សំឡេងរំខានពីការធ្វើចរាចរណ៍ពេលយប់ មិនមែនគ្រាន់តែរំខានត្រចៀក និងរំខានដំណេកប៉ុណ្ណោះទេ ប៉ុន្តែវាប៉ះពាល់សុខភាពផងដែរ ជាពិសេស បណ្តាលឱ្យផ្លាស់ប្តូរកម្រិតកូឡេស្តេរ៉ុល និងខ្លាញ់ក្នុងឈាម ។ ផលប៉ះពាល់សុខភាពពីសំឡេងរំខាន គឺបានដកស្រង់ពីការស្រាវជ្រាវនៅអឺរ៉ុបដែលផ្សព្វផ្សាយទៅកាន់ពិភពលោក ឱ្យយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងសំឡេងចរាចរណ៍ពេលយប់ ដោយបង្កើនការយល់ដឹងដល់អ្នកបើកបរដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពអ្នកដទៃ ។.jpg)
យោងតាមការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Oulu ប្រទេសហ្វាំងឡង់ និងត្រូវបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី Environmental Research ដោយបានវិភាគទិន្នន័យរបស់មនុស្សពេញវ័យជាង២សែន ៧ម៉ឺននាក់ ដែលការស្រាវជ្រាវនេះចែកចេញជា៣គម្រោង គឺគម្រោង UK Biobank, Rotterdam Study និង Northern Finland Birth Cohort 1966 បង្ហាញថា សំឡេងរំខានពីការធ្វើចរាចរតាមដងផ្លូវពេលយប់ គឺពាក់ព័ន្ធនឹងការផ្លាស់ប្តូរកម្រិតកូឡេស្តេរ៉ុល និងខ្លាញ់ក្នុងឈាមរបស់មនុស្សពេញវ័យ ។
អ្នកស្រាវជ្រាវបានចាក់សំឡេងរំខានពីចរាចរណ៍ពេលយប់ក្នុងផ្ទះអ្នកដែលចូលរួមស្រាវជ្រាវ ដើម្បីវិភាគពីការទទួលសំឡេងរំខាន ពីព្រោះពេលយប់ គឺជាពេលដែលមនុស្សភាគច្រើនសម្រាកនៅផ្ទះ ហើយសំឡេងចរាចរណ៍តែងតែរំខានដំណេក ។ អ្នកស្រាវជ្រាវបានប្រើប្រាស់វិធីវិភាគកម្រិតខ្ពស់ក្នុងការវាស់វែងសូចនាករជីវសាស្ត្រចំនួន១៥៥ប្រភេទពីគំរូឈាម ដែលពួកគេអាចភ្ជាប់ការប៉ះពាល់ជាមួយសំឡេងរំខានពេលយប់ក្នុងរយៈពេលយូរ ជាមួយការផ្លាស់ប្តូរផ្នែកមេតាប៉ូលិចជាក់លាក់ដែលរកឃើញក្នុងឈាម ។.jpg)
លទ្ធផលការស្រាវជ្រាវបង្ហាញថា បន្ទាប់ពីអ្នកចូលរួមបានទទួលសំឡេងរំខានពីចរាចរណ៍ គឺការផ្លាស់ប្តូរកម្រិតខ្លាញ់ក្នុងឈាមចាប់ផ្តើមបង្ហាញឡើងចាប់ពីកម្រិតសំឡេង៥០ (dB) ឡើងទៅ ហើយកម្រិតខ្លាញ់ក្នុងឈាមផ្លាស់ប្តូរកាន់តែខ្លាំងពេលឮសូរកម្រិតសំឡេងលើសនេះ ជាពិសេស សំឡេងរំខានពីចរាចរណ៍ដែលឮសូរខ្លាំងៗលើស៥៥ឌីស៊ីបែល ។ សំឡេងរំខានពីចរាចរណ៍ក៏ប៉ះពាល់ដល់កម្រិតកូឡេស្តេរ៉ុលប្រភេទ LDL (ឬកូឡេស្តេរ៉ុលអាក្រក់) ផងដែរ ព្រមទាំងប៉ះពាល់កម្រិតខ្លាញ់ពាក់ព័ន្ធ ដូចជា ៖ អាស៊ីតខ្លាញ់ និងខ្លាញ់ពាក់ព័ន្ធជាមួយកោសិកា ។
ការស្រាវជ្រាវនេះត្រូវបានទទួលស្គាល់ថា គឺជាការស្រាវជ្រាវពាក់ព័ន្ធនឹងសុខភាពបេះដូង សរសៃឈាម និងប្រព័ន្ធរំលាយខ្លាញ់ ដោយអ្នកស្រាវជ្រាវបានបញ្ជាក់ពីទំនាក់ទំនងរវាងសំឡេងរំខានជាមួយសុខភាព គឺប្រសិនបើយើងទទួលសំឡេងរំខានពីចរាចរណ៍កាន់តែខ្លាំង ការផ្លាស់ប្តូរកម្រិតកូឡេស្តេរ៉ុល និងខ្លាញ់ក្នុងឈាម ក៏កាន់តែខ្លាំងដូចគ្នា ។
បើតាមសាស្ត្រាចារ្យឈ្មោះ Yiyan He និងជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oulu គឺការស្រាវជ្រាវនេះបង្ហាញឱ្យឃើញថា សំឡេងរំខានពីការធ្វើចរាចរណ៍ពេលយប់នឹងប៉ះពាល់សុខភាព បើទោះជាផលប៉ះពាល់ខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ក្តី ។ រីឯសាស្ត្រាចារ្យ Sylvain Sebert មកពីសាកលវិទ្យាល័យដដែលថា សំឡេងរំខានដោយសារចរាចរណ៍ពិតជាប៉ះពាល់បេះដូង សរសៃឈាម និងភាពខុសប្រក្រតីនៃប្រព័ន្ធរំលាយអាហារ ។ ហេតុនេះ គួរចាត់ទុកសំឡេងរំខានផ្សេងៗពីខាងក្រៅបណ្តាលឱ្យប៉ះពាល់សុខភាព មិនមែនគ្រាន់តែរំខានត្រចៀកទេ ៕










