ដើមត្នោត គឺជារុក្ខជាតិមួយប្រភេទដុះយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសកម្ពុជាតាំងពីយូរណាស់មកហើយ និងជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ដូនតាយើង ។ ដើមត្នោតមានកម្ពស់ចាប់ពី១០ម៉ែត្រ ទៅ១៥ម៉ែត្រ មានស្លឹករាងដូចផ្លិតធំៗ ផ្លែច្រើន និងផ្តល់នូវសារៈប្រយោជន៍ជាច្រើនរាប់មិនអស់សម្រាប់ពលរដ្ឋកម្ពុជា ។ ប៉ុន្តែថៃជាប្រទេសជិតខាងព្យាយាមបង្ហាញអត្តសញ្ញាណដើមត្នោតជារបស់ខ្លួនទៅកាន់ពិភពលោក តាមរយៈការយកផ្លែត្នោតមកធ្វើចំណីអាហារជាច្រើនមុខផ្សព្វផ្សាយទៅភ្ញៀវទេសចរ ។
ពលរដ្ឋកម្ពុជាយើងដែលរស់នៅក្នុងប្រទេសសម្បូរដើមត្នោត គួរតែជួយអភិរក្ស និងលើកស្ទួយសម្បត្តិធម្មជាតិដ៏មានតម្លៃនេះ ពីព្រោះដើមត្នោតក៏មានមុខងារយ៉ាងពិសេសក្នុងការផ្តល់ប្រាក់ចំណូលដល់កសិកររស់នៅតាមស្រុកស្រែចម្ការក្នុងការចិញ្ចឹមជីវិតដែលបានមកពីដើមត្នោត មិនថាផ្លែ ស្លឹក ធាង ទឹក និងផ្កា ។ រុក្ខជាតិប្រភេទនេះផ្តល់សារៈប្រយោជន៍ជាច្រើនសម្រាប់ពលរដ្ឋកម្ពុជា ដូចជា ៖
១-ស្លឹកត្នោត ៖ ធ្វើមួក កន្ត្រក កន្ទេល វត្ថុអនុស្សាវរីយ៍ស្អាតៗ និងវេចខ្ចប់ចំណីអាហារ
២-ផ្លែត្នោត ៖ ធ្វើចំណីអាហារមានរសជាតិឈ្ងុយឆ្ងាញ់
៣-ដើមត្នោត ៖ ធ្វើទូក ស្លាបព្រាប វែក ថាស ចានស្រាក់ ត្បាល់ និងអង្រែ
៤-ទឹកត្នោត ៖ ធ្វើស្ករត្នោត និងទឹកត្នោតជូរ ទឹកត្នោតផ្អែម ។.jpg)
បន្ទាប់ពីមើលឃើញសារៈប្រយោជន៍រាប់មិនអស់របស់ដើមត្នោត ខេត្តពេជ្របុរីរបស់ថៃ ក៏បានដាំដើមត្នោតជាច្រើនកន្លែងដើម្បីទាញយកសារៈប្រយោជន៍ផង និងបង្ហាញអត្តសញ្ញាណដើមត្នោតទៅកាន់ភ្ញៀវទេសចរផង ដោយអ្នកជំនាញដើមត្នោតក្នុងខេត្តនេះបានចែករំលែកចំណេះដឹងពីដើមត្នោតទៅកាន់ភ្ញៀវទេសចរដែលចាប់អារម្មណ៍ពីរបៀបដាំដុះ រហូតដល់ការកែច្នៃទឹកត្នោតជាស្ករ ។ ក្រៅពីនេះ ថៃបានធ្វើចំណីអាហារជាច្រើនមុខពីផ្លែត្នោតផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរទៀតផង ។
តាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ចំណីអាហារជាច្រើននៅខេត្តពេជ្របុរី ត្រូវបានធ្វើឡើងពីផ្លែត្នោត បន្ទាប់ពីខេត្តនេះបានដាំដើមត្នោជាច្រើនកន្លែង ជាពិសេស ដាំនៅស្រុកបានឡាត ។ ក្រៅពីនេះ នៅខេត្តពេជ្របុរី ក៏បានផលិតស្ករពីទឹកត្នោតផងដែរ ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ធ្វើចំណីអាហារជាច្រើនប្រភេទក្នុងខេត្ត ដូចជា ៖ សង់ខ្យា និងនំត្នោត ។

បច្ចុប្បន្ន ខេត្តពេជ្របុរី បានក្លាយជាខេត្តផលិតស្ករពីទឹកត្នោតដ៏ច្រើនបំផុតនៅប្រទេសថៃ ហើយខេត្តនេះបានចាត់ទុកដើមត្នោតគឺជាអត្តសញ្ញាណរបស់ខ្លួន ព្រមទាំងបណ្តុះបណ្តាលពលរដ្ឋ និងភ្ញៀវទេសចរបរទេសពីវិធីធ្វើស្ករ ។ នៅឃុំថាំរ៉ង ស្រុកបានឡាត ខេត្តពេជ្របុរី ពលរដ្ឋថៃបានដាំដើមត្នោតលើផ្ទៃដីចំនួន១០រ៉ៃ (ឬប្រមាណ៤ហិកតា) ស្មើនឹង៤៥០ដើម ដើម្បីទាញយកផលប្រយោជន៍ពីដើមឆ្នោត ។
ក្រៅពីផ្តល់សារៈប្រយោជន៍ ដើមត្នោតដែលដាំនៅខេត្តពេជ្របុរី បានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយកន្លែង ដែលអ្នកមានចំណេះដឹងពីដើមត្នោតអនុញ្ញាតឱ្យភ្ញៀវទេសចររៀនសូត្រពីវិធីដាំដុះ និងការធ្វើចំណីអាហារជាច្រើនមុខដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកថា ដើមត្នោតសម្បូរនៅប្រទេសថៃ តំណាងឱ្យអត្តសញ្ញាណរបស់ខ្លួន ។.jpg)
លោក អាំណាច ផុងជើន ដែលមានចំណេះដឹងពីដើមត្នោតនៅខេត្តពេជ្របុរី ប្រាប់ថា ខ្លួនបានចែករំលែកចំណេះដឹងពីដើមត្នោតទៅកាន់ភ្ញៀវទេសចរដែលចាប់អារម្មណ៍ពីរបៀបដាំដុះ រហូតដល់ការកែច្នៃទឹកត្នោតជាស្ករ ។ ពលរដ្ឋក្នុងខេត្តនេះមិនបានបោះបង់មុខរបរឡើងដើមត្នោតដើម្បីយកទឹកមកផលិតស្ករទេ បើទោះជាហត់នឿយកម្លាំង ប៉ុន្តែអាចឱ្យពួកគេដោះស្រាយជីវភាពប្រចាំថ្ងៃ ។
ពលរដ្ឋខេត្តពេជ្របុរីអាចទាញយកប្រយោជន៍ពីដើមត្នោតពេញមួយឆ្នាំ ជាពិសេស ចាប់ពីខែមករា រហូតដល់ខែមិថុនា ខណៈខ្លួនលោកយល់ថា ដើមត្នោតអាចឱ្យគ្រួសារលោក និងគ្រួសារអ្នកស្រុកផ្សេងទៀតមានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិត ៕










