ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយទៅកាន់សារព័ត៌មានអំពីអាមេរិកចង់គ្រប់គ្រងកោះហ្គ្រីនឡែន (Greenland) ដែលពិភពលោកកំពុងចាប់អារម្មណ៍ខ្លាំងនាពេលនេះ ក្នុងពេលលោកពិភាក្សាជាមួយនាយកប្រតិបត្តិក្រុមហ៊ុនប្រេងឥន្ធនៈអាមេរិកនៅសេតវិមានកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ថា អាមេរិកចាំបាច់ត្រូវតែគ្រប់គ្រងកោះហ្គ្រីនឡែន ដើម្បីការពារមិនឱ្យរុស្ស៊ី និងចិន គ្រប់គ្រងនាថ្ងៃអនាគត ។ បើការចរចាទិញកោះមិនជោគជ័យ អាមេរិកនឹងប្រើប្រាស់កម្លាំងទ័ពកាន់កាប់តែម្តង ទោះជារងការរិះគ.ន់ពីពិភពលោកក្តី ។
អាមេរិកត្រូវតែធ្វើអ្វីម្យ៉ាងជាមួយកោះហ្គ្រីនឡែន មិនថាពួកគេយល់ព្រមឬក៏អត់ ពីព្រោះបើអាមេរិកមិនគ្រប់គ្រងកោះនេះទេ រុស្ស៊ី និងចិន នឹងគ្រប់គ្រងនាថ្ងៃអនាគត ។ យើងមិនយល់ព្រមឱ្យរុស្ស៊ី និងចិន មកធ្វើជាប្រទេសជិតខាងរបស់អាមេរិកទេ ។ នេះបើតាមការលើកឡើងរបស់លោកប្រធានាធិបតី Trump ។
លោកបន្តថា អាមេរិកត្រូវតែគ្រប់គ្រងកោះហ្គ្រីនឡែនឱ្យបាន ទោះជាអាមេរិកមានកងទ័ពប្រចាំការនៅកោះនេះក្រោមកិច្ចព្រមព្រៀងកាលពីឆ្នាំ១៩៥១ ក្តី ប៉ុន្តែកិច្ចព្រមព្រៀងមិនទាន់គ្រប់គ្រាន់ដើម្បីការពារកោះទេ ។ អាមេរិកនឹងធ្វើជាម្ចាស់កម្មសិទ្ធិ មិនមែនគ្រាន់តែបញ្ជូនកងទ័ពទៅការពារកោះ បើអាមេរិកមិនធ្វើបែបនេះ រុស្ស៊ី និងចិន នឹងក្លាយជាម្ចាស់កម្មសិទ្ធិមិនខាន ។
លោកបានពិភាក្សាជាមួយមន្ត្រីសេតវិមានដើម្បីរកគ្រប់វិធីគ្រប់គ្រងកោះហ្គ្រីនឡែន គឺជាដែនដីគ្រប់គ្រងដោយខ្លួនឯងផង និងគ្រប់គ្រងដោយដាណឺម៉ាកផង ដែលមានពលរដ្ឋរស់នៅប្រមាណ ៥ម៉ឺន ៧ពាន់នាក់ ឱ្យស្ថិតក្រោមការដឹកនាំរបស់អាមេរិក ។ អាមេរិកអាចនឹងប្រើប្រាស់កម្លាំងទ័ពបញ្ចូលកោះក្នុងទឹកដីអាមេរិក និងផ្តល់ប្រាក់យ៉ាងច្រើនឱ្យពលរដ្ឋហ្គ្រីនឡែន គឺចាប់ពី១ម៉ឺនដុល្លារ ទៅ១០ម៉ឺនដុល្លារក្នុងម្នាក់ ដើម្បីបញ្ចុះបញ្ចូលពួកគេផ្តាច់ខ្លួនពីដាណឺម៉ាក ហើយមកនៅជាមួយអាមេរិកនាថ្ងៃអនាគត ។.png)
ចំណែកមេដឹកនាំដាណឺម៉ាក និងបណ្តាប្រទេសជាមិត្តនៅអឺរ៉ុបបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងកាលពីពេលថ្មីៗនេះចំពោះគោលជំហររបស់លោកប្រធាធិបតី Trump និងមន្ត្រីសេតវិមាន ដែលទាមទារគ្រប់គ្រងកោះហ្គ្រីនឡែន ខណៈអាមេរិក និងដាណឺម៉ាក គឺជាសម្ព័ន្ធមិត្តក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលមានកិច្ចព្រមព្រៀងការពារកោះរួមគ្នា ។
កាលពីថ្ងៃទី៦ ខែមករា ប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ អេស្ប៉ាញ អង់គ្លេស និងដាណឺម៉ាក បានចេញសេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា មានតែពលរដ្ឋហ្គ្រីនឡែន និងដាណឺម៉ាកប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចចិត្តពីទំនាក់ទំនងរវាងគ្នា ។
គួរបញ្ជាក់ថា ហ្គ្រីនឡែន គឺជាកោះដ៏ធំបំផុតនៅលើពិភពលោក ដែលសម្បូរទៅដោយធនធានធម្មជាតិយ៉ាងច្រើន ជាពិសេស រ៉ែកម្រ ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ ហើយសហរដ្ឋអាមេរិកចាត់ទុកកោះនេះជាទីតាំងយុទ្ធសាស្ត្រដ៏ល្អសម្រាប់ដំឡើងរ៉ាដាតាមដានសកម្មភាពមហាអំណាចរុស្ស៊ី និងចិន ។
អាមេរិកធ្លាប់ទិញអាឡាស្កាពីរុស្ស៊ីកាលពីឆ្នាំ១៨៦៧ ក្នុងតម្លៃត្រឹមតែ ៧លាន ២សែនដុល្លារប៉ុណ្ណោះ ដែលត្រូវប្រទេសនានាសើចចំអកអាមេរិកទិញអាឡាសា្កជាដែនទឹកកក ។ ប៉ុន្តែបច្ចុប្បន្ន អាឡាស្កាក្លាយជាដែនទឹកកកមានប្រេង មាស និងទីតាំងឈរជើងកងទ័ពអាមេរិក ហើយនេះអាចជាមូលហេតុធ្វើឱ្យលោក Trump សុខចិត្តធ្វើគ្រប់យ៉ាងដើម្បីទទួលបានហ្គ្រីនឡែនជាដែនទឹកកកធំជាងអាឡាស្កា ។.png)
អាមេរិក រុស្ស៊ី និងចិន ចាត់ទុកហ្គ្រីនឡែនជាទីតាំងយុទ្ធសាស្ត្រតំបន់អាកទិកដ៏សំខាន់ ពីព្រោះពេលផ្ទាំងទឹកកករលាយនឹងបង្កើតជាផ្លូវដឹកជញ្ជូនទំនិញឆ្លងកាត់តំបន់អាកទិក ដែលជួយឱ្យការដឹកទំនិញរវាងតំបន់អាស៊ី និងអឺរ៉ុបងាយស្រួលជាងមុន មិនចាំបាច់ឆ្លងកាត់ព្រែកជីកស៊ុយអេ ឬប្រឡាយប៉ាណាម៉ា ។ ម្យ៉ាងទៀត ហ្គ្រីនឡែនជាផ្លូវហោះហើរជុំវិញពិភពលោក ទើបក្លាយជាទីតាំងឈរជើងកងទ័ព និងទីតាំងប្រកាសអាសន្នពីមីស៊ីលចម្ងាយឆ្ងាយ ៕










