ស្របពេលមតិយោបល់អវិជ្ជមានចោទប្រកាន់មកលើតារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស និង ជី ដេវីត យកវប្បធម៌ខ្មែរមកធ្វើអាជីពកម្មមានមនុស្សមិនតិចទេដែលចេញមុខការពារតារាចម្រៀងទាំងពីររូបនេះ។ លើសពីនេះទៅទៀត វីតា ដែលជាអ្នកសិល្បៈមួយរូបនិងខ្នះខ្នែងនៅតាមបន្ទាត់ព្រំដែនស្រាប់តែចេញមកធានាអះអាងហ៊ានយកក្បាលរបស់ខ្លួនបញ្ជាក់ពីទឹកចិត្តបរិសុទ្ធរបស់ប្តីប្រពន្ធមួយគូនេះ។
.png)
វីតា បានបង្ហោះនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី៤ ខែមីនា អមជាមួយនឹងរូបភាព Screenshot ប្រតិបត្តិការផ្ទេរសាច់ប្រាក់ម្តងៗរាប់ពាន់ដុល្លារដែល ជី ដេវីត បានបាញ់ឱ្យខ្លួនជួយដល់កងទ័ពនៅតាមបណ្តោយព្រំដែន។ ជាមួយនឹងរូបភាព វីតា បានរៀបរាប់ថា «ប៉ុន្មានថ្ងៃនេះខ្ញុំជាប់នៅតាមព្រំដែនមិនសូវបានតាមដានរឿង។ បើចោទថាអ្នកទាំងពីរ( ទេព បូព្រឹក្ស និង ជី ដេវីត ) យកវប្បធម៌ដាក់មុខ ដើម្បីជាប្រយោជន៍ខ្ញុំដាក់ក្បាលធានាដើមទុន»។

វីតា បានបន្តទៀតថា «អ្នកទាំងពីរកើតពីការគោរព ថែរក្សា ទើបផលបុណ្យតបមកពួកគាត់ ទោះជួបភ្លៀងផ្គរយ៉ាងណាក៏រឹតតែរីកចម្រើន .. ខាងក្រោមត្រួសៗ ខ្ញុំឆាតទៅទិញសំបុត្រខនសឺតVIPគាត់ តែសភាពការណ៍មិនល្អគ្នាត្រូវរំសាយចោលទាំង២លើក លុយសំបុត្របាញ់ឱ្យអ្នកគ្រាំទ្រវិញ តែខ្ញុំមិនទទួលវិញក៏ចូលជាមូនិធិគាត់កាលនោះ»។ នាងបន្តទៀតថា « តាំងពីនោះមកគាត់ចូលរួមតាមខ្ញុំរហូត មិនថាស្បៀង មិនថាចូលបុណ្យទ័ពពលី មិនថាចុះផ្ទាល់ មិនថាចូលរួមជាវរបស់ដាក់ទីប្រាសាទព្រះវិហារ ច្រើនណាស់ដែលអ្នកទាំងពីជួយដោយគ្មានសុំឱ្យផុសអីទេ ណាស់តែខ្ញុំទេអ្នកណាជួយអីត្រូវតែផុសមិនអាចលាក់»។

គួរបញ្ជាក់ផងដែរថា គម្រោងសម្តែងនៅប្រទេសហ្វីលីពីនខាងមុខនេះ ទេព បូព្រឹក្ស គ្រាន់តែចំណាយថ្លៃសំបុត្រយន្តហោះជាង២ម៉ឺនដុល្លារ។ ទោះយ៉ាងណា នេះក៏ប្រហែលជាគម្រោងចុងក្រោយរបស់តារាចម្រៀងរូបនេះដូចគ្នា។ ទេព បូព្រឹក្ស បានសរសេរនៅលើបណ្តាញសង្គមកាលពីថ្ងៃទី៣ ថា «សង្ឃឹមថានេះជាការរួមចំណែក ចុងក្រោយរបស់ខ្ញុំហើយ ខ្ញុំនឹងធ្វើឱ្យបានល្អបំផុត ខ្ញុំនឹងនាំអ្នកទៅលើឆាកអន្តរជាតិជាមួយខ្ញុំយើងនឹងរួមគ្នាបង្ហាញអ្វីជាភាពខ្លាំង និង ភាពជាម្ចាស់ដើមយ៉ាងពិតប្រាកដ ដំណើរបន្ទាប់ពីនេះខ្ញុំនឹងប្រគល់ភារកិច្ចនេះជូនអ្នកវិញ»៕









