អ្នកគាំទ្រវិស័យ K-Pop មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅរសៀលថ្ងៃទី២៩ ខែមករា នេះបន្ទាប់ពីតារាចម្រៀង Ahyeon សមាជិកក្រុមចម្រៀង BABYMONSTER លេងបទចម្រៀង «Pop out» របស់ N.John។

នៅលើគណនីទិកតុកផ្លូវការរបស់ BABYMONSTER ដែលមានអ្នកតាមដាន១១.២លាននាក់ គេបានឃើញ Ahyeon សមាជិកដែលល្បីជាងគេនៅក្នុងក្រុមបានបញ្ចេញក្បាច់រាំនៃបទចម្រៀង «Pop out» របស់ N.John យ៉ាងគួរឱ្យស្រលាញ់។ បន្ទាប់ពីបានឃើញ Ahyeon រាំបទចម្រៀងរបស់កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ បែបនេះហើយអ្នកគាំទ្រកម្ពុជាជាច្រើនជាពិសេសគឺអ្នកគាំទ្រវិស័យ K-Pop បានចូលទៅខម្មិនបង្ហាញការស្រលាញ់និងមានភាពភ្ញាក់ផ្អើលមកជាមួយ។
តាមការកត់សម្គាល់របស់អ្នកគាំទ្រនេះគឺជាលើកពីរហើយដែលអ្នកគាំទ្របានឃើញតារា Kpop ល្បីឈ្មោះបានលេងបទចម្រៀងរបស់សិល្បករខ្មែរ។ ក្រៅពី Ahyeon កាលពីឆ្នាំ២០២២ ក្រុម TREASURE ដែលត្រៀមមកសម្តែងនៅកម្ពុជាខាងមុខនេះក៏ធ្លាប់លេងបទ «ប៉ាក់ពុងវ៉ុង» របស់លោក ងួន សុបិន ផងដែរ។

បន្ទាប់ពីសមាជិក BABYMONSTER លេងបទចម្រៀង N.John ទស្សនិកជនជឿថាបទចម្រៀង «Pop out» នឹងកាន់តែល្បីសុះសាយជាងមុនទៅទៀតពីព្រោះតារាចម្រៀងរូបនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងអាជីពkpop ជំនាន់ថ្មី។.png)
«Pop out» ជាបទនៅក្នុងអាល់ប៊ុម LA LA LAND ដែលបានចេញជាផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការដែល Ahyeon លេងបទរបស់ N.John គេជឿថាអ្នកមួយចំនួននឹងផ្លាស់ប្តូរគោលជំហរវិញបន្ទាប់ពីការតស៊ូរបស់ N.John ចាប់ផ្តើមហុចផលមកបណ្តើរៗហើយ៕










