Home ព័ត៌មានជាតិ ក្រសួងអប់រំ ព្រមានធ្វើតាមច្បាប់ បើមានជនណាធ្វើសកម្មភាពប៉ះពាល់កិត្តិយសរបស់គ្រូ និងមន្ត្រីអប់រំ

ក្រសួងអប់រំ ព្រមានធ្វើតាមច្បាប់ បើមានជនណាធ្វើសកម្មភាពប៉ះពាល់កិត្តិយសរបស់គ្រូ និងមន្ត្រីអប់រំ

20
0

ថ្មីៗនេះ មានការបង្ហោះ និងចែកចាយវីដេអូខ្លីមួយនៅលើបណ្តាញសង្គម Facebook ដែលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកគ្រូជាប់កិច្ចសន្យាមួយរូប នៃសាលាបឋមសិក្សា ក្នុងខេត្តពោធិ៍សាត់។

ជុំវិញករណីនេះ ក្រសួងអប់រំ យុវជន និងកីឡា ស្នើឱ្យម្ចាស់គណនី Facebook និងអ្នកដែលបានចែកចាយបន្ត សូមលុបវីដេអូនេះចេញជាបន្ទាន់ពីគ្រប់បណ្តាញសង្គម។

នៅក្នុងវីដេអូដែលបានចែកចាយលើបណ្តាញសង្គមគេឃើញថា៖” មានបុរសម្នាក់បានធ្វើសកម្មភាពថតវីដេអូ និងការប្រើពាក្យសំដីមិនសមរម្យ ដែលបានចូលធ្វើសកម្មភាពរំខានដល់ការបំពេញការងារ និងរៀនសូត្ររបស់សិស្ស នៅក្នុងបរិវេណសាលារៀន”។

ក្រសួងអប់រំ ចាត់ទុកទង្វើនេះជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយសមន្ត្រីរាជការ ជាពិសេសគ្រូបង្រៀនជាស្ត្រី ដែលជារៀងមក ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់តម្លៃ និងការគោរពចំពោះមន្ត្រីរាជការ បុគ្គលិកអប់រំទាំងអស់ ជាពិសេសគ្រូបង្រៀនជាស្ត្រី ទាំងមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា។

បន្ថែមពីនេះ ក្រសួងក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ក្នុងករណីដែលមានសកម្មភាពទាំងនេះកើតឡើងម្តងទៀត ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន។