ក្រោយបានក្លាយជាបក្សកាន់អំណាចថ្មី គណៈបក្សភូមិចៃថៃដែលដឹកនាំដោយ អានុទីន ឆាន់វីរ៉ាគុល បានប្រកាសពីយុទ្ធសាស្ត្រនាំចេញថ្មី ដែលមានគោលបំណងកាត់បន្ថយការពឹងផ្អែករបស់ប្រទេសថៃលើសហរដ្ឋអាមេរិក និងចិន ដោយងាកទៅផ្ដោតលើគំរូពាណិជ្ជកម្មសកល និងពង្រីកទីផ្សារសម្រាប់សហគ្រាសធុនតូច និងមធ្យមវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។

ជុំវិញការប្រកាសពីគោលជំហរនេះ គណបក្សភូមិចៃថៃ កំពុងជំរុញឱ្យមានការធ្វើពិពិធកម្មកាន់តែច្រើនទៅក្នុងទីផ្សារថ្មី និងទីផ្សារដែលកំពុងរីកចម្រើន ដោយកំណត់គោលដៅកាត់បន្ថយការពឹងផ្អែកលើទីផ្សារប្រពៃណី រួមមានចិន និងសហរដ្ឋអាមេរិក និងពង្រឹងសហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីប្រកួតប្រជែងទូទាំងពិភពលោក ខណៈពេលដែលពង្រឹងភាពប្រកួតប្រជែងនៃផលិតផលថៃនៅបរទេស ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី Suphajee Suthumpun ដែលជាសមាជិកនៃគណបក្សភូមិចៃថៃ បានលើកឡើងថា ការនាំចេញរបស់ថៃប្រឈមមុខនឹងហានិភ័យផ្សេងៗ ដោយសារតែពឹងផ្អែកខ្លាំងពេកទៅលើសហរដ្ឋអាមេរិក និងចិន ដែលប្រទេសទាំង២នេះរួមចំណែកប្រហែល ១/៣ នៃតម្លៃនាំចេញសរុបរបស់ថៃ។.jpg)
លោកស្រីបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពន្លឿនការពង្រីកទីផ្សារថ្មី និងកាត់បន្ថយពឹងផ្អែកលើទីផ្សារណាពេក ការធ្វើពិពិធកម្មមុខទំនិញ និងអ្នកនាំចេញ ខណៈធ្វើឱ្យប្រសើរឡើងនូវសហគ្រាសធុនតូច និងមធ្យម (SMEs) និងលើកកម្ពស់ ផលិតផល «ផលិតនៅថៃ» ដើម្បីកសាងមូលដ្ឋានសេដ្ឋកិច្ចរយៈពេលវែងឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាពជាងមុន។
ក្រោមផែនការនេះផងដែរ គណៈបក្សភូមិចៃថៃបានអះអាងថា មូលដ្ឋាននាំចេញកាន់តែទូលំទូលាយនឹងធ្វើឱ្យសេដ្ឋកិច្ចថៃកាន់តែមានភាពធន់ ជាពិសេសនៅពេលដែលគំរូពាណិជ្ជកម្មសកលផ្លាស់ប្តូរ។ បន្ថែមលើនោះ គណបក្សបានដាក់ផែនការនេះជាសសរស្តម្ភសំខាន់នៃរបៀបវារៈសេដ្ឋកិច្ចដ៏ទូលំទូលាយរបស់ខ្លួន ដើម្បីជំរុញកំណើននាំចេញ ទាក់ទាញការវិនិយោគ និងការពារអាជីវកម្មថៃពីការប្រែប្រួលជាសកល។










