ទម្លាប់មុនពេលចូលសម្រាន្តទាំងនេះហើយ គឺជាមូលហេតុធ្វើឱ្យលោកអ្នកសម្រាន្តមិនស្កប់ស្កល់ និងមានអារម្មណ៍មួរម៉ៅពេលព្រឹកព្រលឹម ប៉ុន្តែយើងមិនចាប់អារម្មណ៍ ។
.jpg)
ការសម្រាន្តពេលយប់ស្កប់ស្កល់សំខាន់ខ្លាំងណាស់ដើម្បីឱ្យសុខភាពរាងកាយ និងភ្ញាក់ឡើងពេលព្រឹកប្រកបដោយភាពស្រស់ស្រាយ បំពេញការងារមានប្រសិទ្ធភាព ប៉ុន្តែអ្នកខ្លះនៅតែមិនបោះបង់ទម្លាប់ទាំងនេះចោលបណ្តាលឱ្យសម្រាន្តមិនស្កប់ស្កល់ ។ ចូរផ្លាស់ប្តូរទម្លាប់ទាំងនេះជាបន្ទាន់ បើមិនចង់ឱ្យប៉ះពាល់សុខភាពកាន់តែធ្ងន់ធ្ងរ ។
តើជ្រាបទេថា ទម្លាប់ដែលយើងតែងតែធ្វើជាប្រចាំ វាពាក់ព័ន្ធនឹងការសម្រាន្តពេលយប់ ធ្វើឱ្យសម្រាន្តមិនស្កប់ស្កល់ ។ តើទម្លាប់ទាំងនេះមានអ្វីខ្លះ និងគួរផ្លាស់ប្តូរទម្លាប់បែបណាដើម្បីឱ្យសម្រាន្តគ្រប់គ្រាន់ និងស្រស់ស្រាយពេលព្រឹកព្រលឹមថ្ងៃថ្មី ។.jpg)
១-បើកភ្លើងភ្លឺខ្លាំងក្នុងបន្ទប់ ៖ ការបើកភ្លើងភ្លឺខ្លាំងពេកនឹងរំខានដល់ការបញ្ចេញអរម៉ូនមេឡាតូនីន ដែលជាអរម៉ុនជំរុញឱ្យសម្រាន្តលក់ ។ ពន្លឺភ្លើងខ្លាំងធ្វើឱ្យបាត់ងងុយ យើងគួរប្រើប្រាស់អំពូលតូចមិនសូវភ្លឺ ឬអំពូលរាត្រី ដើម្បីឱ្យឆាប់សម្រាកលក់ ។
២-លេងទូរស័ព្ទដៃ ឬមើលទូរទស្សន៍ ៖ ពន្លឺអេក្រង់ទូរស័ព្ទដៃ ថេបប្លេត និងទូរទស្សន៍ នឹងធ្វើឱ្យសម្រាន្តមិនងាយលក់ ឬមិនស្កប់ស្កល់ ។ គួរចៀសវាងប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកមុនពេលចូលសម្រាន្ត ហើយផ្លាស់ប្តូរទម្លាប់មកអានសៀវភៅ ឬស្តាប់ភ្លេងតិចៗ ។.jpg)
៣-បើកម៉ាស៊ីនត្រជាក់ ត្រជាក់ពេក ៖ សីតុណ្ហភាពក្នុងបន្ទប់ប៉ះពាល់ដល់ការសម្រាន្តដោយផ្ទាល់ បើបើកម៉ាស៊ីនត្រជាក់ ត្រជាក់ពេក ឬក្តៅពេក វាមិនល្អសម្រាប់រាងកាយឡើយ ។ សីតុណ្ហភាពសមស្រប គឺចាប់ពី២៤អង្សាសេ ទៅ២៦អង្សាសេ ។
៤-បន្ទប់គ្មានសណ្តាប់ធ្នាប់ ៖ បន្ទប់សម្រាន្តកខ្វក់ គ្មានសណ្តាប់ធ្នាប់ បណ្តាលឱ្យមានអារម្មណ៍តានតឹង ពិបាកសម្រាន្តលក់ ។ គួរសម្អាតបន្ទប់ឱ្យស្អាត មានសណ្តាប់ធ្នាប់ ទូលាយ ដើម្បីឱ្យមានបរិយាកាសល្អ ។
.jpg)
៥-ក្លិនបន្ទប់មិនល្អ ៖ ក្លិនមិនល្អក្នុងបន្ទប់ រំខានដល់ការសម្រាន្ត ធ្វើឱ្យមិនស្រួលខ្លួន ។ ការកម្ចាត់ក្លិនមិនល្អ គឺត្រូវបើកបង្អួចឱ្យខ្យល់ចេញ-ចូល សម្អាតបន្ទប់ជាប្រចាំ ឬបាញ់ប្រេងក្រអូប ។
៦-ផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនពេលល្ងាច ៖ កាហ្វេ ទឹកតែ ភេសជ្ជៈជាតិហ្គាស និងភេសជ្ជៈប៉ូវកម្លាំង សុទ្ធតែមានជាតិកាហ្វេអ៊ីន ហើយការផឹកភេសជ្ជៈទាំងនេះពេលល្ងាចជំរុញឱ្យសម្រាន្តមិនងាយលក់ មិនស្កប់ស្កល់ ។ ហេតុនេះ ហាមផឹកចាប់ពីម៉ោង២រសៀល ដើម្បីកុំឱ្យប៉ះពាល់រាងកាយ ។.jpg)
៧-ធ្វើសកម្មភាពមួយចំនួន ៖ ការអានព័ត៌មានមិនល្អ លេងហ្គេម ឬឈ្លោះប្រកែកគ្នាបណ្តាលឱ្យមួរម៉ៅ គឺជាមូលហេតុសម្រាន្តមិនលក់ពេលយប់ ។ ចូរចៀសវាងសកម្មភាពទាំងនេះ ដោយងាកមកពត់ដៃ ពត់ជើង ឬអង្គុយសមាធិបន្តិច ។
គួរបញ្ជាក់ថា ការសម្រាន្តលក់ផ្តល់ផលល្អដល់សុខភាព មិនអាស្រ័យលើការសម្រាន្តច្រើនម៉ោងទេ ប៉ុន្តែអាស្រ័យលើបរិយាកាសជុំវិញ ជាពិសេស ទម្លាប់ទាំងនេះពាក់ព័ន្ធនឹងការសម្រាន្តយ៉ាងខ្លាំង ។ សូមសាកល្បងផ្លាស់ប្តូរទម្លាប់ដើម្បីឱ្យសម្រាន្តលក់ស្កប់ស្កល់ ចាប់ផ្តើមថ្ងៃថ្មីដោយភាពស្រស់ស្រាយ ៕










