តើមានវិធីអ្វីខ្លះអាចបន្ទុំផ្លែស្វាយឱ្យទុំឆាប់ៗតាមបែបធម្មជាតិ និងមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ ដោយពុំចាំបាច់ប្រើប្រាស់ថ្មស្អុយ ឬសារធាតុគីមីផ្សេងៗដែលនាំឱ្យប៉ះពាល់សុខភាព ។ វិធីបន្ទុំផ្លែស្វាយឱ្យទុំឆាប់ៗតាមបែបធម្មជាតិអាចអនុវត្តបានច្រើនវិធី និងងាយស្រួលផងដែរ ។
ផ្លែស្វាយអាចទុំដោយខ្លួនឯងបន្ទាប់ពីបេះពីដើម ពីព្រោះវាបញ្ចេញឧស្ម័ន Ethylene គឺជាអរម៉ូនរុក្ខជាតិដែលជំរុញឱ្យស្វាយឆាប់ទុំ ។ ហេតុនេះ ប្រសិនបើយើងរក្សា ឬបង្កើនបរិមាណឧស្ម័ន Ethylene នៅជុំវិញ វានឹងជួយជំរុញឱ្យស្វាយទុំឆាប់ៗ ដោយពុំចាំបាច់ប្រើប្រាស់សារធាតុគីមី ។.jpg)
ទាំងនេះគឺជាវិធីបន្ទុំស្វាយងាយៗតាមធម្មជាតិ ៖
១-ដាក់ស្វាយក្នុងថង់ក្រដាស ឬរុំក្រដាសកាសែត ៖ វិធីនេះទទួលបានផល និងមានប្រសិទ្ធភាព ដោយការយកស្វាយមកដាក់ក្នុងថង់ក្រដាស ឬយកក្រដាសកាសែតមករុំក៏បាន បន្ទាប់មក យកស្វាយទៅដាក់ក្នុងបន្ទប់ ហាមដាក់ក្នុងទូរទឹកកក ។ ថង់ក្រដាសនឹងជួយរក្សាឧស្ម័ន Ethylene នៅជុំវិញស្វាយ ធ្វើឱ្យវាទុំក្នុងរយៈពេលចាប់ពី១ថ្ងៃ ទៅ៣ថ្ងៃ ។

២-ដាក់ស្វាយជាមួយចេកទុំ ឬផ្លែឈើទុំផ្សេងៗ ៖ ចេកទុំនឹងបញ្ចេញឧស្ម័ន Ethylene កម្រិតខ្ពស់ ហើយវាជួយពន្លឿនឱ្យស្វាយឆាប់ទុំ ។ ចូរដាក់ស្វាយជាមួយចេកទុំក្នុងថង់ក្រដាសជាមួយគ្នា រួចហើយបិទមាត់ថង់ក្រដាសកុំឱ្យជិតពេក និងយកដាក់ក្នុងបន្ទប់ ដែលវិធីនេះជួយឱ្យស្វាយទុំចាប់ពី១ថ្ងៃ ទៅ២ថ្ងៃ ។.jpg)
៣-ដាក់ស្វាយក្នុងធុងផ្លាស្ទិកធំៗ ៖ បើគ្មានថង់ក្រដាសទេ យើងអាចដាក់ក្នុងធុងផ្លាស្ទិកធំៗជំនួសបាន ប៉ុន្តែកុំបិទគំរបធុងជិតពេក កុំដាក់ក្រោមកំដៅថ្ងៃក្តៅខ្លាំង ហើយធុងផ្លាស្ទិកត្រូវមានប្រហោងតូចៗដើម្បីឱ្យខ្យល់ចេញ-ចូល ។ វិធីនេះក៏ជួយឱ្យស្វាយទុំឆាប់បានបរិភោគផងដែរ ។
សរុបមក យើងអាចបន្ទុំស្វាយឱ្យឆាប់ទុំតាមបែបធម្មជាតិដោយងាយស្រួល ដោយគ្រាន់តែដាក់វាក្នុងថង់ក្រដាស, រុំក្រដាសកាសែត, បន្ទុំជាមួយចេកទុំ, ដាក់ក្នុងធុងផ្លាស្ទិកធំៗ និងដាក់ក្នុងបន្ទប់ដែលមានសីតុណ្ហភាពមិនក្តៅពេក មិនត្រជាក់ពេក ។ គ្រាន់តែអនុវត្តតាមវិធីនេះធានាថា ស្វាយនឹងឆាប់ទុំមានរសជាតិផ្អែម សុវត្ថិភាព មិនចាំបាច់ប្រើប្រាស់សារធាតុគីមីជួយពន្លឿនការបន្ទុំនោះទេ ៕










