ស្ថានការណ៍រវាងអាមេរិក និងអ៊ីរ៉ង់កាន់តែឡើងកំដៅខ្លាំងហើយ ដោយអាមេរិកប្រកាសឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអ៊ីរ៉ង់ជាបន្ទាន់ បន្ទាប់ពីអ៊ីរ៉ង់បិទមធ្យោបាយដឹកជញ្ជូនសាធារណៈ ផ្តាច់ទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធើរណេត ផ្តាច់សេវាទូរស័ព្ទដៃ និងទូរស័ព្ទលើតុក្នុងប្រទេស ថែមទាំងបង្ហាញមីស៊ីលថ្មីបំភ័យអាមេរិកមុនការចរចានុយក្លេអ៊ែរ ។

ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីប្រកាសឱ្យពលរដ្ឋរបស់ខ្លួនដែលស្នាក់នៅប្រទេសអ៊ីរ៉ង់ ប្រញាប់ចាកចេញជាបន្ទាន់តាមរយៈយន្តហោះ ដោយសារប្រឈមនឹងការចា.ប់ខ្លួនតាមអំពើចិត្តស្របពេលស្ថានការណ៍កាន់តែតានតឹង ។ សេចក្តីប្រកាសនេះកើតឡើងមិនប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំងបដិវត្តន៍អ៊ីរ៉ង់ (IRGC) ប្រកាសរឹបអូសនាវាដឹកប្រេងឥន្ធនៈ២គ្រឿង និងបង្ហាញមីស៊ីលថ្មីដើម្បីបំភិតបំភ័យមុនការចរចានុយក្លេអ៊ែរនៅប្រទេសអូម៉ង់ ។
.jpg)
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេសអាមេរិកស្នើឱ្យពលរដ្ឋខ្លួនដែលស្នាក់នៅអ៊ីរ៉ង់ ជាពិសេស អ្នកមានសញ្ជាតិ២ ប្រញាប់ចាកចេញពីអ៊ីរ៉ង់ជាបន្ទាន់ ពីព្រោះប្រឈមនឹងការចាប់ឃុំខ្លួនគ្មានមូលហេតុ ដើម្បីធ្វើជាចំណាប់ខ្មាំងក្នុងការចរចានយោបាយ ។ ក្រៅពីនេះ ក្រសួងការបរទេសអាមេរិកក៏បានដាស់តឿនពីគ្រោះថ្នាក់ទៅកាន់ពលរដ្ឋខ្លួនផងដែរ ដោយសារការវាយប្រហារផ្លូវអាកាសអាចកើតឡើងគ្រប់ពេលវេលានៅគោលដៅសំខាន់ៗ ។

ក្រសួងការបរទេសអាមេរិកជំរុញឱ្យពលរដ្ឋចាកចេញពីអ៊ីរ៉ង់តាមផ្លូវគោក ដោយឆ្លងកាត់តាមប្រទេសអាមេនី ឬតួកគី ពីព្រោះការធ្វើដំណើរតាមផ្លូវអាកាសអាចពិបាក ខណៈក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់កាត់បន្ថយហោះហើរចេញ-ចូលក្រៅប្រទេស ។ ពលរដ្ឋអាមេរិកគួររៀបចំផែនការធ្វើដំណើរខ្លួនឯងក្នុងស្ថានការណ៍នេះ ដោយមិនចាំបាច់រង់ចាំជំនួយពីរដ្ឋាភិបាល ។

ពលរដ្ឋអាមេរិកដែលទទួលបានសញ្ជាតិអ៊ីរ៉ង់ ត្រូវចាកចេញពីអ៊ីរ៉ង់ដោយប្រើប្រាស់លិខិតឆ្លងដែនអ៊ីរ៉ង់ ដោយសាររដ្ឋាភិបាលអ៊ីរ៉ង់មិនទទួលស្គាល់ពលរដ្ឋមានសញ្ជាតិ២ ។ ក្រៅពីនេះ មិនត្រូវបង្ហាញពីទំនាក់ទំនងជាមួយអាមេរិក ពីព្រោះអាចត្រូវអ៊ីរ៉ង់ចាប់ខ្លួន ចោទប្រកាន់ពីបទល្មើសផ្សេងៗ និងហាមដាច់ខាតកុំធ្វើដំណើរទៅប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងទៅកានព្រំដែនប៉ាគីស្ថាន-អ៊ីរ៉ង់ ។ សេចក្តីប្រកាសបញ្ជាក់ថា ពេលនេះ រដ្ឋាភិបាលអាមេរិកគ្មានទំនាក់ទំនងការទូត ឬកុងស៊ុលជាមួយប្រទេសអ៊ីរ៉ង់ទេ ។
បច្ចុប្បន្ន ស្ថានការណ៍រវាងអាមេរិក និងអ៊ីរ៉ង់កាន់តែឡើងកំដៅខ្លាំង ហើយអ៊ីរ៉ង់បានចាត់វិធានការបង្កើនសន្តិសុខ ដោយការបិទផ្លូវភ្លាមៗ បិទប្រព័ន្ធទំនាក់ទំនងតាមអ៊ីនធើរណេត និងបិទទំនាក់ទំនងតាមទូរស័ព្ទដៃ និងទូរស័ព្ទលើតុ ។.jpg)
គួរបញ្ជាក់ថា នាវាដឹកយន្តហោះ USS Abraham Lincoln របស់កងទ័ពអាមេរិកបានដកថយទៅកាន់ឆ្នេរសមុទ្រខាងត្បូងប្រទេសយេម៉េន និងចតឆ្ងាយពីអ៊ីរ៉ង់ក្នុងចម្ងាយប្រមាណ១,៤០០គីឡូម៉ែត្រ បន្ទាប់ពីអ៊ីរ៉ង់បញ្ជូនដ្រូន១គ្រឿងសំដៅទៅនាវានេះ ។ អាមេរិកមានគម្រោងចរចាជាមួយអ៊ីរ៉ង់នៅប្រទេសអូម៉ង់ នាថ្ងៃទី៦ ខែកុម្ភៈ ទោះជាភាគីទាំងពីរខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងមីស៊ីលក្តី ខណៈអ៊ីរ៉ង់ថា នឹងជជែកជាមួយអាមេរិកតែរឿងមីស៊ីលប៉ុណ្ណោះ ៕










