ទំនងជាច្រណែនខ្លាំងហើយមើលទៅ! ប្រទេសថៃពុំទាន់ចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលបង្កើតឡើងដោយលោកប្រធានាធិបតី Donald Trump នៅឡើយទេ និងមើលឃើញថា ខ្លួនបាត់បង់ឱកាស និងបាត់បង់ផលប្រយោជន៍យ៉ាងច្រើនពីការមិនចូលរួម ។ ហេតុនេះ អតីតឯកអគ្គរាជទូតថៃប្រចាំសហរដ្ឋអាមេរិក ណែនាំឱ្យរដ្ឋាភិបាលថៃប្រញាប់ចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាពដើម្បីកុំឱ្យចាញ់ប្រៀបកម្ពុជា និងឈានទៅស្និទ្ធស្នាលជាមួយលោក Trump ។
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ សារព័ត៌មាន Thai PBS បានផ្សព្វផ្សាយបទសម្ភាសន៍ជាមួយអតីតឯកអគ្គរាជទូតថៃប្រចាំសហរដ្ឋអាមេរិក លោក Pisan Manawapat ដោយអតីតឯកអគ្គរាជទូតថៃរូបនេះចាត់ទុកកម្ពុជាមានប្រៀបជាងប្រទេសថៃ ដោយសារកម្ពុជាចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព និងស្និទ្ធស្នាលជាមួយលោកប្រធានាធិបតី Donald Trump ។
អតីតឯកអគ្គរាជទូតថៃ លោក Pisan និយាយថា លោកប្រធានាធិបតី Trump បានរៀបចំសណ្តាប់ធ្នាប់ពិភពលោកជាថ្មី ដោយបង្កើតក្រុមប្រឹក្សាសន្តិភាពជំនួសអង្គការសហប្រជាជាតិ (UN) ហើយលោក Pisan ណែនាំឱ្យរដ្ឋាភិបាលថៃប្រញាប់ចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព ដោយសាររដ្ឋាភិបាលថៃខ្វះខាតជំនាញ មិនយល់ពីអត្ថប្រយោជន៍ដែលទទួលបានដោយសារការបង្កើនភាពស្និទ្ធស្នាលជាមួយលោកប្រធានាធិបតី Trump រដ្ឋាភិបាលថៃថែមទាំងបង្ហាញអាកប្បកិរិយាមិនចូលកៀកជាមួយមេដឹកនាំអាមេរិក ។
បើទោះជាថៃមិនចូលចិត្តអាមេរិក មិនចូលចិត្តលោកប្រធានាធិបតី Trump ក៏ដោយ ប៉ុន្តែដើម្បីផលប្រយោជន៍ ថៃត្រូវតែសហការជាមួយអាមេរិក មុនពេលអាមេរិកសម្រេចចិត្តអ្វីមួយធ្វើឱ្យប៉ះពាល់ថៃ ។ ថៃមិនអាចបញ្ចុះបញ្ចូលលោកប្រធានាធិបតី Trump ទេ ខណៈការចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព គឺជាការបើកឱកាសឱ្យមេដឹកនាំប្រទេសនានា រួមទាំងរដ្ឋមន្ត្រីការបរទេស អាចចូលរួមកិច្ចប្រជុំក្រោមដឹកនាំរបស់លោកប្រធានាធិបតី Trump ជាប្រចាំ ។
តាមការសន្និដ្ឋានរបស់លោក Pisan គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងស្នើឱ្យកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពដែលនឹងរៀបចំនាពេលបន្ទាប់លើកឡើងពីបញ្ហាវិវាទរវាងកម្ពុជា-ថៃ ប្រសិនបើថៃចូលជាសមាជិកក្រុមប្រឹក្សានេះតាំងពីដំបូង ថៃនឹងអាចទប់ស្កាត់ ឬតបតរវិញភ្លាមៗ ។ ម្យ៉ាងទៀត ការចូលជាសមាជិកក្រុមប្រឹក្សានេះនឹងធ្វើឱ្យថៃមានឱកាសរួមចំណែកស្ថាបនាតំបន់កាហ្សាពីការខូចខាត, អាជីវកម្ម និងក្រុមហ៊ុននាំចេញរបស់ថៃនឹងទទួលប្រយោជន៍ ពីព្រោះមន្ត្រីជួរថ្នាក់ដឹកនាំក្នុងក្រុមប្រឹក្សាសន្តិភាព ក៏មានប្រធានធនាគារពិភពលោកដែរ ហើយលោកប្រធានាធិបតី Trump បានកំណត់ឱ្យប្រធានធនាគារពិភពលោក ចាត់ចែងថវិកាទទួលបានការពីការបរិច្ចាគដើម្បីស្ថាបនាតំបន់កាហ្សា ។
ថៃនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំជាមួយធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅខែតុលា ឆ្នាំ២០២៦ ហើយប្រធានធនាគារពិភពលោកនឹងមកចូលរួមកិច្ចប្រជុំ ហេតុនេះ លោកណែនាំឱ្យរដ្ឋាភិបាលថៃត្រៀមផែនការដើម្បីឱ្យធនាគារពិភពលោកមើលឃើញថា ថៃចង់ចូលរួមចំណែកស្ថាបនាតំបន់កាហ្សាឡើងវិញ ។ 
វាជាឱកាសការទូតដែលថៃអាចធ្វើបាន ហើយថៃមិនត្រូវប្រកាន់គំនិតក្រុមប្រឹក្សាសន្តិភាពនឹងជំនួសតួនាទីអង្គការសហប្រជាជាតិ និងចង់រក្សាទុកអង្គការសហប្រជាជាតិទេ គួរងាកមកមើលផលប្រយោជន៍វិញ ។ បើចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព ថៃនឹងស្និទ្ធស្នាលជាមួយលោកប្រធានាធិបតី Trump, ស្និទ្ធស្នាលជាមួយមិត្តភក្តិរបស់លោក Trump និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតដែលមានតំណែងសំខាន់ក្នុងក្រុមប្រឹក្សានេះ ថៃនឹងទទួលបានផលប្រយោជន៍យ៉ាងច្រើន ។ នេះបើតាមការលើកឡើងរបស់អតីតឯកអគ្គរាជទូតថៃប្រចាំសហរដ្ឋអាមេរិក ៕










