ថ្មីៗនេះនៅលើបណ្តាញសង្គមអ្នកលក់អនឡាញល្បីៗឈ្មោះបានប៉ះទង្គិចពាក្យសម្តីគ្នាដោយបញ្ចេញសាររៀងៗខ្លួនបង្កឱ្យមានការពិភាក្សាយ៉ាងក្តៅគគុក។ ស្របពេលនេះរឿងនេះរីកសាយភាយលោកជំទាវឧកញ៉ា នឹម វណ្ណៈ បាននិយាយប៉ុន្មានម៉ាត់ឱ្យម្ចាស់ប្រ៊េនដែលឈ្មោះប្រកែកគ្នាឱ្យមានម្ចាស់ការលើខ្លួនឯងជាជាងស្តាប់សម្តីអុចអាលអ្នកដទៃ។

ឈានចូលថ្ងៃទី៥ ខែមីនា លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានបញ្ចេញសំណេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «តំណាងនាំភ្លើង” មិនមែនជាអ្នករងគ្រោះជាមួយយើងទេ
នៅពេលមានរឿងរកាំរកូសជាមួយដៃគូប្រកួតប្រជែង ឬអតិថិជន មនុស្សជុំវិញខ្លួនមួយចំនួន (តំណាងចែកចាយ ឬអ្នកលើកជើង) ច្រើនតែផ្ដល់យោបល់បែបចាក់សាំងលើភ្លើង ដើម្បីបង្ហាញពីភាពស្មោះត្រង់របស់គេ។ ប៉ុន្តែនៅពេល “ភ្លើងឆេះផ្ទះ” ឬ “ប្រេនបាក់ឈ្មោះ” អ្នកដែលរងសម្ពាធ និងខាតបង់ថវិកាពិតប្រាកដគឺ ម្ចាស់ប្រេន ម្នាក់ឯងគត់»។

លោកជំទាវឧកញ៉ា បន្តថា« មានបញ្ហា មានតែខ្លួនទីពឹងខ្លួន។ ក្នុងនាមជាម្ចាស់ប្រេន ត្រូវមាន ម្ចាស់ការលើអារម្មណ៍៖ កុំឱ្យសម្តីអ្នកដទៃមកបញ្ជាខួរក្បាលយើងបាន។ ការពិចារណាឱ្យវែងឆ្ងាយមុននឹងសម្រេចចិត្តតបត ឬប្ដឹងផ្ដល់ ត្រូវសួរខ្លួនឯងថា តើវាចំណេញដល់អាជីវកម្មយើងក្នុងរយៈពេលវែងដែរឬទេ?»។ លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានសង្កត់ធ្ងន់ថា« មនុស្សដែលពូកែញុះញង់ឱ្យយើងឈ្លោះ ភាគច្រើនគឺជាអ្នកដែលគ្មានអ្វីត្រូវបាត់បង់ ។ ចំណែកយើងជាម្ចាស់ប្រេន យើងមាន “កេរ្តិ៍ឈ្មោះ” និង “ទ្រព្យសម្បត្តិ” ដែលត្រូវការពារ ដូច្នេះមិនត្រូវយកខ្លួនទៅបោកនឹងថ្មតាមការអូសទាញរបស់គេឡើយ»។

គួរឱ្យដឹងថា មុននឹងមានការបង្ហោះបែបនេះរបស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ នៅក្នុងរង្វង់អនឡាញម្ចាស់ប្រ៊េនធំៗដូចជាលោកស្រី ទ្រី ដាណា លោកជំទាវ ឡៃ ស៊ូយៀក និមល និង Ah Pop បានបញ្ចេញសារយ៉ាងក្តៅគគុក។ ដៃគូជំនួញអនឡាញ លោកស្រី ទ្រី ដាណា និង លោកជំទាវ ឡៃ ស៊ូយៀក ត្រូវបានអ្នកលេងបណ្តាញសង្គមគិតថាជាគូបដិបក្ខមានបញ្ហាចម្រូងចម្រាសធំជាងគេ៕









