ថៃគ្មានជម្រើសផ្សេងឡើយដើម្បីដោះស្រាយបញ្ហារាំងស្ទះការផលិតទំនិញនាំចេញក្រៅប្រទេសតាមផែនការកំណត់ បន្ទាប់ពីពលករខ្មែរបានចាកចេញពីប្រទេសថៃ ក្រោយថៃឈ្លានពា.នមកលើកម្ពុជា ។ ជាលទ្ធផល វិស័យកសិកម្ម សំណង់ ម្ហូបអាហារ ភេសជ្ជៈ ឧស្សាហកម្ម និងការជីករ៉ែ កំពុងតែរងផលប៉ះពាល់ខ្លាំងបំផុតពុំធ្លាប់ជួបប្រទះឡើយ ។ ទំហំនៃការខាតបង់ដ៏ខ្លាំងសម្បើមនេះ បានបង្ខំឱ្យថៃសម្រេចបន្តសុពលភាពប័ណ្ណការងារឱ្យពលករមីយ៉ាន់ម៉ា ឡាវ និងវៀតណាម យ៉ាងតក់ក្រហល់ ព្រោះតែគ្មានវត្តមានកម្លាំងពលករកម្ពុជាចូលរួមអភិវឌ្ឍន៍លើវិស័យទាំងនោះ ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការងារថៃបានសម្រេចបន្តសុពលភាពប័ណ្ណការងាររយៈពេលខ្លីឱ្យពលករមកពី៣ប្រទេស រួមមាន ៖ មីយ៉ាន់ម៉ា ឡាវ និងវៀតណាម សរុបស្មើជាង៣សែន ៧ម៉ឺននាក់ ឱ្យធ្វើការបន្តនៅប្រទេសថៃដោយស្របច្បាប់ដើម្បីកុំឱ្យរាំងស្ទះការផលិតទំនិញ ពីព្រោះប្រទេសថៃកំពុងខ្វះខាតពលករធ្វើការយ៉ាងខ្លាំង ។
កាលពីថ្ងៃទី២០ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងការងារថៃ អ្នកស្រី Trinuch Thienthong បានធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មការគោលនយោបាយគ្រប់គ្រងពលករបរទេស លើកទី២ ប្រចាំឆ្នាំ២០២៦ ដែលមានការចូលរួមពីអ្នកតំណាងក្រុមហ៊ុនឯកជន និងស្ថាប័នសន្តិសុខ ដើម្បីស្វែងរកដំណោះស្រាយឱ្យពលករបរទេសដែលមិនទាន់បញ្ចប់ដំណើរការស្នើសុំបន្តសុពលភាពប័ណ្ណការងារតាមពេលកំណត់ ។
ក្រោយបញ្ចប់ប្រជុំ រដ្ឋមន្ត្រីក្រសួងការងារ អ្នកស្រី Trinuch និយាយថា កិច្ចប្រជុំបានសម្រេចបន្តសុពលភាពប័ណ្ណការងារបណ្តោះអាសន្នឱ្យពលករមីយ៉ាន់ម៉ា ឡាវ និងវៀតណាម គិតចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដើម្បីដោះស្រាយបញ្ហារាំងស្ទះការផលិតទំនិញ និងពន្លឿនការស្នើសុំឯកសាររបស់ពលករ ។
បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការងារ ពេលនេះ មានពលករបរទេសរហូតដល់ជាង៣៧ម៉ឺន ៥ពាន់នាក់ (៣៧៥,០៣៨នាក់) កំពុងស្នើសុំបន្តសុពលភាពប័ណ្ណការងារធ្វើការនៅប្រទេសថៃដោយស្របច្បាប់ ក្នុងចំណោមពលករជាង៨សែន ៩ម៉ឺននាក់ ។ បើបណ្តោយឱ្យប័ណ្ណការងារផុតសុពលភាព ពួកគេនឹងក្លាយជាពលករខុសច្បាប់បណ្តាលឱ្យក្រុមហ៊ុនថៃ និងអាជីវកម្មផ្សេងៗខ្វះខាតពលករធ្វើការ ព្រមទាំងប៉ះពាល់ដល់ស្ថិរភាពការងាររបស់ប្រទេសថៃផងដែរ ។
រដ្ឋមន្ត្រីក្រសួងការងារបានណែនាំឱ្យនាយកដ្ឋានការងារចេញសេចក្តីប្រកាសពីការបន្តសុពលភាពប័ណ្ណការងារឱ្យពលករទាំង៣ប្រទេសជាបន្ទាន់ ដើម្បីដាក់ចូលជារបៀបវារៈក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិចារណាឱ្យលឿនបំផុត ។ ការមិនខ្វះខាតកម្លាំងពលកម្ម គឺជាការរក្សាទំនុកចិត្តដល់វិស័យអាជីវកម្ម និងរក្សាប្រព័ន្ធការងារស្របច្បាប់ ។
គួរបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការគោលនយោបាយគ្រប់គ្រងពលករបរទេសនេះ គ្មានការលើកឡើងពីការបន្តសុពលភាពប័ណ្ណការងារឱ្យពលករកម្ពុជាទេ ខណៈកន្លងមក ក្រសួងការងារថៃថា មានពលករកម្ពុជា ជាង១សែននាក់កំពុងធ្វើការនៅប្រទេសថៃ ក្រសួងមិនទាន់សម្រេចចិត្តបញ្ជូនពួកគេត្រឡប់ទៅប្រទេសវិញ ដោយសារត្រូវតាមដានស្ថានការណ៍ប្រទេសជាតិ ។ ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងការងារ អ្នកស្រី Trinuch ទទួលស្គាល់ថា វិស័យកសិកម្មថៃរងផលប៉ះពាល់យ៉ាងខ្លាំង ប្រសិនបើគ្មានពលករកម្ពុជា ៕










