បើនិយាយពីសត្វដាយណូសឺរ យើងនឹងនឹកឃើញដល់វាមានរូបរាងធំៗ កម្ពស់ផុតដើមឈើ ដែលបានផុតពូជពីផែនដីរាប់លានឆ្នាំមកហើយ ។ ប៉ុន្តែបើតាមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Río Negro ប្រទេសអាហ្សង់ទីន ថា ដាយណូសឺរដែលមានកម្ពស់ខ្ពស់ៗទាំងនេះ គឺមានប្រភពពីដាយណូសឺរប្រភេទ Foskeia Pelendonum ដែលមានកម្ពស់តូចបំផុតស្មើសត្វមាន់ ។
.jpg)
អ្នកវិទ្យាសាស្ត្របានរកឃើញផូស៊ីលដាយណូសឺរប្រភេទ Foskeia Pelendonum មានទំហំតូចខុសធម្មតា ដែលវាមានទំហំស្មើសត្វមាន់ប៉ុណ្ណោះ ដោយអ្នកវិទ្យាសាស្ត្របញ្ជាក់ថា ការរកឃើញនេះជួយបង្ហាញពីទិន្នន័យជាច្រើនទៀតផ្នែកពាក់ព័ន្ធនឹងការលូតលាស់រូបរាងរបស់ដាយណូសឺរ ។
តាមការអះអាងរបស់អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Río Negro ប្រទេសអាងហ្សង់ទីន គឺផូស៊ីលដាយណូសឺរទំហំតូចបំផុតនេះបានបង្ហាញនូវអ្វីជាច្រើនយ៉ាងលើសពីការរំពឹងទុករបស់យើង ។ វាអាចទៅរួចដែលក្រុមដាយណូសឺរភាគច្រើនមានដើមកំណើតមកពីដាយណូសឺរទំហំតូចបំផុត ហើយទំហំខ្លួនរបស់វាកាន់តែរីកធំឡើងក្នុងរយៈពេលកន្លងផុតទៅជាច្រើនឆ្នាំ ។.jpg)
ផូស៊ីលដាយណូសឺរប្រភេទ Foskeia Pelendonum មានទំហំតូចបំផុតប៉ុនសត្វមាន់ ដែលត្រូវបានរកឃើញនៅភាគខាងជើងប្រទេសអេស្ប៉ាញ ហើយអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា ដាយណូសឺរប្រភេទនេះធ្លាប់មានជីវិតរស់នៅលើផែនដីកាលពីប្រមាណ១២៥លានឆ្នាំមុន ។
វាមានកម្ពស់ចាប់ពី២៥សង់ទីម៉ែត្រ ទៅ៣០សង់ទីម៉ែត្រប៉ុណ្ណោះ ព្រមទាំងមានឆ្អឹងក្បាល និងធ្មេញ ដែលវិវត្តន៍ខ្លាំង ។ អ្នកវិទ្យាសាស្ត្របានត្រួតពិនិត្យផូស៊ីលខ្លួនរបស់វា និងទទួលបានទិន្នន័យច្រើនបំផុតពីការត្រួតពិនិត្យឆ្អឹងក្បាល ទើបអ្នកវិទ្យាសាស្ត្រដឹងពីការទំពារអាហារ ការមើលឃើញ និងរូបរាងរបស់វា ។ .jpg)
រូបភាពឆ្អឹងក្បាលមានសភាពរឹងមាំល្អ និងអាចឆ្លើយតបទៅបរិស្ថានជុំវិញ ។ ហេតុនេះ បើទោះជាឆ្អឹងក្បាលតូច និងបែកបាក់ក្តី ប៉ុន្តែវាផ្តល់នូវទិន្នន័យដល់ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រយ៉ាងច្រើន ។ ទោះជាដាយណូសឺរនេះមានខ្លួនតូចបំផុត ប៉ុន្តែការរកឃើញផូស៊ីលរបស់វាអាចធ្វើឱ្យអ្នកវិទ្យាសាស្ត្រឈ្វេងយល់ពីដាយណូសឺរពូជផ្សេងទៀតដែលបានផុតពូជពីផែនដី ។
គួរបញ្ជាក់ថា ដាយណូសឺរ គឺជាសត្វរស់នៅលើផែនដីកាលពីរាប់រយលានឆ្នាំមុន និងមានច្រើនប្រភេទខុសៗគ្នា ខ្លះធំខ្លាំង ខ្លះតូច និងខ្លះទៀតស៊ីសាច់ និងរុក្ខជាតិ ។ វាបានផុតពូជពីផែនដីដោយសារអាកាសធាតុប្រែប្រួលខ្លាំង វាមិនអាចធន់នឹងអាកាសធាតុរបស់ផែនដី ដែលធ្វើឱ្យអ្នកវិទ្យាសាស្ត្រព្យាយាមស្រាវជ្រាវបន្ថែមទៀតពីការរស់នៅ និងការលូតលាស់នៃរូបរាង ៕










