ប្រទេសថៃ ៖ នាយកដ្ឋានគ្រប់គ្រងជំងឺប្រទេសថៃបានបញ្ជាក់ជាផ្លូវការនៅដើមខែកុម្ភៈ ឆ្នាំ២០២៦ ថា ស្ត្រីថៃម្នាក់អាយុ៥៥ឆ្នាំ បានកើតជំងឺគ្រុនសេក (Psittacosis) ដោយសារឆ្លងពីសត្វសេកដែលខ្លួនចិញ្ចឹម ហើយអាការៈជំងឺនេះស្រដៀងនឹងផ្តាសាយធំ ដូចជា ៖ ក្តៅខ្លួន ឈឺខ្លួនប្រាណ ប៉ុន្តែស្ត្រីរូបនេះជាសះស្បើយហើយ ។ នាយកដ្ឋានគ្រប់គ្រងជំងឺជំរុញឱ្យពលរដ្ឋថៃ ជាពិសេស មនុស្សចាស់ ប្រុងប្រយ័ត្នសត្វស្លាប ដូចជា ៖ សេក ព្រាប ដោយចៀសវាងផ្តល់ចំណីឱ្យព្រាប និងសត្វស្លាបផ្សេងទៀត ។
ពីដំបូង ស្ត្រីរូបនេះមិនដឹងថាខ្លួនកើតជំងឺគ្រុនសេកទេ និងមានអាការៈក្តៅខ្លួន ឈឺខ្លួនប្រាណ ក៏ទៅទិញថ្នាំពេទ្យនៅគ្លីនិកមកលេបដោយខ្លួនឯង ប៉ុន្តែមិនជាសះស្បើយ ទើបទៅពិនិត្យអាការៈនៅមន្ទីរពេទ្យ លទ្ធផលត្រួតពិនិត្យរបស់មន្ទីរពេទ្យបញ្ជាក់ថា កើតជំងឺគ្រុនសេក ។
បើតាមនាយកដ្ឋានគ្រប់គ្រងជំងឺប្រទេសថៃ ស្ត្រីនេះបានព្យាបាលជំងឺគ្រុនសេកជាសះស្បើយតាំងពីខែធ្នូ ឆ្នាំ២០២៥ និងជំរុញឱ្យពលរដ្ឋប្រុងប្រយ័ត្នសត្វស្លាប ។ នាយកដ្ឋានបញ្ជាក់ថា ជំងឺគ្រុនសេកឆ្លងពីសត្វសេក និងព្រាបឈឺ ប៉ុន្តែពលរដ្ឋមិនគួរភ្ញាក់ផ្អើលនឹងជំងឺគ្រុនសេកទេ ពីព្រោះវាមិនមែនទើបតែឆ្លងថ្មី ហើយខុសគ្នាពីជំងឺផ្តាសាយបក្សី និងខុសពីជំងឺកូវីដ-១៩ ពលរដ្ឋថៃផ្សេងទៀតបានកើតជំងឺនេះកន្លងមក និងព្យាបាលជាសះស្បើយអស់ហើយ ។
នាយកដ្ឋានបានដាស់តឿនទៅកាន់មនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយ ត្រូវថែទាំសុខភាពឱ្យល្អ ពីព្រោះមនុស្សចាស់ឆាប់ឆ្លងជំងឺនេះ ។ រីឯកសិករចិញ្ចឹមសត្វស្លាប ត្រូវលាងសម្អាតកន្លែងចិញ្ចឹមឱ្យល្អ ដោយចៀសវាងចិញ្ចឹមក្នុងទ្រុងបិទជិត គ្មានខ្យល់ចេញ-ចូល ព្រមទាំងចៀសវាងផ្តល់ចំណីឱ្យព្រាប និងសត្វស្លាបផ្សេងទៀត ពីព្រោះលាមកសត្វស្លាបនឹងចម្លងជំងឺគ្រុនសេកមកមនុស្ស ។
គួរបញ្ជាក់ថា ជំងឺគ្រុនសេក (Psittacosis) ខុសគ្នាពីជំងឺគ្រុនផ្តាសាយបក្សី និងជំងឺកូវីដ-១៩ គឺជំងឺគ្រុនសេក បង្កឡើងដោយបាក់តេរីម្យ៉ាងនៅក្នុងលាមកសត្វស្លាប ជាពិសេស សេក និងព្រាប និងមានអត្រាស្លាប់ទាប ។ ក្រៅពីនេះ បាក់តេរីចម្លងជំងឺគ្រុនសេក ត្រូវបានរកឃើញក្នុងសត្វផ្សេងៗផងដែរ រួមមាន ៖ ឆ្កែ ឆ្មា ដោយចម្លងមកមនុស្សតាមរយៈការដកដង្ហើម ហើយអ្នកឆ្លងឆ្លងជំងឺនេះច្រើន រួមមាន ៖ ពេទ្យសត្វ អ្នកចិញ្ចឹមសត្វស្លាប និងអ្នកផ្តល់ចំណីឱ្យសត្វស្លាប ។.jpg)
អ្នកកើតជំងឺគ្រុនសេក នឹងមានអាការៈក្តៅខ្លួនបន្តិច រងាញាក់ ឈឺក្បាល ឈឺសាច់ដុំ និងក្អកស្ងួត ហើយបង្ហាញអាការៈបន្ទាប់ពីឆ្លងជំងឺនេះចាប់ពី៥ថ្ងៃ ទៅ១៤ថ្ងៃ ។ រីឯអ្នកជំងឺមានអាការៈធ្ងន់ធ្ងរឈានទៅបាត់បង់ជីវិត ភាគច្រើនជាមនុស្សចាស់ ឬអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ។
បច្ចុប្បន្ន មិនទាន់មានវ៉ាក់សាំងការពារជំងឺគ្រុនសេកទេ ប្រសិនបើធ្លាប់កើតជំងឺនេះ នឹងកើតម្តងទៀតនាថ្ងៃអនាគត ។ ហេតុនេះ ត្រូវនៅឱ្យឆ្ងាយពីសត្វស្លាប, ហាមប៉ះពាល់សត្វស្លាប និងលាងសម្អាតកន្លែងចិញ្ចឹមសត្វស្លាបជារៀងរាល់ថ្ងៃ, ប្រើប្រាស់ឧបករណ៍ការពារខ្លួន ដូចជា ៖ ពាក់ស្រោមដៃ និងពាក់ម៉ាស់ ពេលចាប់សត្វស្លាបឈឺ ៕.jpg)










