េ ដើម្បីស្នើឲ្យកូរ៉េជួយពន្លឿនការបើកការដ្ឋានសាងសង់ ដ្បិតគម្រោងនេះត្រូវបានប្រកាសតាំងពីឆ្នាំ ២០២២ មកម្ល៉េះ។
តាមរយៈជំនួបទ្វេភាគីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី៩ ខែមីនា ភាគីទាំងពីរបានជជែកពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើនដើម្បីរឹតបន្តឹងចំណងមិត្តភាពដែលមានអាយុកាល ៥៥ ឆ្នាំ។ ក្នុងនោះអនុប្រធានទី១ នៃរដ្ឋសភាកម្ពុជា បានលើកសំណើរទៅកាន់សមភាគីសាធារណរដ្ឋកូរ៉េ ឲ្យជួយពិនិត្យលទ្ធភាពពន្លឿនការបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលជានិមិត្តរូបនៃមិត្តភាពដ៏រឹងមាំ។
.jpg)
គួរជម្រាបថា គម្រោងនេះត្រូវបានសម្ដេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីនៅពេលនោះ បានស្នើទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូងឱ្យជួយសាងសង់ស្ពានមិត្តភាពមួយខ្សែភ្ជាប់ពីតំបន់ផ្សាររាត្រី ទៅតំបន់ជ្រោយចង្វាររាជធានីភ្នំពេញ ហើយតភ្ជាប់បន្តទៅកាន់តំបន់អរិយក្សត្រខេត្តកណ្ដាល។ សំណើរនេះ ត្រូវបានសាធារណរដ្ឋកូរ៉េទទួលយក និងយល់ព្រមជួយសាងសង់នៅឆ្នាំ ២០២២ ជាមួយនឹងក្ដីរំពឹងថា ការដ្ឋានសាងសង់នឹងចាប់ផ្ដើមបើកនៅដើមឆ្នាំ២០២៥ ប៉ុន្តែលុះមកដល់បច្ចុប្បន្នគម្រោងនេះនៅមិនទាន់លេចចេញជារូបរាងនៅឡើយ។.jpg)
ទោះជាយ៉ាងណាក៏ដោយ បើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី១០ ខែមីនា នេះបានមានប្រសាសន៍ថា គម្រោង«ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ» មិនមានការប្រែប្រួលឡើយ ពោលគម្រោងកំពុងដំណើរការទៅមុខធម្មតា ខណៈភាគីកូរ៉េនៅតែបន្តនីតិវិធីផ្ទៃក្នុងរបស់ខ្លួនពាក់ព័ន្ធគម្រោងនេះ។ .jpg)
ដោយឡែក ពាក់ព័ន្ធពេលវេលានៃដំណើរការគម្រោង អ្នកនាំពាក្យបានធ្វើការបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងប្រកាសឱ្យពលរដ្ឋដឹងជាសាធារណៈ ខណៈក្រសួងសេដ្ឋកិច្ចបាននឹងកំពុងបន្តការងារដោះស្រាយផលប៉ះពាល់ដល់ពលរដ្ឋ។ ជាមួយគ្នា ក្រសួងសាធារណការនិងដឹកជញ្ជូននឹងបន្តគិតគូរបន្ថែមលើផ្លូវតភ្ជាប់ ដើម្បីប្រសិទ្ធភាពចរាចរណ៍ បញ្ចៀសការកកស្ទះជាដើម។ «មិនមានឧបសគ្គអ្វីទេ គ្រាន់តែកិច្ចការមួយចំនួនយើងត្រូវបំពេញ និងគិតគូរឱ្យបានខ្ពស់បំផុត ព្រោះជាខ្សែផ្លូវនិងស្ពានចូលមកកាន់រាជធានីភ្នំពេញ» លោកបានបន្ថែមដូច្នេះពាក់ព័ន្ធការអូសបន្លាយពេលបើកការដ្ឋានសាងសង់ស្ពាន។.jpg)
សូមជម្រាបថា បើតាមរបាយការណ៍ដែលចេញផ្សាយនាពេលកន្លងមកបានឲ្យដឹងថា គម្រោងស្ពាននេះ ជាប្រភេទស្ពានខ្សែកាប ប្រវែងសរុប២ ៣៧៥ម៉ែត្រ និងទទឹង២៧.៥ម៉ែត្រ គ្រោងចំណាយថវិកាសាងសង់ប្រមាណ២៣៥លានដុល្លារ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ៕










