ថ្ងៃ១៤ កុម្ភៈ ត្រូវបានប្រទេសនានានៅទូទាំងពិភពលោក ចាត់ទុកជាថ្ងៃបុណ្យនៃក្តីស្រឡាញ់ (Valentine’s Day) និងក្លាយជាថ្ងៃសំខាន់សម្រាប់គូស្នេហ៍ទាំងអស់បង្ហាញការស្រឡាញ់ បារម្ភពីគ្នា ដោយការប្រគល់ផ្កាកុលាប សូកូឡា និងអំណោយផ្សេងៗ ។ ក្រៅពីគូស្នេហ៍ សមាជិកក្រុមគ្រួសារក៏អាចបង្ហាញក្តីស្រឡាញ់ទៅកាន់ឪពុក-ម្តាយ បងប្អូនសាច់ញាតិ មិត្តភក្តិផងដែរនៅថ្ងៃ១៤ កុម្ភៈ ប៉ុន្តែលោកអ្នកអាចមិនជ្រាបពីប្រវត្តិបុណ្យនៃក្តីស្រឡាញ់ទេ ។
បុណ្យនៃក្តីស្រឡាញ់ (Valentine’s Day) មានប្រវត្តិតាំងពីជាង១,៥០០ឆ្នាំមុនមកម្ល៉េះ គឺបុណ្យនៃក្តីស្រឡាញ់ត្រូវបានរៀបចំលើកដំបូងនៅឆ្នាំ៤៩៦ ដោយអ្នកគោរពសាសនាគ្រឹស្ត ។ ថ្ងៃ១៤ កុម្ភៈ ក៏ពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហាមនោសញ្ចេតនាដ៏សែនសោកសៅរបស់គូស្នេហ៍១គូនៅប្រទេសអ៊ីតាលី ទើបប្រទេសនានាកំណត់ជាបុណ្យនៃក្តីស្រឡាញ់ ដើម្បីរំលឹក និងសរសើរពីស្នេហាបរិសុទ្ធរបស់គូស្នេហ៍១គូនេះ ។
ប្រវត្តិបុណ្យនៃក្តីស្រឡាញ់កើតឡើងតាំងពីសម័យព្រះចៅអធិរាជ Claudius II ដែលសោយរាជ្យនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ។ សម័យនោះមានសង្គ្រាមជាញឹកញាប់ ដោយសារព្រះចៅអធិរាជសព្វព្រះទ័យនឹងការធ្វើសឹកសង្គ្រាម ទើបប្រមូលប្រុសៗទៅច្បាំង ប៉ុន្តែប្រុសៗជាច្រើននាក់មានតួនាទីថែទាំមនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារ ពួកគេមិនចង់ចាកចេញពីផ្ទះសម្បែងទៅស្លាប់ក្នុងសមរភូមិទេ ។
ហេតុនេះ ព្រះចៅអធិរាជ Claudius II ក៏ចេញព្រះរាជបញ្ជាឱ្យលុបចោលពិធីភ្ជាប់ពាក្យ និងលុបចោលពិធីរៀបការទាំងអស់នៅទីក្រុងរ៉ូម ដើម្បីឱ្យប្រុសៗចេញទៅចម្បាំងនៅសមរភូមិ ប៉ុន្តែលោក Valentinus មិនយល់ស្របនឹងព្រះរាជបញ្ជារបស់ព្រះចៅអធិរាជ ក៏បបួលឱ្យគូសេ្នហ៍ជាច្រើនគូនៅទីក្រុងរ៉ូមរៀបការ ។ ទង្វើនេះធ្វើឱ្យព្រះចៅអធិរាជមិនសព្វព្រះទ័យយ៉ាងខ្លាំង និងបញ្ជាឱ្យខ្លួនចាប់លោក Valentinus ឃុំឃាំង រង់ចាំការប្រហារជីវិត ។
ក្នុងពេលជាប់គុក លោក Valentinus បានលង់ស្នេហ៍កូនស្រីរបស់អ្នកយាមគុក ដែលនាងពិការភ្នែកទាំងសងខាង ហើយមុនថ្ងៃប្រហារជីវិតមកដល់ លោកក៏ផ្ញើលិខិតទៅនាងដើម្បីសារភាពលង់ស្នេហ៍រូបនាង ដែលលិខិតនេះបញ្ចប់ដោយពាក្យថា «From your Valentine» ។ រឿងរ៉ាវស្នេហាដ៏សោកសៅនេះត្រូវបានផ្សព្វផ្សាយពេញទីក្រុងរ៉ូម រីឯលោក Valentinus ក៏បានស្លាប់នៅថ្ងៃទី១៤ ខែកុម្ភៈ ។.jpg)
តាំងពីថ្ងៃនោះមក ប្រទេសនានានៅអឺរ៉ុបបានចាត់ទុកថ្ងៃ១៤ កុម្ភៈ គឺជាបុណ្យនៃក្តីស្រឡាញ់ ដើម្បីរំលឹក និងសរសើរពីសេចក្តីស្នេហាដ៏បរិសុទ្ធរបស់លោក Valentinus ជាមួយនារីពិការភ្នែក ។ ដូច្នេះ ថ្ងៃ១៤ កុម្ភៈ ក៏ក្លាយជាថ្ងៃសំខាន់សម្រាប់គូស្នេហ៍រហូតមកដល់បច្ចុប្បន្ននេះ ដែលគូស្នេហ៍ទាំងឡាយនិយមឱ្យគ្នា ដូចជា ផ្កាកុលាប សូកូឡា ឬកាដូផ្សេងៗ ដើម្បីបង្ហាញពីការបារម្ភ និងបំណងល្អ ។ នៅថ្ងៃនេះដែរ ហាងនានា ឬតាមដងផ្លូវ តែងតែតុបតែងលម្អដោយពណ៌ស្រស់ឆើតឆាយ គឺពណ៌ក្រហម និងពណ៌ផ្កាឈូក ព្រមទាំងលក់ផ្កា និងវត្ថុអនុស្សាវរីយ៍ ។
សរុបមក បុណ្យនៃក្តីស្រឡាញ់ ១៤ កុម្ភៈ មិនត្រឹមតែជាថ្ងៃរីករាយសម្រាប់គូស្នេហ៍ប៉ុណ្ណោះទេ ប៉ុន្តែជាថ្ងៃបង្ហាញពីចំណងមិត្តភាពដ៏ស្រស់ស្អាតទៅកាន់មនុស្សនៅក្បែរខ្លួន ក្រុមគ្រួសារ ហើយយើងក៏អាចជូនពរដល់មិត្តភក្តិផងដែរ ៕










