ដ្បិតថាស្ថានភាពបច្ចុប្បន្នមានភាពធូរស្រាលចំណែកឯជនភៀសសឹកជាច្រើនម៉ឺននាក់បានទៅលំនៅឋានវិញប៉ុន្តែជនភៀសសឹកជាច្រើនម៉ឺននាក់ទៀតនៅតែបន្តស្នាក់នៅជំរំដដែល។ ជាមួយនឹងស្ថានភាពនេះ Influencer ជា ស្រីនា បន្តអំពាវនាវឱ្យមហាគ្រួសារខ្មែរជួយជាស្បៀងខណៈនៅ Eat More នៅបន្តទទួលជំនួយដដែល។
នៅរសៀលថ្ងៃទី៩ ខែមករា ជា ស្រីនា បានបង្ហោះវីដេអូមួយដែលនាងកំពុងតែស្ថិតនៅទីតាំងផ្ទាល់របស់បងប្អូនជនភៀសសឹក។ ស្រីនា បានភ្ជាប់មកជាមួយនឹងខ្លឹមសារថា «ទោះស្ថានការណ៍ស្ងប់ស្ងាត់ជាងមុន តែជំនួយនៅតែត្រូវការ បងប្អូនយើងជាច្រើនអត់ទាន់បានទៅផ្ទះទេ សម្រាប់បងប្អូនចង់ផ្តល់ជំនួយអាចយកទៅដាក់នៅ Eat More បាន»។
នៅក្នុងវីដេអូនេះដែរប្រពន្ធរបស់ ហេង វិសាល បាននិយាយថា Eat More នៅតែបើកទទួលជំនួយដដែលខណៈដែលនាងបានមកចែកអំណោយផ្ទាល់ទៅដល់បងប្អូនជនភៀសសឹក។ ទោះបីជាពេលនេះមានបទឈប់បាញ់គ្នាក៏ដោយ ស្រីនា បានបញ្ជាក់ថាជំនួយនៅតែត្រូវការដោយបងប្អូនភៀសសឹកនៅតែត្រូវការដដែលពីព្រោះពួកគាត់ពុំទាន់បានទៅផ្ទះវិញនៅឡើយទេ។ ស្រីនា បានបញ្ជាក់ថាពេលនេះ Eat More ពុំសូវមានជំនួយនោះទេ ហើយក៏មិនបានបិទដែរដូច្នេះសប្បុរជនអាចបន្តជួយជាបន្តទៀតបាន។
បើតាមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានបង្ហាញពីរបាយការណ៍របស់ក្រសួងមហាផ្ទៃ គិតពីម៉ោង៦ព្រឹកថ្ងៃទី៨ ដល់ម៉ោង៦ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦មានពលរដ្ឋភៀសសឹក៥ ៧៨៧នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៤សែន៧ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១៧៣ ១០៧នាក់ ក្នុងនោះស្រី្តមាន ៩០ ៧៩៥នាក់ និងកុមារ៥៦ ៧៥៧នាក់៕










